សហភាព​អឺរ៉ុប​វាយ​ពន្ធ​លើ​សហរដ្ឋអាមេរិក ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​ផ្ទុះឡើង​

530

​សហភាព​អឺរ៉ុប​បាន​វាយ​ពន្ធ​សងសឹក​លើ​ផលិតផល​ល្បីៗ​របស់​អាមេរិក​ដូចជា​ស្រា ខោ​ខូវប៊យ និង​ម៉ូតូ នៅ​ថ្ងៃ​សុក្រ​ទី​២២​មិថុនា​នេះ នៅក្នុង​ការបើកឆាករ​បស់​ខ្លួន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

​យោងតាម​ទិនានុប្បវត្តិ​ផ្លូវការ​របស់​សហភាព​អឺរ៉ុប ការ​វាយ​ពន្ធ ដែល​ចូល​ជាធរ​មាននៅ​ពាក់​កណ្តាលអធ្រាត្រ (​ឆ្លង​ពីថ្ងៃ​ព្រហស្បតិ៍​ចូល​ថ្ងៃ​សុក្រ​) នឹង​ធ្វើឱ្យប៉ះពាល់​បន្ថែម​ទៀត​ដល់ទី​ផ្សារភាគហ៊ុន​ពិភពលោក ដែលមាន​ការព្រួយបារម្ភ​រួចទៅហើយ​ដោយសារ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​។​

​ភ្នាក់ងារ​គយ​នៅ​ទូទាំង​ទីផ្សារ​ដ៏​ធំធេង​របស់​អឺរ៉ុប​ចំនួន ៥០០ លាន​នាក់​នឹង​ចាប់ផ្តើម​ធ្វើការ​វាយ​ពន្ធ ដែល​ធ្វើឱ្យ​ផលិតផល​អាមេរិក​ឡើងថ្លៃ​ខ្ពស់​នៅតាម​ផ្សារ​ទំនើប​និង​នៅ​ទូទាំង​រោងចក្រ​ទាំងអស់​។​

​ទីក្រុង​ព្រុ​ច​សែ​ល​បាន​វាយ​ពន្ធ​លើ​ផលិតផល​អាមេរិក​តម្លៃ ៣,៣ ពាន់​លាន​ដុល្លារ ក្នុងការ​សងសឹក​ត​ត​ប​វិញ​ចំពោះ​ការសម្រេចចិត្ត​របស់លោក​ត្រាំ​ក្នុងការ​វាយ​ពន្ធ​លើ​ការនាំចេញ​ដែកថែប​និង​អាលុយមីញ៉ូម​របស់​អឺរ៉ុប​។​

​លោកស្រី សេ​ស៊ី​ល​ឡា ម៉ា​ល់​ស្ត្រូ​ម ស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ប្លុក ២៨ ប្រទេស​នេះ “​គ្មាន​នៅសល់​ជម្រើស​អ្វី​ក្រៅពី​វាយ​ពន្ធ​របស់ខ្លួន​នោះឡើយ​” បន្ទាប់ពី​សេចក្តីសម្រេច​ជា​ឯកតោភាគី​និង​ដ៏​អយុត្តិធម៌​របស់​សហរ​ដ្ឋ​អាមេរិក​។​

​រួមគ្នា​ជាមួយនឹង​ការ​វាយ​ពន្ធ​របស់​អាមេរិក​លើ​ម៉ិ​ក​ស៊ិ​ក​និង​កាណាដា សមរភូមិ​ពាណិជ្ជកម្ម​បានលើកឡើង​ឱ្យឃើញ​ពី​ការផ្ទុះ​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​សកលលោក ដែល​ធ្វើឱ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​នានា​ភ័យខ្លាច​ថា​នឹងមាន​ផលវិបាក​ដ៏​ធំធេង​ចំពោះ​សេដ្ឋកិច្ចពិភពលោក​។​

​លោក រ៉ូបឺត បឺ​ក​គ្វី​ស ប្រធាន​សេដ្ឋវិទូ​ប្រចាំ SEB បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុង​បទ​សម្ភាស​មួយ​ថា “​យើង​កំពុងមាន​សង្គ្រាម​ពាណិជ្ជកម្ម ហើយ​វា​ជា​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​រីក​រាលដាល​”​។​

​គួររំលឹកថា ដំបូង​ទីក្រុង​ព្រុ​ច​សែ​ល​បាន​គូសវាស​បញ្ជី​វាយ​ពន្ធ​នេះ​ឡើង​កាលពី​ខែមីនា នៅពេលដែល​លោក​ត្រាំ​បាន​ដំឡើង​ពន្ធ​ចំនួន ២៥ ភាគរយ​លើ​ការ​នាំចូល​ដែកថែប និង ១០ ភាគរយ​លើ​អាលុយមីញ៉ូម ដែល​តម្រង់​គោលដៅ​ទៅលើ​កាណាដា ម៉ិ​ក​ស៊ិ​ក និង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ផ្សេងទៀត​ជាច្រើន​៕ ដោយ៖ កញ្ញាដាលីស

សហភាព​អឺរ៉ុប​វាយ​ពន្ធ​សងសឹក​លើ​ផលិតផល​ល្បីៗ​របស់​អាមេរិក​ដូចជា​ស្រា ខោ​ខូវប៊យ និង​ម៉ូតូ នៅ​ថ្ងៃ​សុក្រ​ទី​២២​មិថុនា​នេះ នៅក្នុង​ការបើកឆាករ​បស់​ខ្លួន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ