សហរដ្ឋអាម៉េរិកនិងពួកតាលីបង់ព្រមព្រៀងលើបទឈប់បាញ់

69
ចែករម្លែក

សហរដ្ឋអាម៉េរិកនិងពួកតាលីបង់បានឯកភាពគ្នាចំពោះបទឈប់បាញ់ជាបណ្តោះអាសន្នមួយ ដែលនឹងបើកផ្លូវសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ដែលនឹងនាំកងទ័ពអាម៉េរិកត្រឡប់ទៅស្រុកវិញពីអាហ្វហ្គានីស្ថាននិងបញ្ចប់សង្គ្រាមរយៈពេល ១៨ ឆ្នាំ ប្រសិនបើជោគជ័យ។

កិច្ចព្រមព្រៀងសន្តិភាពនឹងអំពាវនាវឱ្យមានការចរចាគ្នារវាងជនជាតិអាហ្វហ្គាននៅភាគីជម្លោះទាំងសងខាងដែលនឹងចាប់ផ្តើមនៅខែក្រោយ បទឈប់បាញ់គ្នានៅទូទាំងប្រទេស និង ការប្តេជ្ញាចិត្តពីពួកតាលីបង់មិនផ្តល់ទីជម្រកដល់ក្រុមភេរវកម្មដូចជាពួកអាល់កៃដាជាដើម ខណៈកំណត់ពេលវេលានៃការដកទ័ពអាម៉េរិក។

បទឈប់បាញ់នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយពេលយូរបំផុតរបស់អាម៉េរិកនិងបំពេញតាមការសន្យាក្នុងយុទ្ធនាការបោះឆ្នោតរបស់ប្រធានាធិបតីដូណាល់ត្រាំដើម្បីនាំកងទ័ពអាម៉េរិកត្រឡប់ទៅស្រុកវិញពីជម្លោះនៅបរទេស។ ប៉ុន្តែក្តីសង្ឃឹមសម្រាប់សន្តិភាពពិតប្រាកដនិងយូរអង្វែងនៅតែមិនប្រាកដប្រជា។

ព័ត៌មានលម្អិតត្រូវបានផ្តល់ឱ្យដាច់ឡែកពីគ្នាកាលពីថ្ងៃសុក្រដោយមន្រ្តីជាន់ខ្ពស់អាម៉េរិកម្នាក់និងមន្រ្តីតាលីបង់ម្នាក់ ដែលមិនត្រូវបានអនុញ្ញាតឱ្យពិភាក្សាជាសាធារណៈទេ និង បាននិយាយក្នុងលក្ខខណ្ឌអនាមិក។

មន្ត្រីអាម៉េរិកនោះបាននិយាយថា កិច្ចព្រមព្រៀងសម្រាប់ “ការកាត់បន្ថយអំពើហិង្សា” រយៈពេល ៧ ថ្ងៃគឺ “ជាក់លាក់ណាស់” ហើយគ្របដណ្តប់លើប្រទេសទាំងមូលរួមទាំងកងកម្លាំងរដ្ឋាភិបាលអាហ្គានីស្ថានផងដែរ។ មានការចង្អុលបង្ហាញនានាថា ការប្រកាសជាផ្លូវការអាចនឹងកើតឡើងនៅចុងសប្តាហ៍នេះ។

មន្ត្រីរូបនោះនិយាយថាពួកតាលីបង់បានប្តេជ្ញាបញ្ឈប់ការបំផ្ទុះគ្រាប់បែកតាមដងផ្លូវនិងគ្រាប់បែកអត្តឃាតក៏ដូចជាការវាយប្រហារដោយគ្រាប់រ៉ុក្កែត។ ប្រសិនបើពួកតាលីបង់ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ពួកគេ នោះកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាម៉េរិកនិងពួកតាលីបង់នឹងត្រូវចុះហត្ថលេខាក្នុងរយៈពេល ១០ ថ្ងៃទៀត៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេសអាម៉េរិក ម៉ៃ ផមផេវ (ឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន អាហ្វស្រា ហ្គានី អំឡុងសន្និសីទសន្តិសុខក្រុងមុយនិចលើកទី៥៦ កាលពីថ្ងៃសុក្រទី១៤កុម្ភៈ