សាខា​កាំកុងត្រូល​ខេត្តសៀមរាប ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​លើ​ចំណី​ម្ហូបអាហារ នៅ​ផ្សា​រក​ក្រាញ់ និង​ផ្សារ​ពោធិ​ជ័យ​ក្រោម​

373
ចែករម្លែក

​ដោយ​: គូលែន​
​សៀមរាប​:
សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​អះអាងថា ចំណី​ម្ហូបអាហារ​ដែល​ដាក់លក់​នៅក្នុង​ផ្សា​រក​ក្រាញ់ និង ផ្សារ​ពោធិ​ជ័យ​ក្រោម ពុំបាន​រកឃើញ​នៅ​សារធាតុ​គីមី​ហាមឃាត់​ឡើយ​។ នេះ​គឺជា​ការបញ្ជាក់​របស់លោក ព្រៅ ខេ​ម​រិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប នា​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​

​លោក ព្រៅ ខេ​ម​រិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​និយាយថា ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​លើ​ចំណី​ម្ហូបអាហារ នៅ​ផ្សា​រក​ក្រាញ់ ស្ថិតនៅ​ភូមិក​ក្រាញ់ និង​ផ្សារ​ពោធិ​ជ័យ​ក្រោម ក្នុងភូមិ​ពោធិ​ជ័យ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅនេះ មន្ត្រី​ជំនាញ​របស់លោក ពុំបាន​រកឃើញ​នូវ​សារ​ធាតុគីមី​ហាមឃាត់ ដែល​បាន​ផ្ទុក​នៅក្នុង​ម្ហូបចំណី​គ្រប់​ប្រភេទ និង ទំនិញ​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ដែល​បានដាក់​តាំង​លក់​នៅក្នុង​ផ្សារ​ឡើយ​។​

​លោក​បាន​បន្តថា បន្ទាប់ពី​បានធ្វើ​តេស្ត និង​ពិសោធន៍​រកសារ​ធាតុគីមី​នៅក្នុង​ម្ហូបអាហារ​គំរូ​មួយចំនួន រួមមាន​ដូចជា​៖ សណ្តែកបណ្តុះ , ប្រហុក , ផ្អក​ត្រី , ក្រអៅឈូក , ស្ពៃជ្រក់ , ជ្រក់សណ្តែកបណ្តុះ និង សុពលភាព​នៃ​ការប្រើប្រាស់​ហួស​កាលបរិច្ឆេទ​គ្រប់​ប្រភេទ សំដៅ​ដល់​គ្រឿង​កំប៉ុង និង​ឥ​វ៉ាន់​ចាប់ហួយ​នៅតាម​តូប​នានា​ក្នុង​ផ្សារ​ជាដើម ។

​លោក​បាន​បញ្ជាក់ទៀតថា ដើម្បី​សុវត្ថិភាព​លើ​ម្ហូបអាហារ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ទៅ​ថ្ងៃ​អនាគត នេះ​គឺជា​ករណី​ចាំបាច់​បំផុត​សម្រាប់​ក្រុមការងារ​ជំនាញ​របស់​យើង ប្រសិនបើ​ត្រូតពិនិត្យ​រួចហើយ​ឃើញថា នៅក្នុង​ម្ហូបអាហារ​មានការ​ដាក់​លាយ​នៅ​សារធាតុ​គីមី​ដែល​ត្រូវបាន​ហាមឃាត់​នោះ ខាង​ក្រុមការងារ​ជំនាញ​របស់លោក​នឹងធ្វើ​ការដកហូត​យកទៅ​កំទេចចោល​ភ្លាមៗ ហើយ​យើង​ណែនាំ​គាត់​នឹងធ្វើ​កិច្ចសន្យា​មិនមាន​ជា​លើក​ទី​២​ទៀតឡើយ​៕ ល​