សហរដ្ឋអាមេរិក នឹង​រក្សាទុក​ដដែល នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាមួយ​កម្ពុជា

432

(​វ៉ា​ស៊ី​ង​តោន​) ៖ ក្រោយពី​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ជួបប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ​ស្តីពី​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ​និង​ពាណិជ្ជ​​កម្ម​លើក​ទី​៤ រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៧ បានបញ្ចប់​ដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ សីហា ឆ្នាំ​២០១៧ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អមដំណើរ​ដោយ​ឯកឧត្តម ជុំ ប៊ុន​រ៉ុង ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​សហរដ្ឋអាមេរិក បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Diane FARRELL ឧបការី​រង​ក្រសួងពាណិជ្ជកម្ម​សហរ​ដ្ឋ​អាមេរិក ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​វិនិយោគ​និង​ពាណិជ្ជកម្ម​​រវាង​ប្រទេស​ទាំងពីរ ។​

​នៅក្នុង​ឱកាស​នោះ លោកជំទាវ FARRELL បាន​ថ្លែងថា កម្ពុ​ជាមាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ​ក្នុងនោះ​វិស័យ​វិនិយោគ​និង​ពាណិជ្ជ​​កម្ម​របស់ខ្លួន បានធ្វើការ​កែទម្រង់​ជាច្រើន​ផងដែរ ។ ក្នុង​ខណៈនោះ​ផងដែរ លោកជំទាវ​បាន​កោតសរសើរ​ដល់​ការរីកចម្រើន​ក្នុង​វិស័យ​​កម្ម​សិ​ទិ្ធ​បញ្ញា ដោ​យស​ង្គ​ត់​ធ្ងន់​លើ​ការចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​នានា ក៏ដូចជា​ការអភិវឌ្ឍ​ច្បាប់​និង​ការអនុវត្ត​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា ដោយបាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព លើ​ការ​កំចាត់​ចោល​នូវ​ទំនិញ​ក្លែងក្លាយ ដូចជា ស៊ី​ឌី វីស៊ីឌី ម៉ាស៊ីនថតចម្លង ថ្នាំពេទ្យ ។​ល​។​

​លោកជំទាវ ក៏បាន​ជម្រាប​គណៈប្រតិភូ​កម្ពុជា អំពី​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​រដ្ឋបាល លោក​ប្រធាន​ធិបតី Donald J. Trump ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​ប្រកួតប្រជែង​មាន​លក្ខណៈ​ស្មើភាព​គ្នា ដូច​បច្ចុប្បន្ន​សហរដ្ឋ​អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​​បណ្តា​ប្រទេស​មួយចំនួន ដូចជា​៖ ចិន ជប៉ុន កូរ៉េខាងត្បូង កាណាដា មិ​ក​ស៊ិ​កូ ឥណ្ឌូនេស៊ី ថៃឡង់​ដ៏ ដែលមាន​តម្លៃ​ចាប់ពី ១០ ដល់ ៣០ ប៊ី​ល្លាន​ដុល្លារ​អាមេរិក ។ សហរដ្ឋអាមេរិក​នឹងធ្វើ​ការចរចា​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ដៃគូ​របស់​​ខ្លួន​ក្នុងនោះ​រួមមាន កាណាដា មិ​ក​ស៊ិ​កូ ជប៉ុន កូរ៉េខាងត្បូង ។​

​ដោយឡែក សម្រាប់​ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក​មិនមាន​បំណង​ចាត់វិធានការ​ណា​ថ្មី​នោះទេ​ពោលគឺ​រក្សា​ស្ថានភាព​ទាក់ទង​ពាណិជ្ជ​​កម្ម​ដដែល ព្រោះ​ទំហំ​ពាណិជ្ជកម្ម ដែល​កម្ពុជា​បាន​នាំ​ចូលមក​សហរដ្ឋអាមេរិក មាន​ទឹកប្រាក់​តែ​ពី ០២-០៣ ប៊ី​ល្លាន​ដុល្លារ​តែប៉ុណ្ណោះ​។ បន្ថែម​ពីនេះ​ទៀត រដ្ឋបាល​លោក​ប្រធានាធិបតី Trump បាន​ចាត់ទុកថា​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​គឺជា​ដៃគូ​ពាណិជ្ជ​​កម្ម​ដ៏​សំខាន់​របស់ខ្លួន ក្នុងនោះ​រួមមាន ចិន កូរ៉េ ជប៉ុន កម្ពុជា ជាដើម ។ លោកជំទាវ បាន​បន្តថា​នឹង​ជួយ​ដល់​កម្ពុជា​ក្នុង​ការកសាង​​ធនធានមនុស្ស និង​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​នៅ​កម្ពុជា ៕​អត្ថបទ​៖​ក្រសួងពាណិជ្ជកម្ម​/sn