សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​ទៅជូន​ជនរងគ្រោះ​ដោយ​រន្ទះបាញ់

332
ចែករម្លែក

ដោយ​:គូលែន​/​សៀមរាប​ ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​នាំយក​អំណោយ​មនុស្សធម៌​ជូន​ជនរងគ្រោះ ដោយ​រន្ទះបាញ់​នៅក្នុង​ស្រុក​វ៉ារិន កាលពី​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ដោយ លោក ស៊ុ សំអន នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​។​

លោក ស៊ុ សំអន នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត សៀមរាប បាន​និយាយថា កាលពី​វេលា​ម៉ោង​១៥​និង ៣០ នាទី ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​វាល​ពង​គ្រៀល ក្នុងភូមិ​គោក​ស្រុក ឃុំ​វ៉ារិន ស្រុក​វ៉ារិន មាន​ករណី​រន្ទះបាញ់​មួយ​បានកើត​ឡើង បណ្ដាលឱ្យ​ក្មេង​ម្នាក់​ស្លាប់ និង ក្មេង​ចំនួន​៤​នាក់​ផ្សេងទៀត បាន​រងរបួស។​

លោក​បាន​បន្តថា សាខា​កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ដែលជា​និច្ច​ជា​កាល លោក​តែងតែ​គិតគូរ​ពី​សុខទុក្ខ​បងប្អូន​​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។​

លោក​បាន​បន្តថា អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់ជូន​នាឱកាស​នោះ​មាន​៖ សម្រាប់​គ្រួសារ​សព សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឧបត្ថម្ភ​មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , មី​១​កេស , ត្រីខ​១​យួរ , អង្ករ​៥០ គីឡូ ក្រាម និង​ថវិកា​៥០​ម៉ឺន​រៀល ហើយ​ក្រុមប្រឹក្សាឃុំ ឧបត្ថម្ភ​បន្ថែម ថវិកា​២១​ម៉ឺន​រៀល , ក្រុមយុវជន​ស្រុក​វ៉ារិន​ឧបត្ថម្ភ​បន្ថែម ២០​ម៉ឺន រៀល និង ឯកឧត្តម សៅ សារឿន ឧបត្ថម្ភ​បន្ថែម​ថវិកា​២០​ម៉ឺន​រៀល និង គ្រួសារ​ដែល​ក្មេង​រងរបួស​ទទួលបាន​៖ មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , មី​១​កេស , ត្រីខ​១​យួរ , អង្ករ​២៥​គីឡូក្រាម និង​ថវិកា ១០ ម៉ឺន​រៀល ។​

ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ គ្រោះធម្មជាតិ​ដោយសារ​រន្ទះបាញ់ ដែល​បាន​កើតឡើង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៦​នាក់ , រងរបួស​មនុស្ស​ចំនួន ២​នាក់ និង​ស្លាប់​គោ​អស់​ចំនួន ៦​ក្បាល៕B/សរន