សហរដ្ឋអាមេរិក​ផ្តល់​ការយល់ព្រម​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​ជំងឺគ្រុនឈាម Dengvaxia ដ៏​ចម្រូងចម្រាស់​

1166
ចែករម្លែក

​អាជ្ញាធរ​សុខាភិបាល​អាមេរិក​បានផ្តល់​ការយល់ព្រម​របស់​ពួកគេ​ចំពោះ​វ៉ាក់សាំង​ការពារ​ជំងឺគ្រុនឈាម Dengvaxia ដែលជា​ថ្នាំ​ព្យាបាល​ដ៏​ចម្រូងចម្រាស់​លើកដំបូង ដែល​បង្កើតឡើង​ដើម្បី​ការពារ​ប្រឆាំងនឹង​មេរោគ​ដែល​បណ្ដាលមកពី​មូស​។​

​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ (FDA) បានធ្វើ​សេចក្តីប្រកាស​នេះ​កាលពី​ថ្ងៃ​ពុធ​ទី​១​មេសា ប៉ុន្តែ​ការប្រើ​វ៉ាក់សាំង​នេះ​អាច​កើត​មានតែ​ក្នុងស្ថានភាព​តឹងរ៉ឹង​ជាក់លាក់​មួយចំនួន​ប៉ុណ្ណោះ ពោលគឺ មានតែ​កុមារ​អាយុ​ចន្លោះ​ពី ៩ ទៅ ១៦ ឆ្នាំ​ដែល​គេ​បញ្ជាក់ថា​ធ្លាប់​ឆ្លង​មេរោគ​គ្រុនឈាម​ពីមុន​តែប៉ុណ្ណោះ និង​ដែល​រស់នៅក្នុង​តំបន់ ដែលមាន​ជំងឺឆ្លង​រាលដាល​នេះ​តែប៉ុណ្ណោះ ទើប​អាច​ទទួលបាន​វ៉ាក់សាំង​នេះ​។​

​លោកស្រី អាន​ណា អា​ប្រាម (Anna Abram) មន្ត្រីជាន់ខ្ពស់​របស់ FDA បាន​និយាយថា “​ខណៈដែល​មិនមាន​ការព្យាបាល​សម្រាប់​ជំងឺគ្រុនឈាម ការផ្តល់​ការយល់ព្រម​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ការជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​មេរោគ​”​។​

FDA បាន​និយាយថា មេរោគ​នេះ​គឺជា​មេរោគ​ឆ្លង​មួយ​នៅ​ដែនដី​របស់​សហរដ្ឋអាមេរិក ដូចជា កោះ​សា​ម៉ៅ កោះ​ក្វាម ព័រ​តូ​រី​កូ និង កោះ​វើ​ជីន​របស់​អាមេរិក​។​

​យោងតាម​អង្គការ​សុខភាព​ពិភពលោក​បានឱ្យដឹងថា ជំងឺគ្រុនឈាម​គឺជា​ជំងឺឆ្លង​តាមរយៈ​មូស​ដែល​កើតឡើង​ទូទៅ​បំផុត​នៅលើ​ពិភពលោក ហើយ​ឆ្លងទៅ​មនុស្ស​ប្រមាណ ៣៩០ លាន​នាក់​ក្នុងប្រទេស​ជាង ១២០ ក្នុង​មួយឆ្នាំៗ ដោយ​សម្លាប់​មនុស្ស​ជាង ២៥.០០០ នាក់​។​

​ប៉ុន្តែ​វ៉ាក់សាំង Dengvaxia ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​បារាំង Sanofi Pasteur គឺមាន​ភាពចម្រូងចម្រាស់​។ ហ្វីលីពីន​ដែលជា​ប្រទេស​ដំបូង​គេ​ដែល​បានផ្តល់​ការយល់ព្រម​លើ​វ៉ាក់សាំង​នេះ​ក្នុង​ឆ្នាំ ២០១៦ ក៏​ជា​ប្រទេស​ដំបូង​គេ​ដែរ ដែល​បាន​ហាមឃាត់​វ៉ាក់សាំង​នេះ​កាលពី​ខែកុម្ភៈ​ឆ្នាំនេះ​ដោយសារ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​។​

​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ក៏​កំពុង​បន្ត​ការចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​ក្រុមមន្ត្រី​របស់​ក្រុមហ៊ុន​នេះដែរ​ចំពោះ​ការស្លាប់​កុមារ​ជាច្រើន​នាក់ ដែល​បាន​ចាក់​ជាមួយ​វ៉ាក់សាំង Dengvaxia ។​

​ក្រុមហ៊ុន Sanofi បដិសេធ​ការចោទប្រកាន់​នេះ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០១៧ បាន​ទទួលស្គាល់ថា វ៉ាក់សាំង​នេះ​មិនត្រូវ​ចំពោះ​មនុស្ស​ដែល​មិន​ធ្លាប់​ឆ្លង​មេរោគ​នេះ​ពីមុន​នោះឡើយ​។​

​មុននេះ​វ៉ាក់សាំង Dengvaxia ត្រូវបាន​អនុម័ត​នៅក្នុង​ប្រទេស​ចំនួន ១៩ និង​សហភាព​អឺរ៉ុប ដែល​ផ្តល់​ភ្លើង​ខៀវ​ដល់​វ៉ាក់សាំង​នេះ​នៅក្រោម​លក្ខខណ្ឌ​ស្រដៀង​គ្នា​ទៅនឹង​សហរដ្ឋអាមេរិក​ដែរ ប៉ុន្តែ​សម្រាប់​មនុស្ស​អាយុ​ចាប់ពី ៩ ឆ្នាំ​ដល់ ៤៥ ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

អាមេរិក​ផ្តល់​ការយល់ព្រម​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​ជំងឺគ្រុនឈាម Dengvaxia