សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន​ដកហូត ទំនិញ ហួស សុពលភាព និង​ខូចគុណភាព ជាង​៥០ គីឡូក្រាម ដុត​កម្ទេចចោល​

534
ចែករម្លែក

ដោយ​: គ្រញូង / ប៉ៃលិន​: កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ ២០១៩ លោក ឈឹម វាសនា ប្រធាន​សាខា​កាំកុងត្រូល ប្រចាំខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព ដែល​អាជីវករ​ដាក់តាំង​លក់​តាម​តូប​នៅ​ផ្សារ​ប៉ាង​រលឹម ស្ថិត​ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ព្រមទាំង​ធ្វើការ​ណែនាំ​ឱ្យ​ឈប់​យក​ទំនិញ​ខូច​គុណ​មក​លក់​តទៅទៀត​។​

​លោក​ប្រធាន​សាខា​បាន​ណែនាំ​ដល់​អាជីវករ​ដែល​ដាក់តាំង​ទំនិញ​លក់​ទាំងអស់ អោយ​យល់ដឹង​ពី​ទំនិញ ដែល​ហួស​សុពលភាព និង​ខូចគុណភាព ជាពិសេស​កុំ​យក​ទំនិញ​ខូចគុណភាព​មក តាំង​លក់​អោយ​អ្នកប្រើប្រាស់ ដែល​បណ្តាលអោយ​ខូចសុខភាព​។​

​គួរ​បញ្ជាក់ថា ក្នុង​ការចុះ​ត្រួតពិនិត្យ​ទំនិញ នាពេលនោះ មន្ត្រី​កាំកុងត្រូល​បាន​ដកហូត​ទំនិញ​ហួស​សុពលភាព និង​ខូចគុណភាព ចំនួន ៥៣.៥០ គីឡូក្រាម រួមមាន តែ​ដប​ជ័រ ៤០​ដប ទឹកម្ទេស​ដប ១៣​ដប កាហ្វេ​កញ្ចប់​ធំ ៤៩​កញ្ចប់ មី​កញ្ចប់ ១៩​កញ្ចប់ កម្ទេច​មី​កញ្ចប់ ១០​កញ្ចប់​ធំ ដុំ​ស៊ុប​ខ្នរ ២២​ដុំ ដើម្បី​យកទៅ​រក្សាទុក និង​ធ្វើ​ការដុត​កម្ទេចចោល​៕ ល​