សហភាព​អឺរ៉ុប​ជំ​រុញឱ្យ​រុស្ស៊ី អ៊ីរ៉ង់ តួ​ក​គី ជួយ​បញ្ឈប់​ការប្រយុទ្ធ​គ្នា​នៅ​ស៊ី​រី ឱ្យ​ដូច​ពាក្យ​ដែល​បាន​សន្យា​

928
ចែករម្លែក

​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​ទី​២៥​មេសា​បាន​អំពាវនាវ​ឱ្យ​ប្រទេស​រុស្ស៊ី អ៊ីរ៉ង់ និង​តួ​ក​គី ធានា​ឱ្យបាន​នូវ​ការបញ្ឈប់​ការប្រយុទ្ធ​គ្នា​នៅក្នុង​ប្រទេស​ស៊ី​រី ខណៈដែល​ម្ចាស់ជំនួយ​អន្តរជាតិ​បាន​ជួបជុំគ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​ដើម្បី​បង្កើន​ជំនួយ​សម្រាប់​ប្រទេស​ហែកហួរ​ដោយ​ជម្លោះ​មួយ​នេះ​។​

​ប្រមុខ​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប លោកស្រី ហ្វេ​ដេ​រី​កា ម៉ូ​ហ្គឺ​រី​នី និយាយថា ប្រទេស​ទាំង ៣ មាន “​ការទទួលខុសត្រូវ​ពិសេស​” ក្នុងការ​បង្កើត​បទ​ឈប់​បាញ់​គ្នា និង ដាក់​គំនាប​លើ​ប្រធានាធិបតី បា​សា អាល់​អាសាត ឱ្យ​វិលត្រឡប់​មកកាន់​តុ​ចរចា​វិញ​។​

​លោកស្រី ម៉ូ​ហ្គឺ​រី​នី បាន​និយាយថា “​យើង​កំពុង​មើលឃើញ​ការរីក​រាលដាល​សកម្ម​ភាព​យោធា ដែល​ផ្ទុយ​ពីអ្វី​ដែល​ពួកគេ​បាន​សន្យា​”​។​

​ប្រទេស អង្គការ និង​ដៃគូ​គាំទ្រ​ប្រទេស​ស៊ី​រី​ចំនួន​ជាង ៨០ កំពុង​ចូលរួម​ក្នុង​សន្និសីទ​ម្ចាស់ជំនួយ​។ សហភាព​អឺរ៉ុប​សង្ឃឹមថា​កិច្ចប្រជុំ​នេះ​នឹង​ផ្តល់​កម្លាំង​រុញ​ដល់​សន្តិភាព​ដែល​ជាប់គាំង ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​អ​.​ស​.​ប ក្រៅពី​ការប្រមូលប្រាក់​រាប់ពាន់​លាន​ដុល្លារ​នៅក្នុង​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រទេស​ស៊ី​រី​និង​សម្រាប់​ប្រទេសជិតខាង​ដូចជា​លី​បង់​និង​ហ្ស៊​កដា​នី​ដែល​កំពុង​តស៊ូ​ដើម្បី​ដោះស្រាយ​ជនភៀសខ្លួន​រាប់លាន​នាក់​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាល្លឺម៉ង់ លោក ហី​កូ ម៉ា​អាស បាន​និយាយថា ប្រទេស​របស់លោក​នឹង​ផ្តល់​ថវិកា​ថ្មី​ចំនួន ១ ពាន់​លាន​អឺរ៉ូ សម្រាប់​ឆ្នាំ ២០១៨ និង​ឆ្នាំ​ជា​បន្តបន្ទាប់​ទៀត​។​

​សហភាព​អឺរ៉ុប​រួមជាមួយ​ដៃគូ​ជាច្រើន​ទៀត​បាន​បដិសេធ​ជួយ​យ៉ាងសកម្ម​ក្នុងការ​ស្ថាបនា​ឡើងវិញ​នៅក្នុង​ប្រទេស​ស៊ី​រី​រហូត​ដល់ពេល​មានការ​ផ្លាស់ប្តូរ​ដោយ​សន្តិភាព​ពិតប្រាកដ​មួយ​ដើម្បី​បញ្ចប់​ជម្លោះ ដែល​ឥឡូវនេះ​ឈានចូល​ឆ្នាំ​ទី ៨​។​

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​របស់​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ជី​ហ្សូ​វ និយាយថា “​វា​គឺជា​ពេលវេលា​សមស្រប​…​ដែល​សហគមន៍​អន្តរជាតិ​ត្រូវធ្វើ​ការសម្រេចចិត្ត​យ៉ាង​ក្លៀវក្លា​ដើម្បី​ជួយ​ប្រទេស​ស៊ី​រី​និង​ប្រជាជន​របស់ខ្លួន​ឱ្យ​ត្រឡប់មក​ជួបជុំគ្នា​វិញ​”​។​

​នាយករដ្ឋមន្ត្រី​លី​បង់​លោក សា​អាដ ហារី​រី ដែល​ប្រឈមមុខ​នឹង​ការបោះឆ្នោត​ក្នុង​រយៈពេល ២ សប្តាហ៍​ទៀត​នោះ បាន​និយាយថា ស្ថានភាព​របស់​ស៊ី​រី​កាន់តែ​អាក្រក់​ទៅៗ​។​

​លោក​និយាយថា “​ការពិត​ដ៏​ល្វីង​ជូរចត់​គឺថា ទោះបី​ជាមាន​កិច្ចប្រឹងប្រែង​រួមគ្នា​ទាំងអស់​របស់​យើង​ក៏ដោយ ក៏​ស្ថានភាព​នៅតែ​ធ្លាក់ចុះ​ដុនដាប​។ លី​បង់​នៅតែ​បន្ត​ជា​ជំរំ​ជនភៀសខ្លួន​ដ៏​ធំ​ដដែល​”៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​លី​បង់​លោក សា​អាដ ហារី​រី (​កណ្តាល​ខាងស្តាំ​) កំពុង​ជជែក​ជាមួយ ប្រមុខ​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប លោកស្រី ហ្វេ​ដេ​រី​កា ម៉ូ​ហ្គឺ​រី​នី