សហភាព​អឺរ៉ុប​ប្តេជ្ញា​ជួយ​កូ​ឡុំ​ប៊ី​ដោះស្រាយ​វិបត្តិ​ជនអន្តោប្រវេសន៍​ពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

457
ចែករម្លែក

​សហភាព​អឺរ៉ុប​ប្តេជ្ញា​ជួយ​កូ​ឡុំ​ប៊ី​ឆ្លើយតប​នឹង​លំហូរ​ជនជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដ៏​ច្រើន​សម្បើម ដែល​ភៀសខ្លួន​ចេញពី​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​របស់​ប្រទេស​ពួកគេ​។​

​ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប លោកស្រី ហ្វេ​ដេ​រី​កា ម៉ូ​ហ្គើ​រី​នី បាន​សន្យា​ផ្តល់ប្រាក់​ចំនួន ៣០ លាន​អឺរ៉ូ (៣៣,២ លាន​ដុល្លារ​) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​កញ្ញា​ដើម្បី​ជួយ​កូ​ឡុំ​ប៊ី​កំណត់​អត្តសញ្ញាណ​ជនអន្តោប្រវេសន៍​វ៉េ​ណេ​ស៊ុយ​អេ​ឡា​និង​ធ្វើ​សមាហរណកម្ម​ពួកគេ​ទៅក្នុង​សង្គម​។​

​លោកស្រី​បាន​ហៅ​ការឆ្លើយតប​របស់​កូ​ឡុំ​ប៊ី​ចំពោះ​លំហូរ​ចូល​នេះ​ថា​ជា “​គំរូ​មួយ​សម្រាប់​តំបន់​និង​ពិភពលោក​ទាំងមូល​” ប៉ុន្តែ​លោកស្រី​បាន​និយាយថា​ជំនួយ​អន្តរជាតិ​គឺ​ត្រូវការ​ចាំបាច់​។​

​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជិត ១,៥ លាន​នាក់​បានមក​ដល់​កូ​ឡុំ​ប៊ី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​ភាគច្រើន​បាន​ចូល​ដោយ​ខុសច្បាប់​និង​ព្យាយាម​ស្វែងរក​ការងារ​ធ្វើ​។​

​លោកស្រី​ម៉ូ​ហ្គើ​រី​នី​ក៏បាន​និយាយ​ផងដែរ​ថា​សហភាព​អឺរ៉ុប​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការជួយ​កូ​ឡុំ​ប៊ី​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិ​ភាពជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ជាមួយ​ក្រុម​ឧទ្ទាម​ឆ្វេងនិយម​ហើយ​លោកស្រី​បានប្រកាស​មូលនិធិ​ថ្មី​ដើម្បី​ជំរុញ​ប្រព័ន្ធយុត្តិធម៌​អន្តរកាល​របស់​កូ​ឡុំ​ប៊ី​ខណៈ​ខ្លួន​ព្យាយាម​បកអាក្រាត​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​ម៉ូ​ហ្គើ​រី​នី​ថ្លែង​អំឡុង​សេចក្តី​ការណ៍​រួមជាមួយ​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​លោក អ៊ី​វ៉ាន់ ឌូ​កេ ក្នុង​ទីក្រុង​បូ​ហ្គោ​តា ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍