សាកលវិទ្យាល័យ​កម្ពុជា​អន្តរជាតិ និង​ក្រុមហ៊ុន​ជប៉ុន រួមគ្នា​បណ្តុះបណ្តាល​ភាសា​ជប៉ុន​ដល់​ពលករ​ខ្មែរ សម្រាប់​ទៅធ្វើ​ការ​នៅ​ជប៉ុន​

1027
ចែករម្លែក
  • 7
    Shares

​ដោយ​: សុផល / ភ្នំពេញ​: សាកលវិទ្យាល័យ​កម្ពុជា​អន្តរជាតិ​ហៅ​កាត់ ខេ​ម​អាយ​យូ​(CAM IU)​និង ក្រុម​ហ៊ុម​ហ៊ុន​ជប៉ុន New Bigins Human Resource Enterprise Co,Ltd បាន​សហការគ្នា​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ភាសា​ជប៉ុន និង​ជំនាញ ដល់​ពលករ​និង​និស្សិត​ខ្មែរ ដែល​ក្រោយពី​ការសិក្សា​នឹង​បញ្ចូនទៅ​ធ្វើការ​និង​បណ្តុះបណ្តាល​បន្ថែម​នៅ​ប្រទេស​ជប៉ុន​។​

​អនុស្សរណៈ​យោគយល់​គ្នា (MoU) ត្រូវបាន​ចុះហត្ថលេខា​ដោយ លោកស្រី ជា នាង​អេង សាកលវិទ្យាធិការ​នៃ​ខេ​ម​អាយ​យូ និង​លោក Daun Youen នាយក​ប្រតិបត្តិ​ក្រុមហ៊ុន New Bigins Human Resource Co,Ltd កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ តុលា ឆ្នាំ​២០១៨​នៅ​សាកលវិទ្យាល័យ​កម្ពុជា​អន្តរជាតិ​។​កិច្ចព្រមព្រៀង​នេះ​មាន​រយៈពេល​៣​ឆ្នាំ​ម្តង​។​

​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ខេ​ម​អាយ​យូ ជា​អ្នក​បណ្តុះបណ្តាល​ភាសា​ជប៉ុន​ដល់​ពលរដ្ឋ​កម្ពុជា​ហើយ​ភាគី​ក្រុមហ៊ុន​ជប៉ុន ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​បញ្ជូន​ពលករ​ទៅធ្វើ​ការ និង​បណ្តុះបណ្តាល​ជំនាញ​បន្ថែម នៅ​ប្រទេស​ជប៉ុន ព្រមទាំង​ធានា​ដល់​ការ​ស្នាក់នៅ​និង ការផ្តល់​អាហារ​ដល់​ពលករ​។​

​លោកស្រី ជា នាង​អេង សាកលវិទ្យាធិការ​នៃ​ខេ​ម​អាយ​យូ បាន​ថ្លែងថា​៖​អនុស្សរណៈ​នេះ​មាន រយៈពេល​៣​ឆ្នាំ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​ដោយ​ក្រុមហ៊ុន អិន ប៊ី អេ​ច អ ផ្តល់​សិទ្ធិ​ឲ្យ​សាកលវិទ្យាល័យ​ជ្រើសរើស​និស្សិត​មក​បណ្តុះបណ្តាល​លើ​ជំនាញ​ភាសា​ជប៉ុន​ខ្លីៗ​រយៈពេល​៣​ទៅ​៦​ខែ​មុននឹង​ប​ញ្ជួ​ន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ខណៈដែល​ទីផ្សារការងារ​នៅ​ទីនោះ​មាន​តម្រូវការ​ខ្ពស់​។​

​លោកស្រី​បាន​បន្ថែមថា ជា​ជំហាន​ដំបូង​សាកលវិទ្យាល័យ​ត្រូវការ​ជ្រើសរើស​និស្សិត​ប្រមាណ​១​ពាន់​នាក់ ដោយ​ធ្វើការ​បណ្តុះ​បណ្តុះបណ្តាល​បណ្តើ​រប​ញ្ជួ​ន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​បណ្តើរ ដើម្បី​ជួយ​ឲ្យ​យុវជន​ខ្មែរ​យើង​មានឱកាស​ទទួល​បានកា​រងារ​ធ្វើ ដោយ​ទទួលបាន​ប្រាក់ខែ​ខ្ពស់​។​

​លោកស្រី​អំពាវនាវ​ដល់​និស្សិត​កម្ពុជា​ទាំងអស់ ដែលមាន​បំណង​ចង់ទៅ​ធ្វើការ​ងារ​នៅ​ប្រទេស​ជប៉ុន អាចមក​ចុះឈ្មោះ​សិក្សា​នៅ​សាកលវិទ្យាល័យ​ខេ​ម​អាយ​យូ ដោយ​យើង​ធ្វើការ​បណ្តុះបណ្តាល​ទៅលើ​ការសន្ទនា​ប្រចាំថ្ងៃ ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​ពេល​ទៅធ្វើ​ការ​នៅ​ជប៉ុន​។​

​លោក Daun yuen នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អិន ប៊ី អេ​ច អ បាន​មានប្រសាសន៍ថា បន្ទាប់ពី​និស្សិត​ទទួលបាន​ការបណ្តុះបណ្តាល​ផ្នែក​សា​ភា​ជប៉ុន នៅ​សាកលវិទ្យាល័យ​ខេ​ម​អាយ​យូ​រួចហើយ ក្រុមហ៊ុន​នឹង​ប​ញ្ជួ​ន​ទៅ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​រយៈពេល​ខ្លី នៅ​ប្រទេស​ជប៉ុន​មួយចំនួន ដូចជា​ផ្នែក​សណ្ឋាគារ សេវាកម្ម កសិកម្ម មុននឹង​ឲ្យ​ពួកគេ​ចេញទៅ​ធ្វើការ​នៅតាម​បណ្តា​ក្រុម​ហ៊ុ​នានា​។​

​លោក​បាន​បន្តថា ក្នុង​រយៈពេល​៧​ឆ្នាំ​ខាងមុខនេះ ប្រទេស​ជប៉ុន​ត្រូវការ​កម្លាំង​ពលករ​បរទេស​ប្រមាណ​ជាង​៥០​ម៉ឺន​នាក់​។ ដូចនេះ ប្រសិនបើ​ក្នុង​១​ឆ្នាំ យើង​អាច​បណ្តុះបណ្តាល​និស្សិត​បាន​១​ម៉ឺន​នាក់ រឹតតែ​ល្អ​ដែល​អាចមាន​លទ្ធភាព​ប​ញ្ជួ​ន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន កាន់តែច្រើន​ថែមទៀត​។​

​លោក​បាន​បន្ថែមទៀតថា ដូចនេះហើយ​បានជា​ក្រុមហ៊ុន​សហការ​ចាប់​ដៃគូ ជាមួយ​សាកលវិទ្យាល័យ​ខេ​ម អាយ​យូ​ដែលជា​សាកលវិទ្យាល័យ​មួយ​មាន​សក្តានុពល ក្នុងចំណោម​សាកលវិទ្យាល័យ​ផ្សេងៗ​ទៀត នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​បណ្តុះបណ្តាល​ផ្នែក​ភាសា​ជប៉ុន​ដល់​និស្សិត​ខ្មែរ​ឲ្យ​បាន​ច្រើន​ព្រោះថា កន្លងមក​ពលករ​ខ្មែរ​យើង​តែងតែមាន​បញ្ហា​ទៅលើ​ការទំនាក់ទំនង​ភាសា​ជប៉ុន​នេះ​។​

​គួរ​បញ្ជាក់ថា តាម​របាយការណ៍​រប​ស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា គិត​មកដល់ពេលនេះ មាន​កម្មសិក្សាការី​ខ្មែរ​កំពុង​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​៨០៦០​នាក់​៕