សាកសព​អ្នកលេង​សៀក​ឥណ្ឌា​ត្រូវបាន​រកឃើញ បន្ទាប់ពី​សម្តែង​ចង​ច្រវាក់​ពេញ​ខ្លួន​រួច​ទម្លាក់​ចុះ​ក្នុង​ទន្លេ​

898
ចែករម្លែក

ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​មិថុនា​ថា សាកសព​របស់​អ្នកលេង​សៀក​ជនជាតិ​ឥណ្ឌា​ម្នាក់​ដែល​ព្យាយាម​សម្តែង​ស្នៀត​គេច​នៅក្រោម​ទឹក​ដ៏​ល្បីល្បាញ​របស់លោក​ហារី ហ៊ូ​ឌី​នី (Harry Houdini) ត្រូវបាន​ស្រង់​ឡើងគោក​ហើយ ដោយ​បញ្ជាក់ថា គាត់​បាន​លង់ទឹក​ស្លាប់​នៅពេល​ប៉ុនប៉ង​សម្តែង​សៀក​មួយ​ក្បាច់​នេះ​។​

​មន្ត្រីប៉ូលិស​នៅ​ស្ថានីយប៉ូលិស​តំបន់​កំពង់​ផែខាង​ជើងបាន​និយាយថា “​សាកសព​របស់គាត់​បា​ន​ហូរ​ប្រហែល ២ គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ ហើយ​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ដោយ​សាច់ញាតិ​របស់គាត់​កាលពី​យប់​ថ្ងៃ​ចន្ទ​”​។​

​មន្ត្រីប៉ូលិស​បាន​បន្ថែម​ថា “​ដៃ​របស់គាត់​បាន​រួច​ពី​ចំណង ប៉ុន្តែ​ជើង​របស់គាត់​នៅតែ​ជាប់ច្រវាក់​និង​ខ្សែពួរ​”​។​

​លោក ចាន់​ចាល់ ឡា​ហ៊ី​រី (Chanchal Lahiri) អាយុ ៤២ ឆ្នាំ ដែលមាន​ឈ្មោះ​នៅលើ​ឆាក​ថា មែន​ដ្រេ​ក (Mandrake) បាន​ប៉ុនប៉ង​សម្តែង​គ្រោះថ្នាក់​នេះ​ដោយ​ឱ្យគេ​ចងច្រវាក់​និង​ខ្សែពួរ​លើ​ដងខ្លួន​រួច​ទម្លាក់​ចុះ​ក្នុង​ទន្លេ​ហ៊ូ​កលី (Hooghly) នៅ​ភាគ​ខាងកើត​ទីក្រុង​កុល​កាតា កាលពី​ថ្ងៃអាទិត្យ​។ ប្រតិ​ប​ត្ដិ​ការស្វែងរក​ត្រូវបាន​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​ទស្សនិកជន​មិនបាន​ឃើញ​គាត់​ងើបឡើង​ពី​ផ្ទៃ​ទឹក​។​

​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា អ្នកលេង​សៀក​នេះ​មិនបាន​ចាត់វិធានការ​ប្រុងប្រយ័ត្ន​ក្នុងការ​រៀបចំ​សម្រាប់​សកម្មភាព​ប្រថុយប្រថាន​នេះឡើយ​។​

​លោក​ឡា​ហ៊ី​រី​បាន​សម្តែង​រត់គេច​នៅក្រោម​ទឹក​ក្នុង​ឆ្នាំ ២០១៣ ប៉ុន្តែ​ត្រូវបាន​ជេរប្រមាថ​ដោយ​អ្នកទស្សនា ដែល​និយាយថា ទ្វារ​ក្លែងក្លាយ​នៅក្នុង​ទ្រុង​អាច​មើលឃើញ​យ៉ាងច្បាស់​ក្រឡែត​។ របាយការណ៍​បានឱ្យដឹងថា​ លោក​ក៏បាន​ប៉ុនប៉ង​មិនបាន​សម្រេច​ផងដែរ​ក្នុង​ការដើរ​លើ​ទន្លេ​ហ៊ូ​កលី​កាលពី​ពីរ​បី​ឆ្នាំមុន​។​

​លោក​ឡា​ហ៊ី​រី​បានផ្តល់​បទសម្ភាសន៍​តា​ម​ទូរទស្សន៍​មុនពេល​ប៉ុនប៉ង​សម្តែង​ចុងក្រោយ​ដែល​បណ្តាលឱ្យ​ស្លាប់​យ៉ាង​ដូច្នេះ​ថា ដៃ​និង​ជើង​របស់គាត់​ត្រូវ​បានដាក់​ច្រវាក់​និង​ចង​ដោយ​ខ្សែពួរ​ជាមួយ​មេសោ​ចាក់​បន្ថែម​៦​គ្រាប់​។​


លោក ចាន់​ចាល់ ឡា​ហ៊ី​រី បានសម្តែងភាពអស្ចារ្យនេះជាច្រើនដងមកហើយមិនដែលភ្លាត់ទេ

​លោក​ឡា​ហ៊ី​រី​ញញឹម​ ហើយ​និយាយថា “​វា​នឹង​ពិបាក​ណាស់​ក្នុងការ​រំដោះខ្លួន​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​គួរតែ​អាចធ្វើ​បាន​… ប្រសិនបើ​ខ្ញុំ​អាចធ្វើ​វា​បាន នោះ​វា​នឹង​ក្លាយជា​អភិនីហារ​។ ប្រសិនបើ​ខ្ញុំ​មិនអាច​ធ្វើ​បានទេ នោះ​វា​នឹង​ជា​សោកនាដកម្ម​”៕ ដោយ៖ កញ្ញាដាលីស/Ha

សាកសព​លោក ចាន់​ចាល់ ឡា​ហ៊ី​រី ត្រូវបាន​ស្រង់​ឡើងគោក​នៅ​យប់​ថ្ងៃ​ចន្ទ