សាកលវិទ្យាល័យ​វៃ​កា​តូ​សន្យា​នឹង​ជួយ​ទ្រទ្រង់​ដល់​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​កម្ពុជា​

482
ចែករម្លែក

ដោយ​: មូល​សម្បត្តិ​
​ភ្នំពេញ​:
តប​តាម​ការអញ្ជើញ​ពី​សាកលវិទ្យាល័យ​វៃ​កា​តូ (University of Waikato) កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងទេសចរណ៍ ជួបពិភាក្សា​ការងារ​ជាមួយនឹង​លោកស្រី​សាស្ត្រាចារ្យ Allison Kirkman សកលវិទ្យា​ធិ​ការរង និង​លោក​សាស្ត្រាចារ្យ Christ Ryan អំពី​កិច្ច​សហប្រតិបត្តិ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​។​

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ ពិសេស​កិច្ចសហការ​រួមគ្នា​ក្នុង ការអភិវឌ្ឍ​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​នាពេល​អនាគត ជាពិសេស​នឹងចូលរួម​សម្រេច​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

​បន្ទាប់ពី​បាន​ពិភាក្សា ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក ភាគី​សកល​វិទ្យាល័យ​វៃ​កា​តូ សំដែង​នូវ​ក្តី​រីករាយ និង​គាំទ្រ ដល់​សំណើ​ជាក់ស្តែង​របស់​ក្រសួងទេសចរណ៍ ដែល​ទាក់ទង​នឹង​៖
១. ការផ្តល់​បច្ចេកទេស និង​អ្នកស្រាវជ្រាវ​ដើម្បី​ជួយ​ដល់​វិទ្យាស្ថាន​ជាតិ​ទេសចរណ៍​។​
២. ការអភិវឌ្ឍន៍​វិស័យ​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​នៅ​កម្ពុជា​។​
៣. ការបណ្តុះបណ្តាល​ជំនាញ​គ្រប់គ្រង​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ព្រមទាំង​ការគ្រប់គ្រង និង​វិភាគ​ទិន្នន័យ​ស៊ីជម្រៅ (Big Data Analysis System) សម្រាប់​វិស័យ​ទេសចរណ៍ និង​ជំនាញ​ចាំបាច់​ផ្សេងៗ ទៀត (​ដោយ​ផ្អែក​តាម​សំណើរ​ជាក់ស្តែង​របស់​ក្រសួងទេសចរណ៍​)​។​
៤. ការផ្តល់​អាហារូបករណ៍​ដល់​យុវជន សិស្ស និស្សិត​កម្ពុជា​សិក្សា​នៅ​សកល​វិទ្យាល័យ​វៃ​កា​តូ​។​
៥. ការបង្កើតឱ្យមាន​កម្ម​វិធី​ផ្លាស់ប្តូរ​កម្មសិក្សា​រវាង​មន្ត្រី​ជំនាញ និង​សិស្ស និស្សិត​ជំនាញ​ទេសចរណ៍ រវាង​សកល​វិទ្យាល័យ​វៃ​កា​តូ ជាមួយនឹង​កម្ពុជា​ផងដែរ​។​

​ក្នុង​ព្រិ​ត្តិ​ការណ៍​មួយ​ដោយឡែក​ទៀត នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ គណៈប្រតិភូ​ក៏ត្រូវ​បាន​អញ្ជើញ​ទៅធ្វើ​ទស្សនកិច្ច នៅ​សាលា​បណ្តុះបណ្តាល​ជំនាញ​គ្រប់គ្រង និង​វិជ្ជាជីវៈ​ទេសចរណ៍ នូ​វែ​ល​សេ​ឡង់ (New Zealand Management Academy) ដើម្បី​ជួបពិភាក្សា​ការងារ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ការបណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ ផងដែរ​៕