សហភាព​អឺរ៉ុប​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា​ជិត​៥០០​លាន​ដុល្លារ​

806
ចែករម្លែក

​ដោយៈ សុផល​/​ភ្នំពេញៈ​ជំនួយ​អភិវឌ្ឍន៍ ដែល​សហភាព​អឺរ៉ុប​ផ្តល់​ដល់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​ចំនួន​សរុប ៤១០ លាន​អឺរ៉ូ​ក្នុង​រូប​ភាពជា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ពី​ឆ្នាំ ២០១៤​និង​២០២០(​ប្រមាណ​៤៥៧,៣​លាន​ដុល្លារ​)​និង​ថវិកា​ជាច្រើន​ផ្សេងទៀត​ក្នុង​ខ្ទង់​ថវិកា​តាម​វិស័យ​។​នេះ​បើតាម​លោក អេ​ដ​ហ្គា ដា​វីដ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។​
​ ​
​យុទ្ធសាស្ត្រ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​របស់​អឺរ៉ុប​សម្រាប់​ប្រទេស​កម្ពុជា​២០១៤-២០១៨ ដាក់ចេញ​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​រួមគ្នា សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​របស់​ដៃគូ​អឺរ៉ុប ក្នុងប្រទេស​កម្ពុជា និង​គូសបញ្ជាក់​សារជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់​ដៃគូ​ទាំងនេះ ក្នុងការ​គាំទ្រ និង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រទេស​កម្ពុជា​ដូចដែល​ត្រូវបាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​ឯកអគ្គរដ្ឋទូត​នៅក្នុងពេល​ចុះ​ពិនិត្យ​គម្រោង​នានា​នៅ​ខេត្តព្រៃវែង​និង​ស្វាយរៀង​នា​ថ្ងៃទី​៦​ដល់​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨ បានឱ្យដឹងថា​៖​សហភាព​អឺរ៉ុប មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជា​យូរ​មកហើយ ជាមួយនឹង​ប្រទេស​កម្ពុជា ចាប់ពី​ការគាំទ្រ​ដល់​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​សារគមនាគមន៍​ឡើងវិញ ការបង្កើន​ផលិតកម្ម​កសិកម្ម ការធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន និង​ការដោះមីន​រាប់លាន​គ្រាប់​ក្នុង​ទស្សវត្សរ៍​១៩៩០​រហូតដល់​ការអនុវត្ត​កម្មវិធី​ផ្តល់ជំនួយ​អភិវឌ្ឍន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​សហភាព​អឺរ៉ុប បាន​ជួយ​ប្រទេស​កម្ពុជា ក្នុង​ការកសាង​អនាគត​កាន់តែ​ត្រចះត្រចង់ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​នេះ​គឺ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​សហភាព​អឺរ៉ុប និង​កម្ពុជា ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​១៩៩៧​។

កិច្ចប្រជុំ​ត្រូវបាន​រៀបចំឡើង រៀងរាល់​ពីរ​ឆ្នាំ​ម្តង ដោយ​គណៈកម្មាធិការ​ចម្រុះ ដែលជា​ឱកាស​ដើម្បីឱ្យ​សហភាព​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា ដាក់ចេញ​នូវ​គោលដៅ​រួមគ្នា ស្របតាម​អាទិភាព​ដែល​បាន​ឯកភាពគ្នា និង​រឹតចំណង​ភាពជា​ដៃគូ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។

លោក​បាន​បន្ថែមថា​កាលពី​ឆ្នាំមុន សហភាព​អឺរ៉ុប និង​កម្ពុជា បាន​ប្រារព្ធ​ខួប​លើក​ទី ២០ នៃ​ភាពជា​ដៃគូ​របស់ខ្លួន​។ ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ដែល​បានចាប់ផ្តើម​កាលពីដើម​ទសវត្សរ៍ ១៩៩០ មាន​វឌ្ឍនភាព​យ៉ាងច្រើន ចាប់តាំងពី​ការបើក​ការិយាល័យ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ទីក្រុង​ភ្នំពេញ កាលពីដើម​ទសវត្សរ៍ ២០០០ កន្លងមក ។

ក្នុងប្រទេស​កម្ពុជា គម្រោង​ផ្តួចផ្តើម ក្នុង​វិស័យ​ផ្សេងៗ ដែល​ទទួលបាន​ថវិកា​គាំទ្រ​ពី​សហភាព​អឺរ៉ុប ចាប់ពី​វិស័យ​អប់រំ និង​កសិកម្ម រហូតដល់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ការ​ផ្តល់ជំនួយ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម បានផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ កម្ពុជា​រាប់លាន​នាក់​។

សហភាព​អឺរ៉ុប បាន​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កម្ពុជា​ក្នុង​ដំណើរ​ឆ្ពោះទៅ​សម្រេច ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​សមធម៌​តាមរយៈ​ជំនួយឥតសំណង ដែល​ត្រូវបាន​រៀបចំឡើង ដើម្បី​ជួយ​អនុវត្ត​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៖ ដោយ​កម្មវិធី​នានា​របស់​សហភាព​អឺរ៉ុប ត្រូវបាន​រៀបចំឡើង ស្របតាម អាទិភាព និង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​កម្ពុជា​។

​ចំណែក​ធំ​បំផុត​នៃ​ជំនួយ​ជា​ថវិកា​របស់​សហភាព​អឺរ៉ុប ត្រូវបាន​ផ្តល់ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រតិភូ​សហភាព​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា ដូចដែល​ត្រូវបាន​ដាក់ចេញ​ក្នុង​កម្មវិធី​ពហុ​ឆ្នាំ ២០១៤-២០២០ សម្រាប់​ប្រទេស​កម្ពុជា​។ លើសពីនេះ ដោយ​ទទួលស្គាល់ថា​អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី​សំខាន់ ក្នុងនាម​ជា​តួអង្គ​ក្នុង​កិច្ចអភិវឌ្ឍន៍ សហភាព​អឺរ៉ុប​ក៏​ផ្តល់​ការគាំទ្រ​ដល់​ការអនុវត្ត​ការងារ​របស់​តួអង្គ​ជាច្រើន ដែលមាន​តួនាទី​ក្នុងការ​អភិវឌ្ឍ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​៕S/

ចំណងជើង​រូបថត​៖ សហភាព​អឺរ៉ុប​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា​ជិត​៥០០​លាន​ដុល្លារ​សម្រាប់ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ពី​ឆ្នាំ ២០១៤-២០២០(​រូបៈ​សុផល​)