សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​រៀបចំ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ក្រោម​ប្រធានបទ “​ខ្ញុំ ស្រឡាញ់ កាកបាទក្រហមកម្ពុជា​”

633
ចែករម្លែក

ដោយ​: គូលែន​/​សៀមរាប​: សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានរៀបចំ​ខួប​ទី​១៥៦​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​សម្រាប់​ចលនា​អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ដែល​ឆ្នាំនេះ​ជា​ខួប​លើក​ទី​១៥៦ ក្រោម​ប្រធានបទ “​ខ្ញុំ ស្រឡាញ់ កាកបាទក្រហមកម្ពុជា​” ដែល​ប្រព្រឹត្តឡើង​កាលពី​ព្រឹក​ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ​២០១៩ នៅ​រោង​មហោស្រព រ៉ូ​សា​ណា ក្រុង​សៀមរាប ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប និង លោកជំទាវ​។​

​លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​គូសបញ្ជាក់​ឲ្យ​ដឹងថា ក្រោម​កិច្ចដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ ខ្ពស់​របស់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទាំង​ថ្នាក់កណ្តាល សាខា និង អនុសាខា បាន​ខិតខំ​ពុះពារ​នូវ​រាល់​ការលំបាក ក្នុងការ​បំពេញបេសកកម្ម​មនុស្សធម៌ ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ការប្រែប្រួល​អាកាសធាតុ បានធ្វើ​ឲ្យ​មាន​គ្រោះធម្មជាតិ ប៉ះពាល់​ដល់​អាយុជីវិត ផ្ទះសម្បែង​មួយចំនួន របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប គិតពី​ខែឧសភា​ឆ្នាំ​២០១៨​ដល់​ខែមេសា​ឆ្នាំ​២០១៩​នេះ មាន​គ្រោះមហន្តរាយ និង​ឧបទ្ទវហេតុ​ផ្សេងៗ បាន​កើតឡើង​ចំនួន ១​ពាន់​៥០​ករណី បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ៤​ពាន់​៩៣១​គ្រួសារ (​មាន​សមាជិក ២១​ពាន់​៤៣​នាក់​) ក្នុងនោះ​គ្រោះថ្នាក់​មនុស្ស​៧១​នាក់​(​ស្លាប់ ៤៩ នាក់ និង​របួស​២២​នាក់​) ។ សកម្មភាព​របស់​សាខា​បានផ្តល់​អំណោយ​មនុស្សធម៌​ជូន​ជនរងគ្រោះ​មាន​ស័​ង្គ​សី តង់​ផ្លា​ស្ទិ​ក មុង ភួយ សារុង ក្រមា កន្ទេល ធុង​ទឹក ឆ្នាំង ចាន ស្លាបព្រា អង្ករ ទឹកត្រី ត្រីខ មី និង រទេះ​ជនពិការ ចំណាយ​អស់​ថវិកា​សរុប​ចំនួន​១១៤​ពាន់​៤១៩ ដុល្លារ​អាមេរិក ។

​លោក​បាន​បន្តទៀតថា សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប គឺជា​សេនាធិការ​របស់​ថ្នាក់កណ្តាល គឺ ចាំបាច់​ត្រូវធ្វើ​ការពង្រឹង​នូវ​កម្លាំង​មនុស្សធម៌ វប្បធម៌​ចែករំលែក ដើម្បី​ឲ្យ​សាខា និង អនុសាខា​ទាំងអស់​មាននៅ​ខេត្តសៀមរាប មានលទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការផ្តល់​សេវាកម្ម​មនុស្សធម៌ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ជួយសង្គ្រោះ​អ្នករងគ្រោះ និង ងាយ​រងគ្រោះ ដោយ​ពុំមាន​ការរើសអើង បែងចែក​ពូជសាសន៍ ជំនឿ​សាសនា និង និន្នាការ​នយោបាយ ស្របតាម​ខ្លឹមសារ ( កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល​ឡើយ ) ។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ធ្វើការ​គូសបញ្ជាក់​នូវ​ខ្លឹមសារ អត្ថន័យ នៃ​សារលិខិត​របស់​សម្តេច​គ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្ញើជូន​ដល់​ជនរួមជាតិ ក្នុងឱកាស​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​លើក​ទី​១៥៦ ឲ្យ​ស្របតាម​ប្រធានបទ (​ខ្ញុំ ស្រឡាញ់ កាកបាទក្រហមកម្ពុជា ) ក្នុងការ​លើកកម្ពស់​នៃ​ការយល់ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ ទៅក្នុង​ស្រទាប់​ប្រជាពលរដ្ឋ សាខា អនុសាខា​កាកបាទក្រហមកម្ពុជា​ទាំងអស់ គឺ​ត្រូវអនុវត្ត​ឲ្យ​កាន់តែ​បាន​ទូលំទូលាយ​បន្ថែមទៀត នូវ​រាល់​គោលការណ៍​គ្រឹះ​ទាំង​៧ នៃ​ចលនា​កាកបាទក្រហមកម្ពុជា ឲ្យ​កាន់តែ​ចូល​ជ្រៅ​ដល់​ប្រជាពលរដ្ឋ និង មហាជន ។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​លើកឡើង អំពី​បញ្ហា​គ្រោះធម្មជាតិ ដែល​បាន​កំពុង​គំរាមកំហែង​នៅលើ​ភពផែនដី និង បាន​កំពុង​ធ្វើ​ឲ្យ​ភពផែនដី​យើង មានការ​ប្រែប្រួល​អាកាសធាតុ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ធ្វើ​ឲ្យ​បរិស្ថាន​នៃ​ការរស់នៅ របស់​មនុស្ស សត្វ រុក្ខជាតិ មានការ​ជួបប្រទះ ក៏ដោយ​ការ​បម្រែបម្រួល​អាកាសធាតុ ដែល​ធ្វើ​ឲ្យ​ភពផែនដី មានការ​កើនឡើង​នូវ​រលក​កម្តៅ ព្រមទាំង​ធ្វើ​ប្រទេស​មួយចំនួន ជួប​នូវ​គ្រោះមហន្តរាយ​ដោយ​គ្រោះធម្មជាតិ ។ ក្នុងនោះដែរ​នៅ​ប្រទេស​កម្ពុជា ក៏​ដូច​ខេត្តសៀមរាប​នៅ​តំបន់​ភូមិ ឃុំ ស្រុក​មួយចំនួន​បាន​ជួប​នូវ​កង្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ តែ​ត្រូវបាន​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​បាន​យកចិត្តទុកដាក់ ក្នុងការ​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​ដល់​បងប្អូន​ផងដែរ ។
​សម្តេច​ពិជ័យ​សេនា​ក៏បាន​លើកឡើងថា ដើម្បី​អនុវត្ត​ទៅតាម​ខ្លឹមសារ​ប្រធានបទ ខួប​លើក​ទី​១៥៦ យើង​គ្រប់រូប​ត្រូវ​ចូលរួម​ក្នុង​ការដាំដុះ​កូនឈើ​ឡើងវិញ ក្នុងការ​ទ្រទ្រង់​នូវ​បរិស្ថាន​នៃ​ភពផែនដី និង កាត់បន្ថយ​នូវ​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ​ទៀតផង ។

​សូមបញ្ជាក់ថា ថវិកា​ដែល​សប្បុរសជន​ចូលរួម​ក្នុង​ពិធី​កាកបាទក្រហម សាលាខេត្ត​សៀមរាប មិនទាន់បាន​បញ្ជាក់​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ ព្រោះ​ចំនួន​នឹង​អាច​ច្រើនជាង​បណ្តា​ឆ្នាំមុនៗ ដោយសារ​ក្រុមការងារ​កំពុងធ្វើការ​បូកសរុប​នៅឡើយ​៕

#