សហភាព​អឺរ៉ុប​នៅ​អង្គការ​សហប្រជាជាតិ​និយាយ​ថា​តំបន់​ហ្គោឡា​ន​មិនមែន​ជា​ទឹកដី​របស់​អ៊ីស្រាអែល​ទេ​

542
ចែករម្លែក
  • 43
    Shares

​ប្រទេស​អឺរ៉ុប​ចំនួន​៥​ដែល​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​ខែ​មីនា​បាន​បដិសេធ​សេចក្តីសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​​លោក ដូ​ណា​ល់ ត្រាំ ក្នុង​ការទទួលស្គាល់​តំបន់​ហ្គោឡា​ន​(Golan)​ជា​ទឹកដី​អ៊ីស្រាអែល​ហើយ​បាន​សម្តែង​ការព្រួយបារម្ភ​ថា ករណី​នេះ​អាច​មាន​ផលវិបាក​ធំធេង​។​

​ប្រទេស បែលហ្ស៊ិក អង់គ្លេស បារាំង អាល្លឺម៉ង់ និង​ប៉ូឡូញ​បានបញ្ជាក់​ថា​ជំហរ​របស់​អឺរ៉ុប​មិន​មាន​ការផ្លាស់ប្តូរ ហើយ​ថា​តំបន់​ហ្គោឡា​ន​នៅតែ​ជា​ទឹកដី​ស៊ី​រី ដែល​កាន់កាប់​ដោយ​​អ៊ីស្រាអែល​។​

​ឯកអគ្គរដ្ឋទូត​បែលហ្ស៊ិក​បាន​និយាយប្រាប់​ក្រុម អ្នកយកព័ត៌មាន​ថា “​យើង​មិន​ទទួលស្គាល់​អធិបតេយ្យភាព​របស់​អ៊ីស្រាអែល​លើ​ទឹកដី​ដែល​កាន់កាប់​ដោយ​អ៊ី​ស្រា​អ៊ែល​ចាប់តាំងពី​​ខែ​មិថុនា​ឆ្នាំ​១៩៦៧ ដោយ​រួមទាំង​តំបន់​ហ្គោឡា​នហើយ យើង​មិន​ចាត់ទុក​ទឹកដី​តំបន់​នោះ​ជា​ផ្នែក​នៃ​ទឹកដី​នៃ​រដ្ឋ​អ៊ីស្រាអែល​នោះទេ​” ។​

​ឯកអគ្គរដ្ឋទូត​បែលហ្ស៊ិក ដែលមាន ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ទាំង​៤​ឈរ​នៅក្បែរ​ខ្លួន​លោក​នោះ​បាន​និយាយថា “​យើង​បាន​លើកឡើង​អំពី​កង្វល់​យ៉ាង​ខ្លាំង​របស់​យើង​អំពី​​ផលវិបាក​ធំធេង​ឡើង​នៃ​ការទទួលស្គាល់​ការដាក់​បញ្ជូល​ទឹកដី​តំបន់​នោះ​ទៅ​ខាង​អ៊ីស្រាអែល​ដោយ​ខុសច្បាប់​និង​អំពី​ផលវិបាក​ធំ​ឡើង​ក្នុង​តំបន់​” ។​

​សេចក្តីសម្រេចចិត្ត​៣​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​ដកខ្លួន​ចេញពី​តំបន់​ហ្គោឡា​ន​ដែល​ខ្លួន​បាន​ដណ្តើម​កាន់កាប់​ពី​ប្រទេស​ស៊ី​រី​ក្នុង​​សង្គ្រាម​៦​ថ្ងៃ​ឆ្នាំ​១៩៦៧​និង​បាន​បញ្ចូល​ទឹកដី​តំបន់​ទៅ​ជា​ផ្នែក​មួយ​របស់​ខ្លួន​ក្នុង​ឆ្នាំ​១៩៨១ នៅក្នុង​ទង្វើ​មួយ​ដែល​មិន​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នោះទេ​៕ដោយ៖សុខា/sn

សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​ជួបប្រជុំ​ក្នុងអំឡុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ញូវយ៉ក​