សាខា​កាំកុងត្រូល​ខេត្តសៀមរាប រកឃើញ​ទំនិញ​ហួស​កាល​បរិ​ច្ឆ​ទ​មួយចំនួន​តូច ក្នុង​ក្រុង​សៀមរាប​

923
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​វេច​ខ្ចប់​រួច និង​គ្រឿង​កំប៉ុង នៅតាម​ហាង​លក់ទំនិញ​នានា​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ដែល​បាន​សហការ​ជាមួយ​មន្ត្រី នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បាន​រកឃើញ​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​មួយចំនួន​តូច​។​

​លោក ព្រៅ ខេមរិន្ទ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កន្លងមក​មន្ត្រី​ជំនាញ​របស់លោក តែងតែបាន​ចុះទៅ​ត្រួតពិនិត្យ​រកសារ​ធាតុគីមី​ដែល​ត្រូវ​ហាមឃាត់ ដាក់​នៅក្នុង​បន្លែ , សាច់ , ចំណីអាហារ​ផ្សេងៗ និង​គ្រឿង​កំប៉ុង​ឬ​ដប​គ្រប់​ប្រភេទ នៅតាម​បណ្តា​ផ្សារ​នានា​នៅ​ទូទាំង​ខេត្ត​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ក្នុង​គោលបំណង​ធានាបាន​នូវ​សុវត្ថិភាព និង​គុណភាព​ចំណីអាហារ​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ជា​អ្នក​បរិភោគ ព្រោះថា ខេត្តសៀមរាប គឺជា​តំបន់​ប្រមូលផ្តុំ​អ្នកទេសចរ ហើយ​ចំណីអាហារ​ជាច្រើន​ត្រូវបាន​ផ្គត់ផ្គង់​សម្រាប់អ្នកទេសចរ ដូច្នេះ​ការធានា​ឱ្យបាន​នូវ​សុវត្ថិភាព​និង​គុណភាព​អាហារ ជា​កត្តា​មួយ​ដ៏​សំខាន់ ប្រសិនបើ​មាន​ប្រជាពលរដ្ឋ ឬ​អ្នកទេសចរ មានប​ញ្ហ​សុខភាព​ដោយសារ​ចំណីអាហារ​នោះ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ទេសចរ និង​កិត្តិយស​របស់​ប្រទេសជាតិ​យើង​។​

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​វេច​ខ្ចប់​រួច និង​គ្រឿង​កំប៉ុង​តាម​ហាង​លក់ទំនិញ សមត្ថកិច្ច​កាំកុងត្រូល​បាន​រកឃើញ​មានដូចជា​ភេសជ្ជៈ​កំប៉ុង​ចម្រុះ​ចំនួន​១៦​កំប៉ុង , កាហ្វេ​ចំនួន​៦​កញ្ចប់ , មី​កំប៉ុង​ចំនួន​៣​កំប៉ុង និង​សាច់ជ្រូក​ងៀត​ចំនួន​២​កញ្ចប់ ហើយ​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​ទាំងនេះ ត្រូវបាន​ដកហូត​ទៅ​រក្សាទុក ដើម្បី​កម្ទេចចោល​នៅពេល​ក្រោយ ។​


​ក្នុងឱកាស​នោះដែរ លោក​ក៏បាន​ណែ​នាំឱ្យ​អាជីវក​ទាំងអស់ ពេល​ដាក់លក់​ផលិតផល​ផ្សេងៗ ត្រូវ​ពិនិត្យមើល​កាលកំណត់​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​ការ​ដាក់លក់​ផលិតផល​ខូចគុណភាព ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​៕