សាកលវិទ្យាល័យ​មួយ​នៅ​ភ្នំពេញ​នាំយក​កម្មវិធីសិក្សា​ស្តង់ដារ​អន្តរជាតិ​មក​កម្ពុជា​

1045
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: សាកលវិទ្យាល័យ​មួយ​នៅ​ភ្នំពេញ បាន​នាំយក​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​ស្តង់ដារ​អន្តរជាតិ​ដ៏​ល្បីល្បាញ​មួ​យមក​កម្ពុជា ក្នុង​គោលបំណង​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យ​កាន់តែ​ប្រសើរ​។​

សាកលវិទ្យាល័យ IIC និង​សាកល​វិទ្យា​ល័ NKUST​ចាប់​ដៃគូ​សហការគ្នា ដើម្បី​នាំយក​កម្មវិធីសិក្សា​ថ្នាក់ BBA , BBA+MBA ដែល​បង្រៀន​ជា​ភាសា​អង់គ្លេស​សុទ្ធ តាម​ស្តង់ដារ តៃវ៉ាន់​មកកាន់​កម្ពុជា (​រូប សុផល​)

​សាកលវិទ្យាល័យ​អាយ​អាយ​ស៊ី​នៃ​បច្ចេកវិទ្យា (IIC) និង​សាកលវិទ្យាល័យ​ជាតិ កាវ​ស៊ុ​ង​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា (NKUST) បាន​ចាប់​ដៃគូ​សហការគ្នា ដើម្បី​នាំយក​កម្មវិធីសិក្សា​ថ្នាក់ BBA , BBA+MBA ដែល​បង្រៀន​ជា​ភាសា​អង់គ្លេស​សុទ្ធ តាម​ស្តង់ដារ​របស់​សាកលវិទ្យាល័យ​តៃវ៉ាន់​មកកាន់​សាកលវិទ្យាល័យ IIC នៅ​កម្ពុជា ។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កម្មវិធី ភាពជា​ដៃគូ​សហការ​លើ​វិស័យ​អប់រំ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៨ លោក ឈួន ចាន់ថន សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ IIC បាន​មានប្រសាសន៍ថា ក្រៅពី​ការសហការ​ជាមួយ សាកលវិទ្យាល័យ​នៅ​តៃវ៉ាន់​នេះ IIC ក៏បាន​ចាប់​ដៃគូ​សហការ ជាមួយ​សាកលវិទ្យាល័យ​បរទេស​មួយចំនួន​ដូចជា ទ្វីបអឺរ៉ុប ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្កា ប៉ា​គី​ស្ថាន និង​ថៃ ។​

​លោក​បន្តថា​កិច្ចសហប្រតិបត្តិការ​ដែល​ល្អ​និង​ទទួលបាន​ផ្លែផ្កា​គឺជា​មួយ​សាកលវិទ្យាល័យ​នៅ​តៃវ៉ាន់ ពីព្រោះ​សាកលវិទ្យាល័យ​នៅ​ទីនោះ​មាន​វគ្គ​បណ្ដុះបណ្ដាល​ល្អៗ ជាពិសេស​និស្សិត​សិក្សា​នៅ​ទីនោះ អាចធ្វើ​ការងារ​បាន​ក្នុងអំឡុងពេល​សិក្សា​ផងដែរ ។​

​លោក​បន្ថែមថា ក្នុង​១​ឆ្នាំៗ សាកលវិទ្យាល័យ IIC ទទួលបាន​សិស្ស​និស្សិត​មក​សិក្សា ពី​៤០០ ទៅ​៥០០​នាក់ ។ ជាពិសេស IIC ក៏​តែង​ផ្ដល់​អាហារូបករណ៍ សិស្ស​និស្សិត​ចំនួន​៣០​នាក់​តាមរយៈ​ក្រសួង​អប់រំ​និង​ផ្ដល់ជូន​តាមរយៈ​បណ្ដា​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​ផងដែរ ។​

​ក្នុងឱកាស​នោះដែរ​លោក Rong Fong Fung សាកលវិទ្យាធិការរង​សាកលវិទ្យាល័យ NKUST បាន​លើកឡើងថា NKUST គឺជា​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ធំជាងគេ​បំផុត​នៅ​តៃវ៉ាន់ ដែលមាន​និស្សិត​សិក្សា​សរុប​ចំនួន ២៨.០០០​នាក់ សាស្ត្រាចារ្យ​ជាង ៨០០​នាក់ មាន ១៣​មហាវិទ្យាល័យ និង​អគា​សិក្សា​ចំនួន ៥​ទីតាំង ។​

​លោក​បន្តថា នៅក្នុង​ឆ្នាំ​២០១៨​នេះ សាកលវិទ្យាល័យ​សម្រេច​បើក​កម្មវិធីសិក្សា​ជា​ភា​ក្សា​អង់គ្លេស​សុទ្ធ ដែលមាន​ស្តង់ដារ​គុណភាព​កម្រិត​ខ្ពស់​គឺ​កម្មវិធីសិក្សា​អន្តរជាតិ (Global College) នៅ​សាកលវិទ្យាល័យ​IIC​ដែលមាន​ទីតាំងនៅ​លើផ្លូវ​ជាតិ​លេខ​២​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​សូមបញ្ជាក់​ផងដែរ​ថា សាកលវិទ្យាល័យ​NKUST ជា​សមាជិក​សាកលវិទ្យាល័យ ពាណិជ្ជកម្ម AACSB និង​ជា​សាកល​វិទ្យា​ជាប់​ចំណាត់ថ្នាក់​កំពូល​របស់ QS Asia Top តាំងពី​ឆ្នាំ​២០១២៕ ល​