សហភាព​អឺរ៉ុប​យក​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ត្រាំ​មក​ពិភាក្សា​នៅ​ចិន​និង​ជប៉ុន​

932
ចែករម្លែក

​ក្រុមមន្ត្រី​ជាន់ខ្ពស់​រប​ស់​សហភាព​អឺរ៉ុប​នឹង​ជួប​មេដឹកនាំ​ចិន​និង​ជប៉ុន​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​បង្កើន​ចំណងទាក់ទង​ក្នុងពេល​ប្រឈម​នឹង​ការភ័យខ្លាច​ថា​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​នឹង​បង្ក​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក​មួយ​ទំហឹង​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​លោក ដូ​ណា​ល់ ថាស និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ហ្ស​ង់​ក្លោដ ចាំង​ឃើ គឺ​រួមបញ្ចូល​ទាំង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ជប៉ុន ដែល​ត្រូវបាន​លើក​ពី​ទីក្រុង​ព្រុ​ច​សែ​ល​កាលពី​សប្តាហ៍​មុន ដោយសារតែ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន ហ្សូ​អា​បេ កំពុង​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ដ៏​សាហាវ​នៅក្នុង​ស្រុក​។​

​ដំណើរ​ទស្សនកិច្ច​នៅ​ទ្វីបអាស៊ី​របស់​ពួកគេ​គឺធ្វើឡើង ខណៈដែល​សហភាព​អឺរ៉ុប ដែលមាន​ប្រទេស​សមាជិក​ចំនួន ២៨ ប្រជាជន ៥០០ លាន​នាក់​និង​ជាទី​ផ្សារ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក បាន​ព្យាយាម​បង្កើត​សម្ព័ន្ធភាព​ក្នុងពេល​កំពុង​ប្រឈម​នឹង​ការ​គាំពារ​និយម​របស់​រដ្ឋបាល​ត្រាំ​។​

​អ្នកនាំពាក្យ​គណៈកម្មការ​អឺរ៉ុប​លោក ម៉ា​ហ្គា​រី​ទី​ស ស៊ី​ណាស បាន​និយាយថា កិច្ចព្រមព្រៀង “​ជា​ប្រវត្តិសាស្ត្រ​” របស់​ជប៉ុន​គឺជា “​កិច្ចព្រមព្រៀង​ធំ​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុន​ដោយ​សហភាព​អឺរ៉ុប​”​។​

​លោក​ស៊ីណា​សបាន​បន្ថែមថា “​កិច្ចព្រមព្រៀង​នេះ​នឹង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ដែល​គ្របដណ្ដប់​ជិត​១​ភាគ​៣​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​”​។​

​ក្នុងប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​ក្រោយ មេដឹកនាំ​ទាំង​២​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង និង នាយករដ្ឋមន្ត្រី លោក លី កេ​ឈាំ​ង ដើម្បី​ពិភាក្សា​ពី​ភាព​តានតឹង​រួមគ្នា​របស់​ពួកគេ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​ថ្មីៗ​នេះ​បានប្រកាស​វាយ​ពន្ធ​ថ្មី​លើ​ទំនិញ​របស់​អាមេរិក​ដើម្បី​សងសឹក​ចំពោះ​វិធាន​ការដែល​បានដាក់​ចេញ​ដោយ​ត្រាំ​។​

​ពួកគេ​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ជាក់​ជាថ្មី​នូវ​ការគាំទ្រ​របស់ខ្លួន​ចំពោះ​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់​ដែល​រួមមាន​ទាំង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ប្រឈម​នឹង​ការរិះគន់​មិន​ធ្លាប់មាន​ពី​សំណាក់​រដ្ឋបាល​ត្រាំ​។​

​លោក​ស៊ីណា​សបាន​និយាយថា ក្រុម​មេដឹកនាំ​ក៏​នឹង​ពិភាក្សា​ពី​ការប្រែប្រួល​អាកាសធាតុ​ផងដែរ ជា​ប្រធានបទ​មួយទៀត​ដែល​សហភាព​អឺរ៉ុប​មិន​យល់ស្រប​ជាមួយ​លោក​ត្រាំ បន្ទាប់ពី​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​និង​បញ្ហា​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​និង​អ៊ីរ៉ង់​៕ ដោយ៖ កញ្ញាដាលីស

ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​លោក ដូ​ណា​ល់ ថាស (​ឆ្វេង​) និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ហ្ស​ង់​ក្លោដ ចាំង​ឃើ មាន​ប្រធានបទ​ជាច្រើន​អំពី​លោក​ត្រាំ​សម្រាប់​ពិភាក្សា​នៅ​អាស៊ី