សហរដ្ឋអាម៉េរិកព្រមានកុំឱ្យធ្វើដំណើរតាមនាវានៅអាស៊ីជុំវិញការផ្ទុះឡើងនៃវីរុសកូរ៉ូណា

109
ចែករម្លែក

មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បាននិយាយកាលពីថ្ងៃសុក្រទី២១កុម្ភៈថាជនជាតិអាម៉េរិកគួរតែចៀសវាងការធ្វើដំណើរតាមនាវាទេសចរណ៍ក្នុងទ្វីបអាស៊ីពីព្រោះនាវាទាំងនេះដើរតួជាអ្នកចម្លងរាលដាលនៃវីរុសកូរ៉ូណា ដោយបន្ថែមថាការជម្លៀសអ្នកដំណើរតាមនាវានាពេលអនាគតមិនត្រូវបានធានាទេ។

ការព្រមាននេះបានកើតឡើងខណៈដែលចំនួនករណីដែលបានបញ្ជាក់នៃអ្នកជំងឺកូរ៉ូណានៅលើទឹកដីអាម៉េរិកបានកើនឡើងដល់ ៣៤ នាក់ ដោយ ២១ នាក់ក្នុងចំណោមនោះត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីបរទេស។

ជនជាតិអាម៉េរិកជាង ៣០០ នាក់ត្រូវបានដឹកមកស្រុកវិញពីនាវាកម្សាន្ត Diamond Princess ពីឆ្នេរសមុទ្រជប៉ុនកាលពីដើមសប្តាហ៍នេះហើយក៏មានជើងហោះហើរជាច្រើនបាននាំយកប្រជាជនពីទីក្រុងវូហានរបស់ចិន កន្លែងដែលវីរុសកូរ៉ូណាបានផ្ទុះឡើងជាលើកដំបូងនៅខែធ្នូផងដែរ។

លោក អៀន ប្រោនលី មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា រដ្ឋាភិបាលបានណែនាំដល់ពលរដ្ឋអាម៉េរិកទាំងអស់ឱ្យពិចារណាឡើងវិញអំពីការធ្វើដំណើរតាមកប៉ាល់ទេសចរណ៍ទៅឬនៅក្នុងទ្វីបអាស៊ី។

លោកបាននិយាយថា “ខណៈរដ្ឋាភិបាលអាម៉េរិកបានជម្លៀសពលរដ្ឋរបស់យើងរាប់រយនាក់ដោយជោគជ័យនៅក្នុងសប្តាហ៍ថ្មីៗនេះ ការហោះហើរធ្វើមាតុភូមិនិវត្តន៍បែបនេះមិនឆ្លុះបញ្ចាំងពីការអនុវត្តស្តង់ដាររបស់យើងទេ ហើយមិនគួរពឹងផ្អែកលើវាជាជម្រើសសម្រាប់ពលរដ្ឋអាម៉េរិកដែលស្ថិតនៅក្រោមហានិភ័យនៃការដាច់ដាច់ដោយឡែកពីសំណាក់អាជ្ញាធរក្នុងស្រុករបស់គេនោះឡើយ”។

វីរុសកូរ៉ូណាបានសម្លាប់មនុស្សជាង ២.២០០ នាក់និងឆ្លងទៅមនុស្សជាង ៧៥.៥០០ នាក់នៅក្នុងប្រទេសចិន៕ ដោយ៖ កញ្ញាដាលីស

អាម៉េរិកព្រមានពលរដ្ឋខ្លួនកុំឱ្យធ្វើដំណើរតាមកប៉ាល់នៅអាស៊ីអំឡុងការផ្ទុះវីរុសកូរ៉ូណា