សហរដ្ឋ​អាម៉េរិក​នឹង​រក្សា​កងទ័ព​៨.៦០០ នាក់​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​បន្ទាប់ពី​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុម​តា​លី​បង់​

241
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​សីហា​ថា​សហរដ្ឋ​អាម៉េរិក​នឹង​រក្សា​វត្តមាន​ជា​អចិន្ត្រៃយ៍​នៃ​កងទ័ព​អាម៉េរិក​ចំនួន​៨.៦០០​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន បើទោះបី​បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុម​តា​លី​បង់​ក៏ដោយ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ Fox News​ថា ” យើង​នឹង​បន្ថយ​ចំនួន​កងទ័ព​ឱ្យ​មក​នៅ​៨.៦០០ នាក់ ហើយ​បន្ទាប់មក​យើង​នឹង​ធ្វើការ​​ប្តេជ្ញា​និង​សម្រេច​ចិត្ត​ពី​ទីនោះ ។ យើង​តែងតែ​មាន​វត្តមាន​កង​ទ័ព​”​។​

​លោក ដូ​ណា​ល់ ត្រាំ ក៏​បាន​ព្រមាន​ផងដែរ​ថា ប្រសិនបើ​ការវាយប្រហារ​មួយ​ផ្សេង​ទៀត​ទៅ​លើ​សហរដ្ឋ​អាម៉េរិក មាន​ប្រភព​មក​ពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​នោះ​យើង​នឹង​ត្រ​​ឡប់​មក​វិញ​ជាមួយ​នឹង​កម្លាំង​ទ័ព ។​

​ការអត្ថាធិប្បាយ​នេះ បានបង្ហាញ​ភាព​ច្បាស់លាស់​ដែល​ទាក់ទង​នឹង​ចេតនា​របស់​សហរដ្ឋ​អាម៉េរិក​បន្ទាប់​ពី​ការចរចា​ជា​យូរ​ជាមួយ​ក្រុម​ឧទ្ទាម​អា​ហ្វ​ហ្គានី​ស្ថាន​អំពី​ការស្វែង​​រក​ច្រក​ចេញពី​សង្គ្រាម​ដែល​មាន​រយៈពេល​២​ទសវត្សរ៍​មក​ហើយ​នេះ​។​

​ទោះបីជា​មាន​ប្រៀប​ខ្លាង​ខាង​កងកម្លាំង​និង​សព្វាវុធ​ក៏ដោយ ក៏​កងទ័ព​អាម៉េរិក​មាន​ភាពប្រសើរ​តិចតួច​សំរាប់​បង្ហាញ​ក្នុងការ​ខំ​ប្រឹងប្រែង​របស់​ខ្លួន ហើយ​លោក ដូ​ណា​ល់ ​ត្រាំ​សង្ឃឹមថា​លោក​អាច​ប្រកាស​បញ្ចប់សង្គ្រាម​ទាន់ ពេលវេលា​សម្រាប់​យុទ្ធនាការ​ឃោសនា​ឈរឈ្មោះ​បោះឆ្នោត​ឡើង​វិញ​នៅ​ឆ្នាំ​២០២០ ។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ធ្វើការ​ចរចា​ជាមួយ​ក្រុម​តា​លី​បង់​ចាប់តាំងពី​ឆ្នាំ ២០១៨ ហើយ​បច្ចុប្បន្ន​មាន​កងទ័ព​អាម៉េរិក​ប្រហែល​១៤.០០០​នាក់​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​៕​ដោយ​៖​សុខា​/sn

បច្ចុប្បន្ន មាន​កងទ័ព​អាម៉េរិក​ប្រហែល​១៤.០០០​នាក់​នៅ ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​