សហរដ្ឋអាមេរិក​បរា​ជ័យ​ក្នុង​កិច្ច​ខំប្រឹងប្រែង​នៅ​អង្គការសហប្រជាជាតិ​ដើម្បី​ថ្កោលទោស​ចលនា​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន​

260

ដំណោះស្រាយរបស់សហរដ្ឋអាមេរិកដែលត្រូវបានគាំទ្រដោយឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី នីកគី ហាឡេ (Nikki Haley ) ដើម្បីថ្កោលទោសចលនាហាម៉ាសប៉ាឡេស្ទីននៅអង្គការសហប្រជាជាតិ ចំពោះការបាញ់គ្រាប់រ៉ុកកែតជាច្រើនគ្រាប់លើប្រទេសអ៊ីស្រាអែលនោះ មិនបានទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់សម្រាប់ការអនុម័តទេ កាលពីថ្ងៃព្រហស្បតិ៍ទី៦ធ្នូ។

ឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី នីកគី ហាឡេ (រូបកណ្តាល) ជាអ្នកគាំទ្រអ៊ីស្រាអែល យ៉ាងខ្លាំង
នៅអង្គការសហប្រជាជាតិ

វិធានការដែលបានស្នើឡើងនេះ បានទទួលសំឡេងគាំទ្រ៨៧សំឡេងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដោយមិនគ្រប់សំឡេងភាគច្រើន២ភាគ៣ដែលត្រូវការនោះទេ។ ប្រទេសចំនួន៥១ បានជំទាស់ប្រឆាំងនឹងវិធានការនេះហើយប្រទេស៣២ បានបានបោះឆ្នោតអនុប្បវាទ។

លោកស្រី នីកគី ហាឡេ បាននិយាយចោទប្រកាន់ជាច្រើនលើកថា អង្គការសហប្រជាជាតិមានភាពលំអៀងប្រឆាំងនឹងអ៊ីស្រាអែល។ លោកស្រីបានការពារអ៊ីស្រាអែលក្នុងការប្រឈមមុខដាក់គ្នាចុងក្រោយរបស់ខ្លួនជាមួយក្រុមហាម៉ាសដែលជាក្រុមជនសកម្មប្រយុទ្ធអ៊ីស្លាមដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពី ២០០៧មក ។

វាជាសំណើរសេចក្តីសម្រេចលើកដំបូងដើម្បីថ្កោលទោសក្រុមហាម៉ាស់ ដែលត្រូវបានដាក់ឱ្យសម្រេចនៅសម័យប្រជុំអង្គការសហប្រជាជាតិដែលមានប្រទេសសមាជិក១៩៣ ។

ដោយថ្លែងមុនពេលបោះឆ្នោតនេះ លោកស្រី លោកស្រី នីកគី ហាឡេ បាននិយាយថាវិធានការនេះ “នឹងកែកំហុសជាប្រវត្តិសាស្រ្ត និងដាក់មហាសន្និបាតនេះនៅផ្នែកនៃសេចក្តីពិតនិងតុល្យភាពក្នុងការខិតខំដើម្បីសម្រេចបានសន្តិភាពនៅមជ្ឈិមបូព៌ា” ។

លោកស្រីបានប្រាប់អង្គប្រជុំសហប្រជាជាតិថា”សំនួរនៅចំពោះមុខយើងនៅពេលនេះគឺថាតើអង្គការសហប្រជាជាតិគិតថា អំពើភេរវកម្ម អាចទទួលយកបានទេ បើសិនគិតដូចនេះមែននោះ វាត្រូវបានដឹកនាំប្រឆាំងនឹងប្រទេសអ៊ីស្រាអែល។

ក្រុមហាម៉ាសបានសរសើរលទ្ធផលនៃការបោះឆ្នោតនេះដោយចាត់ទុកថា វាជាការទះកំផ្លៀងរដ្ឋការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានប្រកាន់ជំហរគាំទ្រអ៊ីស្រាអែលក្នុងការដោះស្រាយបញ្ហាសន្តិភាពនៅមជ្ឈិមបូព៌ា៕ដោយ៖សុខា/sn