សហភាព​អឺរ៉ុប ក្នុងឱកាស​ទិវា​អន្តរជាតិ​គាំទ្រ​ដល់​ជនរងគ្រោះ​ដោយសារ​អំពើ​ទារុណកម្ម

3561
Federica Mogherini

ដោយៈFederica Mogherini តាងនាម​ឱ្យ​សហភាព​អឺរ៉ុប
​ក្នុងឱកាស​នៃ​ទិវា​អន្តរជាតិ​គាំទ្រ​ដល់​ជនរងគ្រោះ​ដោយសារ​អំពើ​ទារុណកម្ម(២៦មិថុនា) សហភាព​អឺរ៉ុប​សូម​ធ្វើការ​គូសបញ្ជាក់​សាជាថ្មី​ម្តងទៀត ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​បំផុត​របស់ខ្លួន ចំពោះ​ការបង្ការ ថ្កោលទោស និង​លុបបំបាត់​រាល់​ទម្រង់​ទាំងអស់​នៃ​អំពើ​ទារុណកម្ម និង​អំពើ ឬ​ការដាក់ទណ្ឌកម្ម​ឃោ​ឃៅ អមនុស្សធម៌ ឬ​បន្ទាបបន្ថោក​ផ្សេង ទៀត​។

បើទោះបីជាការធ្វើ​ទារុណកម្ម​ត្រូវបាន​ហាមឃាត់​ដាច់ខាត ក្រោម​ក្របខណ្ឌ​ច្បាប់​អន្តរជាតិ​យ៉ាងណាក៏ដោយ ទារុណកម្ម​នៅតែ​ត្រូវបាន​គេ​បន្ត​អនុវត្ត ជុំវិញ​ពិភពលោក ក្នុង​រូប​ភាពជា​ករណី​ដាច់ដោយឡែកៗ ឬ​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ តាមរយៈ​ទម្រង់​ផ្សេងៗ​។ អំពើ​ទារុណកម្ម​អាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់គ្នា ដូចជា បុរស ស្ត្រី និង​កុមារ ជាដើម​។ អំពើ​ទារុណកម្ម គឺជា​បទល្មើស​មិនអាច​អត់ឱន​ឱ្យបាន ដែល​ទាមទារ​ឱ្យមាន​ការចោទប្រកាន់​ផ្តន្ទាទោស​ជន​ប្រព្រឹត្ត​ម្នាក់ៗ នៅ​ចំពោះ​ច្បាប់​។​

​យើង​នឹង​បន្ត​កៀរគរ​មធ្យោបាយ​ទាំងអស់​របស់​យើង ដើម្បី​ផ្តល់​ការការពារ ដល់​អ្នក​ដែល​បាន​និង​បន្ត​ទទួលរ​ការរំលោភ បំពាន​សិទ្ធិមនុស្ស​ដ៏​គួរឱ្យ​ស្អប់ខ្ពើម​មួយ​នេះ ហើយ​យើង​នៅតែ​ប្រកាន់​គោលជំហរ​គាំទ្រ​ដល់​មនុស្ស​ទាំងអស់ ដែលមាន​សេចក្តីក្លាហាន​ចេញមុខ​តតាំង​នឹង​បទល្មើស​នេះ តាមរយៈ​ការបង្កើន​ការយល់ដឹង ការចូល​រួមសហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ឬ​ការគាំទ្រ​ដល់​ជនរងគ្រោះ​។​

​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ទារុណកម្ម និង​ការ​ធ្វើបាប​ក្នុង​រូបភាព​ផ្សេងទៀត ត្រូវបាន​ដាក់ចេញ​ក្នុង​សន្ធិសញ្ញា និង​ធម្មនុញ្ញ​ស្តីពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សហភាព​អឺរ៉ុប និង​ជា​អាទិភាព​ដ៏​សំខាន់​មួយ​នៃ​ផែនការ​សកម្មភាព​រប​ស់​សហភាព​អឺរ៉ុប​ស្តីពី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ២០១៥-២០១៩​។​

​យើង​ប្រើប្រាស់​អភិក្រម​សកល​ដើម្បី​លុបបំបាត់​អំពើ​ទារុណកម្ម រួមមាន ការហាមឃាត់ ការបង្ការ ការប្រយុទ្ធ​ប្រឆាំងនឹង​និ​ទណ្ឌ​ភាព និង​ការផ្តល់​ដំណោះស្រាយ​ដល់​ជនរងគ្រោះ ដោយ​ប្រើប្រាស់​កិច្ចសន្ទនា​ស្តីពី​នយោបាយ និង​សិទ្ធិមនុស្ស​រួមគ្នា សកម្មភាព​បង្កើន​ការយល់ដឹង និង​ជំនួយ​ហិរញ្ញវត្ថុ ជា​អា​ដ៏​ឧបករណ៍​របស់​អឺរ៉ុប​ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ក៏ដូចជា​គោលនយោបាយ​ផ្តល់ជំនួយ​អភិវឌ្ឍន៍​របស់​យើង​។ សហភាព​អឺរ៉ុប​ក៏​លើកកម្ពស់​ភាពចាំបាច់ ដើម្បី​ឱ្យមាន​ការការពា​រ និង​បង្ការ​ការធ្វើ​ទារុណកម្ម ក្នុង​គ្រប់​សកម្មភាព​ទាំងអស់​របស់ខ្លួន និង​ផ្តល់​ការការពារ​បែបនេះ​ដល់​អ្នក​ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​ងាយ​រងគ្រោះ​បំផុត ដូចជា ក្នុង​បរិបទ​នៃ​ការប្រឆាំង​អំពើ​ភេ​វរ​កម្ម ការគ្រប់គ្រង​វិបត្តិ និង​ទេសន្តរប្រវេសន៍​ជាដើម​។​

​តួនាទី​របស់​យន្តការ​អន្តរជាតិ និង​យន្តការ​តំបន់ ក៏ដូចជា​តួនាទី​ដ៏​សំខាន់​របស់​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ និង​យន្តការ​​បង្ការ​ការធ្វើ​ទារុណកម្ម​នៅ​ថ្នាក់ជាតិ គឺជា​គន្លឹះ​សម្រាប់​លុបបំបាត់​អំពើ​ទារុណកម្ម​។ សហភាព​អឺរ៉ុប​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ការងារ​សំខាន់ៗ​របស់​យន្តការ​ទាំងនេះ ក្នុងប្រទេស​ជាច្រើន នៅ​ជុំវិញ​ពិភពលោក​។ ការបង្កើត​នូវ​យន្តការ​ឯករាជ្យ​ដើម្បី​បង្ការ​ការធ្វើ​ទារុណកម្ម​នៅ​ថ្នាក់ជាតិ អាច​ធានាឱ្យមាន​ការបន្ត​ពិនិត្យ​តាមដាន និង​ពិគ្រោះ​យោបល់ ដែល​នឹង​នាំឱ្យមាន​ការផ្លាស់ប្តូរ​ដ៏​មាន​អត្ថន័យ ក្នុងការ​បង្ការ​មិន​ឱ្យមាន​ការធ្វើ​ទារុណកម្ម​កើតមានឡើង​។​

​ការលុបបំបាត់​ការធ្វើ​ទារុណកម្ម អាច​សម្រេច​ទៅបាន​តែ​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ជាស​កល តាមរយៈ​ការ​ផ្គួប​កម្លាំង​គ្នា ការកំណត់​នូវ​យុទ្ធសាស្ត្រ​រួម និង​ការអនុវត្ត​សកម្មភាព​រួមគ្នា​។ ការបន្ត​ចូលរួម​សហការ​ជាមួយនឹង​ដៃគូ​របស់​យើង នៅ​កម្រិត​តំបន់ និង​កម្រិត​ពហុភាគី រួមជាមួយ​សង្គម​ស៊ីវិល មាន​សារៈសំខាន់​យ៉ាងខ្លាំង ដើម្បី​សម្រេច​វឌ្ឍនភាព​នេះ​។​
​ឧទាហរណ៍ ការប្រកាស​ដាក់ឱ្យ​ដំណើរការ​នូវ “​សម្ព័ន្ធភាព​សកល សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម ដែល​មិន​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទារុណកម្ម​” កាលពី​ខែ កញ្ញា ឆ្នាំ ២០១៧ គឺជា​ការគូសបញ្ជាក់​សារជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​ភាព​អឺរ៉ុប ក្នុងការ​ហាមប្រាម​មិន​ឱ្យមាន​ជាដាច់ខាត​នូវ​អំពើ​ទារុណកម្ម ការកាត់ទោស​ប្រហារជីវិត និង​អំពើ ឬ​ការ​ដាក់​ទណ្ឌកម្ម​ឃោ​ឃៅ អមនុស្សធម៌ ឬ​បន្ទាបបន្ថោក​ផ្សេងទៀត​។ គំនិត​ផ្តួចផ្តើម​រួមគ្នា ជាមួយ​ប្រទេស​អា​ហ្ស​ង់​ទីន និង​ម៉ុង​ហ្គោ​លី​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ជាស​កល របស់​ប្រទេស​ដែល​ប្តេជ្ញា​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​បង្ការ ដាក់​កំហិត និង​ហាមប្រាម​មិនឱ្យ​មានការ​ធ្វើ​ពាណិជ្ជកម្ម​ទាំងនេះ​។​

​ក្នុងឱកាស​ទិវា​ដ៏​ពិសេស​នេះ សហភាព​អឺរ៉ុប​សូម​ធ្វើការ​អំពាវនាវ​សាជាថ្មី​ឱ្យមាន​ការផ្តល់​សច្ចាប័ន​ឱ្យបាន​ទូលំ​ទូលាយ និង​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​អនុសញ្ញា​សហប្រជាជាតិ​ប្រឆាំងនឹង​ការធ្វើ​ទារុណកម្ម និង​ពិធីសារ​បន្ថែម​នៃ​អនុសញ្ញា​នេះ និង​សូម​ស្វាគមន៍​ការផ្តល់​សច្ចាប័ន​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន អូស្ត្រាលី ម៉ា​ដា​កា​ស្កា ស្រីលង្កា និង​ប៉ា​ឡេ​ស្ទី​ន​។​

​នៅក្នុង​ឆ្នាំនេះ​ដែល​យើង​នឹង​ប្រារព្ធ​ពី​ធី​អបអរសាទរ​ខួប​លើក​ទី ៧០ នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស សហភាព​អឺរ៉ុប​សូម​រំឭក​ឡើងវិញ​ថា មនុស្ស​គ្រប់រូប​កើតមក​ជាមួយនឹង​សេរីភាព និង​មាន​សេចក្តីថ្លៃថ្នូរ និង​សិទ្ធិ​ស្មើភាព​គ្នា​។ ស្របតាម​គោលការណ៍​គ្រឹះ​របស់ខ្លួន ដែល​ត្រូវបាន​រៀបចំឡើង​ផ្អែក​តាម​គោលការណ៍​សកល​ភាព និង​ភាព​មិនអាច​ញែក​ចេញពី​គ្នា​បាន​នូវ​សិទ្ធិមនុស្ស នីតិរដ្ឋ ការគោរព​សេរី​ភាពជា​មូលដ្ឋាន និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស សហភាព​អឺរ៉ុប​នឹង​បន្ត​ខិតខំ​ទប់ស្កាត់ និង​លុបបំបាត់​អំពើ​ទារុណកម្ម នៅ​ទូទាំង​សកលលោក​ទាំងមូល និង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ការឈឺចាប់ ដែល​ទទួលរង​ដោយ​ជនរងគ្រោះ​នៃ​អំពើ​ទារុណកម្ម​៕មន

(អត្ថបទផ្តល់ឲ្យដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា)