សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង ដកហូត​ទំនិញ​ខូចគុណភាព​ចំរុះ​៤៦​គីឡូក្រាម នៅ​ផ្សារ​ដំណាក់​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតនៈមណ្ឌល និង​ផ្សារ​ស្នឹង​ឃុំ​ស្នឹង ស្រុក​បាណន់​

474
ចែករម្លែក

ដោយៈ គ្រញូង / បាត់ដំបងៈ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កុងត្រូល​ខេត្តបាត់ដំបង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ដាក់តាំង​លក់​នៅ​ផ្សារ​ចំនួន​២ គឺ​ផ្សារ​ដំណាក់​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតនៈមណ្ឌល ដកហូត​ទំនិញ​ខូចគុណភាព​ចំរុះ​ស្មើ​១៩ គីឡូក្រាម​និង​ផ្សារ​ស្នឹង​ឃុំ​ស្នឹង​ស្រុក​បាណន់​ដកហូត​ទំនិញ​ខូចគុណភាព​ចំនួន​២៧​គីឡូក្រាម សរុប​ទាំងពីរ​ផ្សារ​បាន​ចំនួន​៤៦​គីឡូក្រាម ហើយ​យកទៅ​រក្សាទុក ដើម្បី​ដុត​កម្ទេចចោល​នៅពេល​ក្រោយ​។​

​លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា យោងតាម​បទបញ្ជា​របស់លោក​អគ្គ​នាយកដ្ឋាន​កាំ​កុង​ត្រូល​បាន​ណែ​នាំឱ្យ​មន្ត្រី​សាខា​កាំកុងត្រូល​គ្រប់​ខេត្ត​ក្រុង ត្រូវ​ដឹកនាំ​កម្លាំង​ចុះ​ត្រួត​ពិនិត្យមើល​ទំនិញ​របស់​អាជីវករ​ដាក់លក់​នៅតាម​ផ្សារ​នានា ដើម្បី​ស្រាវជ្រាវ​រក​ទំនិញ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​ប្រើប្រាស់​ផ្ទាល់​។​

​លោក​ប្រធាន​សាខា បាន​បញ្ជាក់ថា ទំនិញ​ដែល​មន្ដ្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​នៅ​ផ្សារ​ចំនួន​ពីរ គឺ​ផ្សារ​ដំណាក់​ស្ដៅ​ឃុំ​ស្ដៅ​ស្រុក​រតនមណ្ឌល ដកហូត​ទំនិញ​ខូចគុណភាព​ចំរុះ​ចំនួន​១៩​គីឡូក្រាម និង​ផ្សារ​ស្នឹង​ឃុំ​ស្នឹង​ស្រុក​បាណន់ ដកហូត​ទំនិញ​ខូចគុណភាព​ចំរុះ​ចំនួន ២៧​គីឡូក្រាម ហើយ​ដឹកយក​រក្សាទុក​នៅ​សាខា ដើម្បី​ដុត​កម្ទេចចោល​តាម​ក្រោយ​។
​លោក​ប្រធាន​សាខា​បាន​បញ្ជាក់ថា ក្រៅ​ការចុះ​ត្រូតពិនិត្យ​ទំនិញ​នៅ​ផ្សារ​ទាំងពីរ​នេះ កម្លាំង​ជំនាញ​បានធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ជាប្រចាំ​បន្ថែមទៀត តាមរយៈ​បិទ​ស្ទិ​ក​ឃ័​រ​នៅ​កន្លែង​លក់​ក្នុង​ផ្សារ​ផ្ទាល់ ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ជាច្រើន​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​កាន់តែច្បាស់ ពី​ផលប៉ះពាល់​សុខភាព ដល់​អ្នកប្រើប្រាស់ និង​បាន​អំពាវនាវ​ដល់​អាជីវករ​លក់ដូរ និង​អ្នកប្រើប្រាស់​ទាំងអស់​ត្រូវ​នាំគ្នា​ទប់ស្កាត់ និង​ឈប់​លក់ទំនិញ​ខូចគុណភាព​បន្តទៀត បើ​មិន​រាងចាល​ត្រូវ​ធ្វើការ​ពិ​ន័យ​ឬ​បិទតូប​លែងឱ្យ​លក់​បន្តទៀត​៕ ល​

#