សហរដ្ឋអាម៉េរិកបន្តដាក់សម្ពាធលើចិនដើម្បីចូលរួមកិច្ចពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ

93
ចែករម្លែក

សហរដ្ឋអាម៉េរិកកាលពីថ្ងៃសុក្រ ទី ១៤ កុម្ភៈ បានបន្តដាក់សម្ពាធលើប្រទេសចិន ឱ្យចូលរួមក្នុងកិច្ចពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយរបបក្រុងវ៉ាស៊ីនតោននិងក្រុងមូស្គូ ដោយព្យាយាមជម្នះលើការជំទាស់ជាយូរមកហើយរបស់ ប៉េកាំង ក្នុងការចូលក្នុងកិច្ចពិភាក្សាបែបនេះ។

មន្រ្តីរដ្ឋបាលត្រាំជាន់ខ្ពស់ម្នាក់បាននិយាយថា “ចិនបាននិយាយជាយូរមកហើយ ថា ខ្លួននឹងមិនចូលរួមក្នុងការប្រណាំងប្រជែងអាវុធនិងមិនស្វែងរក ភាពស្មើភាពគ្នាជាមួយសហរដ្ឋអាម៉េរិកនិងរុស្ស៊ីនោះទេ។ ឥឡូវនេះ ដល់ពេលដែលចិនត្រូវធ្វើតាមពាក្យសម្តីរបស់ខ្លួនហើយ ហើយត្រូវសបញ្ជាក់ថា ចិនជាតួអង្គអន្តរជាតិដែលមានការទទួលខុសត្រូវ”។

មន្ត្រីរូបនោះគឺស្ថិតក្នុងចំណោមមន្ត្រីជាច្រើនដែលបានធ្វើបទសម្ភាសន៍ដល់អ្នក យកព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះ។

ឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាម៉េរិកនិងរុស្ស៊ីគឺធំជាងចិនឆ្ងាយណាស់។ ប៉ុន្តែការ បង្កើនកម្លាំងយោធារបស់ប៉េកាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្វើឱ្យមានការ ព្រួយបារម្ភដល់សម្ព័ន្ធមិត្តនិងអ្នកធ្វើគោលនយោបាយរបស់អាម៉េរិក។

ប្រធានាធិបតីដូណាល់ត្រាំបានព្យាយាមអូសចិនឱ្យចូលរួមជាមួយសហរដ្ឋអាម៉េរិកនិងរុស្ស៊ីក្នុងកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធនុយក្លេអ៊ែរដើម្បីជំនួសសន្ធិសញ្ញា START ថ្មីឆ្នាំ ២០១០ រវាងវ៉ាស៊ីនតោននិងមូស្គូ ដែលនឹងផុតកំណត់ នៅខែ កុម្ភៈឆ្នាំក្រោយ។

ចិនបានច្រានចោលសំណើរបស់ត្រាំ ដោយលើកហេតុផលថាកម្លាំង នុយក្លេអ៊ែរទំហំតូចរបស់ខ្លួនគឺសម្រាប់ការពារខ្លួននិងមិនគំរាមកំហែងអ្វីឡើយ៕ ដោយ៖ កញ្ញាដាលីស/Ha

ចិនជំទាស់ជាយូរមកហើយមិនព្រមចូលរួមកិច្ចពិភាក្សាអំពីការគ្រប់គ្រង់អាវុធនុយក្លេអ៊ែរជាមួយអាម៉េរិកនិងរុស្ស៊ីឡើយ