សាកសព​ម៉ាំ​មី​របស់​មន្ត្រីជាន់ខ្ពស់​ម្នាក់​នា​សម័យ​អេ​ហ្ស៊ី​ប​បុរាណ​នឹង​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ថ្មី​នៅ​ទីក្រុង​គែរ​

562
ចែករម្លែក

​សាកសព​ម៉ាំ​មី​ក្នុង​មឈូស​បុរាណ​ចំនួន​ពីរ​គឺជា​សព​របស់លោក​សេន​ណេ​ដ​ជេ​ម ដែលជា​មន្ត្រីជាន់ខ្ពស់​នៃ​ព្រះរាជាណាចក្រ​ថ្មី​របស់​អេ​ហ្ស៊ី​ប ដែល​បាន​បម្រើការ​ជា​អ្នកមើលការខុសត្រូវ​លើ​កម្មករ​នៅឯ​ទី​បញ្ចុះសព​មួយ និង ប្រពន្ធ​ម្នាក់​ក្នុងចំណោម​ប្រពន្ធ​ច្រើន​នាក់​របស់គាត់​។​

​មឈូស​បុរាណ​ចំនួន​ពីរ​នោះ​ត្រូវ​បានគាស់​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ក្រោម​វត្តមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​បុរាណវិទ្យា​អេ​ហ្ស៊ី​បលោក ខា​ឡេ​ត អាល់​អាណា​នី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សារមន្ទីរ​ជាតិ​អរិយធម៌​អេ​ហ្ស៊ី​ប (NMEC) ក្នុង​ទីក្រុង​គែរ​។​

​យោងតាម​អគ្គលេខាធិការ​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​វត្ថុ​បុរាណ ម៉ូ​ស្តា​ហ្វា វ៉ា​ហ្ស៊ី​រី បានឱ្យដឹងថា សាកសព​ម៉ាំ​មី​នៅក្នុង​មឈូស​បុរាណ​ទាំងពីរ​គឺជា​កម្មសិទ្ធិ​របស់លោក​សេន​ណេ​ដ​ជេ​ម ដែលជា​មន្ត្រីជាន់ខ្ពស់​មើ​ល​ការខុសត្រូវ​លើក​ម្មករ​នៅ​ទី​បញ្ចុះសព Deir al-Medina នៅ​ទីក្រុង​លុច​ស័​រ ក្នុងអំឡុង​ការគ្រប់គ្រង​របស់​ស្តេច​សេត​ធី​ទី​១ និង​ស្តេច​រ៉ា​ម​សេស​សេស​ទី​២ នៃ​រជ្ជកាល​ទី​១៩ គឺ​ប្រហែល ៣.៤០០ ឆ្នាំមុន​និង​ភរិយា​ម្នាក់​របស់គាត់​។​

​សាកសព​របស់លោក​សេន​ណេ​ដ​ជេ​ម​ត្រូវបាន​គេ​រកឃើញ​រួមជាមួយ​សាកសព​ម៉ាំ​មី ២០ នាក់​ផ្សេងទៀត​នៅក្នុង​ផ្នូរ​មួយ ដែល​រកឃើញ​នៅ​ឆ្នាំ ១៨៨៦ នៅ​ច្រាំង​ខាងលិច​នៃ​ទន្លេ​នី​ល​ដោយ​អ្នកជំនាញ​អេ​ហ្ស៊ី​ព​ដើមកំណើត​បារាំង​ឈ្មោះ ម៉ា​ស្ពេ​រ៉ូ​។​

​ម​ឈូសឈើ​ទាំងពីរ​នឹង​ត្រូវបាន​ស្ដារឡើងវិញ​និង​ដាក់តាំង​បង្ហាញ​នៅឯ​សារមន្ទីរ NMEC ដែល​បាន​បើកសម្ពោធ​ក្នុង​ឆ្នាំ ២០១៧៕ ដោយ៖ កញ្ញាដាលីស