សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួល​អំណោយ​សប្បុរសធម៌​ពី​រ៉ូ​តា​រី​ជប៉ុន​

717
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នា​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩​នេះ នៅ​សាខា​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តសៀមរាប បានទទួល​អំណោយ​សប្បុរសធម៌​ពី រ៉ូ​តា​រី​ជប៉ុន រួមមាន​អង្ករ​ចំនួន​០១​តោន និង ភួយ​ចំនួន​២០០​។​ពិធី​ប្រគល់​និង​ទទួល​អំណោយ​សប្បុរសធម៌ មានការ​អញ្ជើញ​ចូលរួម​ពី​លោ​កចៅ ម៉ៅ​មុន្នី សមាជិក​គណៈកម្មាធិកា​រ​សាខា និង​ជា​តំណាង​លោក ទៀ សីហា អភិបាលខេត្ត និង ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​លោកស្រី​អា ណា ប្រធាន​អង្គរ​រ៉ូ​តា​រី​ក្លី​ប រួមទាំង​សប្បុរសជន ជនជាតិ​ជប៉ុន​ផងដែរ​។​

​លោកស្រី​អា ណា បាន​ឲ្យ​ដឹងថា រ៉ូ​តា​រី​ក្លឹប តែងតែបាន​ចូលរួម​ជាមួយ​ចលនា​មនុស្សធម៌ កាកបាទក្រហមកម្ពុជា តាមរយៈ​អង្គរ​រ៉ូ​តា​រី​ក្លឹប​ដោយផ្ទាល់ ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នៅតាម​មូលដ្ឋាន ដែល​ប្រជាពលរដ្ឋ​ទទួលរង​គ្រោះ​ដោយ​គ្រោះធម្មជាតិ អគ្គិភ័យ ចាស់ជរា ពិការ កុមារកំព្រា រួមទាំង​ស្ត្រី និង​ទារក​។​

​លោកស្រី បាន​បន្តថា ថ្ងៃនេះ​ជា​សក្ខីភាព​មួយ​ដែល​ក្រុម​រ៉ូ​តា​រី​ជប៉ុន ក៏បាន​នាំយក​អំណោយ​សប្បុរសធម៌ ក្នុងការ​ចូលរួម​ជាមួយ​សកម្មភាព​នៃ​ចលនា​កាកបាទក្រហមកម្ពុជា សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​កំពុង​ជួប​នូវ​ទុក្ខលំបាក ហើយ​រ៉ូ​តា​រី​ជប៉ុន នៅតែ​បន្ត​ចូលរួម​ក្នុង​កិច្ចសហការ​ជាមួយ​សាខា​កាកបាទក្រហម​ខេត្តសៀមរាប​បន្តទៀត ។​

​លោក ចៅ ម៉ៅ​មុន្នី បាន​បញ្ជាក់ថា ក្នុងនាម​លោក​ទៀ សីហា ក៏ដូចជា​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ខេត្តសៀមរាប លោក​សូម​សម្តែង​នូវ​អំណរគុណ​ដល់​ទឹកចិត្ត​ដ៏​សប្បុរសធម៌ របស់​អស់​បុគ្គលិក​រ៉ូ​តា​រី​ជប៉ុន ដែលមាន​ទឹកចិត្ត​ដ៏​មនុស្សធម៌ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ជួប​ការលំបាក និង​ជន​ងាយ​រងគ្រោះ ដែលមាន​ជីវភាព​ខ្វះខាត​ក្រីក្រ​។​
​លោក​បាន​បន្តថា ដូច្នេះ​កាយវិកា​ដ៏​មនុស្សធម៌​នេះ គឺជា​ការចូលរួម​ក្នុង​សកម្មភាព​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ។
​លោក​បាន​បញ្ជាក់ទៀតថា ការបរិច្ចាក​នូវ​ធន​ធាន​ជា​ស្បៀងអាហារ និង សម្ភារ ក្នុង​ស្មារតី​លើកកម្ពស់​ចលនា​មនុស្ស​ធម៌​របស់​ក្រុម​អង្គរ​រ៉ូ​តា​រី​ក្លឹប និង រ៉ូ​តា​រី​ជប៉ុន ចូលរួម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដើម្បី​មានលទ្ធភាព​ជួយ​ដល់​ក្រុមគ្រួសារ និង ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​នូវ​គ្រោះធម្មជាតិ​នៅតាម​បណ្តា​ក្រុង ស្រុក ក្នុង​ខេត្តសៀមរាប ហើយ​អំណោយ​ទាំងនេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នឹង​យកទៅ​ប្រើប្រាស់​ផ្តល់ជូន​ដល់ដៃ​បងប្អូន​រងគ្រោះ នៅពេល​ដែលមាន​កើត​គ្រោះមហន្តរាយ​ណាមួយ​នៅក្នុង​ខេត្តសៀមរាប ៕ ល​