ដោយ : គូលែន/ សៀមរាប : កាលពីចុងសប្តាហ៍ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ នៅទីបញ្ជាការវរៈសេនាតូចលេខ១ ចំណុះតំបន់ ប្រតិបត្តិការសឹករងសៀមរាប ប្រចាំជួរមុខ (អូរកូនតឹង .តំបន់ព្រៃស្អាក) ត្រូវបានទទួលបានការផ្សព្វផ្សាយអំពីចលនា អន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និង ច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់នាយទាហាន ពលទាហាន ចំនួន ១២៥នាក់ ក្រោមវត្តមានរបស់លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង លោកឧត្តមសេនីយ៍ត្រី កា ដែត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងសៀមរាប ប្រចាំការជួរមុខ ។
លោកឧត្តមសេនីយ៍ត្រី កា ដែត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងសៀមរាប ក៏បានលើកឡើងអំពីស្ថានភាព និង សភាពការណ៍នៅតំបន់ជួរមុខ ព្រមទាំងបានធ្វើការសាទរ ចំពោះវគ្គផ្សព្វផ្សាយជូន ដល់ នាយទាហាន ពលទាហាន ក្នុងវរៈសេនាតូចលេខ១នេះ បានធ្វើឲ្យនាយទាហាន ពលទាហាន កាន់តែបានយល់ច្បាស់ ពីច្បាប់មនុស្សធម៌អន្តរជាតិ ក៏បានបង្កើននូវស្មារតីចូលរួមក្នុងចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម សំខាន់ក្នុងការចូលរួមសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្សេងៗ និងគ្រោះធម្មជាតិជាដើម ។
លោក ស៊ុ សំអន ប្រធានសាខាកាកបាទក្រហមខេត្តសៀមរាប ក៏បានបញ្ជាក់ឲ្យដឹងថា វគ្គផ្សព្វផ្សាយនេះអនុវត្តឡើងក្នុងគោលបំណង ផ្ដល់នូវការយល់ដឹងអំពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម សំខាន់គឺច្បាប់មនុស្សធម៌អន្តរជាតិ ឲ្យបានកាន់តែទូលំទូលាយ និងចូលជ្រៅដល់នាយទាហាន ពលទាហាន ក្នុងពេលចុះបំពេញភារកិច្ច ជួយសម្រួលដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និង ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិដែលបានផ្សព្វផ្សាយជូននាពេលនេះ ។
លោកបានបន្តថា ម្យ៉ាងទៀតវគ្គផ្សព្វផ្សាយនេះ គឺបានជួយបណ្តុះនូវស្មារតី ចំណេះដឹងរបស់បងប្អូនជានាយទាហាន ពលទាហាន បានកាន់តែយល់ច្បាស់អំពីច្បាប់មនុស្សធម៌អន្តរជាតិ ទាំងនៅ លើសមរភូមិ និង សង្គមផងដែរ ។ លោកនាយកក៏បានបន្តទៀតថា បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជម្ងឺអេដស៍ និង គ្រោះធម្មជាតិទឹកជំនន់ ៕B