សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ចាស់ជរា​គ្មាន​ទីពឹង និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត នៅ​ឃុំ​៤ ក្នុងស្រុក​កំពង់រោទិ៍

505
ចែករម្លែក

​ដោយ​: វ៉​កូ / ស្វាយរៀង​៖ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ហើយ​កំពុង​ជួប​ការលំបាក​លោកស្រី​ពៅ សុភាព ហេ​រញ្ញឹក​គណៈកម្មាធិកា​រ​សាខា​នៅ​ថ្ងៃ ពុធ ១១ កើត ខែស្រាព​ណ៌ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨ បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា ទៅ​ចែកជូន​ចាស់ជរា​គ្មាន​ទីពឹង ២០ គ្រួសារ គ្រួសារ​មាន​ជីវភាព​ខ្វះខាត ២២ គ្រួសារ មកពី​ឃុំ ៤ ក្នុងស្រុក​កំពង់រោទិ៍ គឺ​ឃុំ​ស្វាយ​តា​យាន ១៦ គ្រួសារ បន្ទាយ​ក្រាំង ១៧ គ្រួសារ ព្រៃធំ ៨ គ្រួសារ និង​ឃុំ​ត្នោត ១ គ្រួសារ សរុប ៤២ គ្រួសារ ។ ពិធី​នេះ​បានរៀបចំ​ប្រព្រឹត្តទៅ​នៅ​សាលាស្រុក​កំពង់រោទិ៍ ដោយមាន​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ។​

​លោកស្រី ពៅ សុភាព ហេ​រញ្ញឹក​គណៈកម្មាធិកា​រ​សាខា តំណាង លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្តី​នឹករលឹក ហើយ​ជានិច្ច​ជា​កាល សម្តេច​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​គ្រប់ពេលវេលា ។​

​លោកស្រី​ក៏ បាន​ផ្តាំផ្ញើ​ដល់​លោកតា លោកយាយ ត្រូវ​ថែរក្សា សុខភាព​តាមរយៈ​ការហូប​ស្អាត ពិសារ​ទឹក​ដាំ​ពុះ សម្រាក​ក្នុង​មុង សម្អាត​លំនៅដ្ឋាន ជៀសវាង​កើតមាន​ជម្ងឺ​តាមរយៈ​ការ​កង្វះ​អនាម័យ ។​

​អំណោយ​ដែល​បាន​ចែកជូន​ទាំង ៤២ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ កន្ទេល​បត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ១ យួ មុង ១ ភួយ ១ ក្រ​ម៉ា ១ សារុង ១ ថវិកា ៤០,០០០ រៀល ។ ឧបត្ថម្ភ​បន្ថែម​ដល់​គ្រួសារ​សម្រាល​បានកូន​ភ្លោះ​ពីរ ទទួលបាន សារុង ២ ក្រមា ២ ភួយ ២ ទឹកដោះគោ​ខាប់ ១០ កំប៉ុង ស្ករស ៤ គីឡូក្រាម មុង​ទារក ២ មួក ២ អាវ ៤ ស្រោមដៃ និង​ស្រោមជើង ២ កំ​ប្លេ កន្សែង​ត្រីកោណ ២ ដុំ កន្សែង​ធំ ២ កន្សែង​តូច ២ សាប៊ូ​កូនក្មេង ២ ដប ម្សៅ​កូនក្មេង ២ កំប៉ុង​៕