សាកលវិទ្យាល័យ​យោធា​សហព័ន្ធរុស្ស៊ី​និង​មេបញ្ជាការ​ទ័ពជើងគោក​កម្ពុជា​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​កងទ័ព​កម្ពុជា​

359
ចែករម្លែក
  • 23
    Shares

​ដោយ​៖​មុនី​រ័ត្ន​/​ភ្នំពេញៈ​ដំណើរ​ទស្សនកិច្ច​នៃ​គណៈប្រតិភូ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ទោ អឹ​ហ្គ​រ ម៉ី​តស៊ូ​គីន (IGOR MITHSHUTKIN) សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​យោធា​សហព័ន្ធរុស្ស៊ី​នៅ​ថ្ងៃទី ២៨ ខែមីនា​ឆ្នាំ​២០១៩​នៅ​រដ្ឋធានី​ម៉ូស្គូ​។​

​ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​សាកលវិទ្យាល័យ​យោធា​សហព័ន្ធរុស្ស៊ី និង​កងទ័ព​កម្ពុជា​ក្នុងការ​បណ្ដុះបណ្ដាល​បង្កើន​សមត្ថភាព​។ ឧ​ត្ត​ម​សេនីយ៍​ទោ IGOR MITHSHUTKIN បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​មានចិត្ត​សប្បាយរីករាយ​ដែល​បានទទួល ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​កងទ័ពជើងគោក​។

​បន្ទាប់មក ភាគី​មិត្ត​រុ​ស្ស៉ី បានធ្វើ​បទ​បង្ហាញ​ពី​សាកលវិទ្យាល័យ ជូន​គណៈប្រតិភូ​កម្ពុជា ហើយ​បាន​ជម្រាបជូន​គណៈប្រតិភូ​ខិត​ផងដែរ​ថា​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ទីនោះ បាន​ខិតខំ​ប្រឹងប្រែង​ក្រេប​យកចំណេះ​វិជ្ជា ព្រមទាំង​គោរព​វិន័យ​បាន​យ៉ាង​ល្អ​។ លោក​សាកលវិទ្យាធិការ បាន​បញ្ជាក់ថា​សាកលវិទ្យាល័យ​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការទទួល​និស្សិត​កម្ពុជា​បន្ថែមទៀត​នៅពេល​អនាគត​។

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​រុស្ស៊ី កងទ័ព​សហព័ន្ធ​រុ​ស្ស៉ី ជាពិសេស​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​និង​យោធា​ចា​រ្យ​ដែល​បាន​ជួយ​បណ្ដុះបណ្ដាល​និស្សិត​របស់​កម្ពុជា ហើយ​ចាត់ទុក​កងទ័ព​កម្ពុជា និង​និស្សិត​កម្ពុជា​មិត្ត​ដ៏​ល្អ​។ លោក​ឧត្ដមសេនីយ៍ បាន​បញ្ជាក់ថា កម្ពុជា​ស្វាគមន៍​ផងដែរ​ចំពោះ​និស្សិត​និង​សិក្ខាកាម​រុ​ស្ស៉ី​ដែល​នឹង​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​កម្ពុជា​។

​បន្ទាប់ពី​ជំនួប​ពិភាក្សា​ការងារ​រួចមក​គណៈប្រតិភូ​នៃ​កងទ័ពជើងគោក​កម្ពុជា​បាន​អញ្ជើញ​ទស្សនា​អាគារ​សាកលវិទ្យាល័យ​និង​សកម្មភាព​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅក្នុង​សាកលវិទ្យាល័យ​នេះ​ផងដែរ​៕S/​

#