សហភាព​អឺរ៉ុប​ អនុម័ត​បម្រាម​លើ​ការប្រើ​ប្លា​ស្ទិ​ក​​ប្រើម្តងបោះចោល

382
ចែករម្លែក

​សមាជិកសភា​អឺរ៉ុប​បាន​បោះឆ្នោត​យ៉ាងច្រើន​លើសលប់​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មីនា​សម្រាប់​ការហាមឃាត់​ទូទាំង​សហភាព​អឺរ៉ុប​លើ​ផលិតផល​ប្លា​ស្ទិ​ក​ប្រើម្តងបោះចោល​ ដូចជា​ទុយោ​បឺត​ទឹក ស្លាបព្រា​ សម និង​ដង​ជ័រ​ត្បារ​ត្រចៀក ដែល​កំពុង​ចាក់ចោល​ពេញ​មហាសមុទ្រ​របស់​ពិភពលោក​។​

​បម្រាម​នេះ​ត្រូវបាន​អនុម័ត​រួចហើយ​នៅក្នុង​ការចរចា​ជាមួយ​រដ្ឋ​ជា​សមាជិក​និង​ក្រុមមន្ត្រី​សហភាព​អឺរ៉ុប ​ហើយ​ឥឡូវនេះ​វា​នឹងត្រូវ​អនុម័ត​យ៉ាង​ឆាប់រហ័ស​ទៅជា​ច្បាប់​។ បម្រាម​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ឆ្នាំ ២០២១​។​

​អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប ​លោក​ហ្វ្រា​ន់ ធី​ម​មឺ​មែន (Frans Timmermans) បាន​និយាយថា ​អឺរ៉ុប​មិនមែនជា​ប្រភព​នៃ​ការបំពុល​សំរាម​ប្លា​ស្ទិ​ក​ទេ ប៉ុន្តែ​ថា​វិធានការ​នេះ​គឺ​ដើម្បី​ត្រួសត្រាយ​ជា​គំរូ​ដល់​ពិភពលោក​។​

​លោក​បាន​និយាយថា “​បណ្តា​ប្រទេស​អាស៊ី​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​អ្វីដែល​យើង​កំពុង​ធ្វើ​។ ប្រទេស​នៅ​អាម៉េរិក​ឡាទីន​ក៏​ដូចគ្នា​ដែរ​។ ទោះបីជា​ចំណែក​នៃ​ការបំពុល​បរិស្ថាន​រប​ស់​យើង​មាន​កម្រិត ក៏ប៉ុន្តែ​ការផ្លាស់ប្តូរ​គំរូ​សេដ្ឋកិច្ច​របស់​យើង​មាន​ឥទ្ធិពល​ជាស​កល​”​។​

​ច្បាប់​នេះ​បានអនុម័ត​ដោយ​សំឡេង ៥៦០ ទល់នឹង ៣៥ នៅក្នុង​ការប្រជុំ​នៅ​ទីក្រុង​ស្ត្រា​ស​ស្បឺ​ក (Strasbourg)​។​

​ក្រៅពី​ការហាម​ប្រាម​ផលិតផល​​ប្រើម្តងបោះចោលជា​ច្រើន​ប្រភេទ សហភាព​អឺរ៉ុប​ក៏​នឹង​លើកទឹកចិត្ត​រដ្ឋ​ជា​សមាជិក​ឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​កញ្ចប់​វេច​ខ្ចប់​ប្លា​ស្ទិ​ក​និង​ណែនាំ​នូវ​ច្បាប់​ស្តីពី​ការដាក់​ស្លាក​សញ្ញា​យ៉ាង​តឹងរ៉ឹង​ផងដែរ​។​

​ច្បាប់​នេះ​កំណត់​ទិសដៅ​ថា​ ដប​ប្លា​ស្ទិ​ក​ចំនួន ៩០ ភាគរយ​នឹងត្រូវ​ប្រមូល​ដើម្បី​កែច្នៃ​ឡើងវិញ​នៅ​ឆ្នាំ ២០២៩ ហើយ​ថា​ដប​ប្លា​ស្ទិ​ក​ត្រូវតែ​ផលិត​ផ្សំ​ជាមួយ​សារធាតុ​អាច​កែច្នៃ​ឡើងវិញ​បាន​ចំនួន ២៥ ភាគរយ​នៅ​ឆ្នាំ ២០២៥ និង ៣០ ភាគរយ​នៅ​ឆ្នាំ ២០៣០៕ ដោយ៖ កញ្ញាដាលីស/Ha