សាក្សី​ពីររូប​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅថ្ងៃនេះ​ក្នុង​សំណុំរឿង​ក្បត់ជាតិ​កឹម​សុខា​

774
ចែករម្លែក

​ដោយ​​ស​រិ​ទ្ធ​/​ភ្នំពេញៈនៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ សាក្សី​ពីររូប នឹងត្រូវ​ចូល​បំភ្លឺ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​សំណុំរឿង​ក្បត់ជាតិ​កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

អនុប្រធាន​និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​គី ឫទ្ធី កោះអញ្ជើញ​លោកស្រី​ចក់ សុភាព នាយិកា​ប្រតិបត្តិ​សិទ្ធិមនុស្ស​កម្ពុជា ឱ្យចូល​បំភ្លឺ​នៅវេលា​ម៉ោង​៨៖៣០​នាទី ថ្ងៃទី​០៧ ខែមិថុនា នេះ ។​ចំណែក​លោក មាស គឹម​សេង ប្រធាន​អង្គការ​សមាគម​ធាងត្នោត ត្រូវ​ចូល​បំភ្លឺ​នៅវេលា​ម៉ោង​១៤៖៣០​នាទី ថ្ងៃទី​០៧ ខែមិថុនា នេះ ។

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។

បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​
​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែមីនា ឆ្នាំ​២០១៨ បានចេញ​ដីកា​បន្ត​ឃុំខ្លួន លោក កឹម សុខា រយៈពេល​៦​ខែ​ទៀត ក្រោយពេល​បញ្ចប់​ការសួរនាំ​ពេញ​មួយថ្ងៃ​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ​។​

លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាពេល​កន្លងទៅ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន តាម​សារ​អេ​ឡិច​ត្រូ​និ​ច Telegram ថា ការសម្រេច​ពន្យារពេល​ឃុំខ្លួន លោក កឹម សុខា នេះ​គឺ​ចៅក្រម​ស៊ើបសួរ​យល់ថា ដោយសារ​មាន​ភាពចាំបាច់​៕S/

សាក្សី​ពីររូប​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅថ្ងៃនេះ​ក្នុង​សំណុំរឿង​ក្បត់ជាតិ​កឹម​សុខា​