សាខា​កាំកុងត្រូល​បាត់ដំបង​គួរ​ចុះ​ពិនិត្យ​លើ​អាហារ​ផ្អាប់​នៅក្នុង​ផ្សារ​ប្រហុក​ផង​

1561
ចែករម្លែក

​បាត់ដំបង​៖ ដោយមាន​ការរិះគន់​តា​ម​បណ្តាញ​សង្គម​មួយចំនួន ទៅលើ​ការផលិត​ចំណីអាហារ ធ្វើ​អំពី​សាច់​ត្រី​នៅ​ចំណុច​ផ្សារ​ប្រហុក ស្ថិតក្នុង​ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខ្វះ​អនាម័យ ដូច្នេះ​គួរតែ​ខាង​សាខា​កាំកុងត្រូល​ខេត្ត ចុះទៅពិនិត្យ​ការផលិត​អាហារ​ធ្វើ​អំពី​សាច់​ត្រី​នេះ​ផង ដើម្បី​សុខភាព​របស់​ប្រជាពលរដ្ឋ ដែល​ទិញ​ហូប​រាល់ថ្ងៃ​។​

​ថ្មីៗ​នេះ គេ​ស​ង្គេ​ត​ឃើញថា មាន​បណ្តាញ​សង្គម​មួយចំនួន​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង ទៅលើ​ទីតាំង​ផ្សារ​ប្រហុក ដែល​ស្ថិតនៅ​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ស្តីពី​ការផលិត​ផ្អក​ត្រី​ប្រា និង​ត្រី​ផ្សេងៗ​ទៀត ដោយសារតែ​គេ​បានឃើញ​ក្រុមអាជីវករ​ទាំងនោះ ធ្វើឡើង​ដោយ​ខ្វះ​អនាម័យ​ទាំងស្រុង ឯ​អ្នក​ដែល​ទិញ​យកមក​បរិភោគ ក៏​មិន​បានដឹង​ដែរ​ចេះតែ​ទទួលទាន​ទៅ​។​

កន្លែង​ផលិត​អាហារ​ធ្វើ​ពី​សាច់​ត្រី​ផ្សារ​ប្រហុក (​រូប​៖ គ្រញូង​)

​គួរ​បញ្ជាក់ដែរថា កន្លងមក​ក៏មាន​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ដែលមាន​មុខរបរ​ចិញ្ចឹម​ត្រី​ប្រា ដោយសារ​តែមាន​ការបើក​ភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ត្រី​ប្រា​ក្លាសេ​ពី​ប្រទេស​ថៃ ចូលមក​កាន់​ទីផ្សារ​នេះ ដូច​ទឹកបាក់​ទំនប់​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ត្រី​ប្រា ក្នុងស្រុក​មានការ​ធ្លាក់​ចុះ​យ៉ាងខ្លាំង​។​

​កន្លងមក​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​បាត់ដំបង ធ្លាប់បាន​និយាយថា បញ្ហា​នេះ​ពិតជា​មាន​មែន ប៉ុន្តែ​លោក​មិនដឹង​ធ្វើ​យ៉ាងម៉េច​បើ​ច្រកព្រំដែន មិន​ព្រម​សហការ​ដោយ​គេ​បាន​បើកចំហ​ឲ្យ​ត្រី​ប្រា​ក្លាសេ​ទឹកកក ចូលមក​ស្ទើរតែ​គ្រប់​ច្រក​ដោយ​មិនថាតែ​ច្រក​អន្តរជាតិ ឬ​ច្រករបៀង​នោះទេ ហើយ​នៅពេល​មកដល់ គេ​ទំលាក់​ចែកចាយ​ឲ្យ​ម៉ូយ​ព្រោងព្រាត ដូច្នេះ​លោក​ក៏​មិនដឹងថា​ត្រូវធ្វើ​យ៉ាងណាដែរ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ អង្គភាព​ជំនាញ​(​កាំកុងត្រូល​)​មិន​ខ្វល់​ពី​ការនាំ​ចូល​ត្រី ដែល​ត្រូវបាន​ហាមឃាត់​ផង តើ​ឲ្យ​អ្នកណា​ទៅ​ឃាត់​បាន​? បញ្ហា​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​លែងមាន​ការងា​រ​ធ្វើ ដោយសារតែ​ភាព​ធូររលុង​របស់​អង្គភាព​ជំនាញ តែបើ​មានការ​រឹតបន្តឹង បើទោះបីជា​មានការ​នាំចូល​ក៏ពិតមែន តែបើ​ខាង​ជំនាញ​ចេញ​ប្រតិបត្តិ​ការចាប់យក​ត្រី​ទាំងនោះ អោយអស់​ម្ល៉េះ​គ្មាន​អ្នក​ណាមួយ​ហ៊ាន​ដឹក​ចូល​មកទៀត​នោះទេ លើកលែងតែ​មានការ​ត្រូវរ៉ូវ​គ្នា ទើប​គេ​អាច​ដំណើរការ​ទៅបាន​យ៉ាង​រលូន​យ៉ាងនេះ​។ ចំពោះ​ត្រី​ប្រា​ក្លាសេ​ទាំងនេះ​ត្រូវបាន​អាជីវ​​ករ​យកមក​កែច្នៃ​ទៅជា​ត្រី​ប្រា​ហើម​(​ត្រី​ប្រា​សំ​យ៉ុង​) ឬ​ផ្អក​ត្រី​ប្រា​ជាដើម ដោយ​គេ​បាន​កាត់​ត្រី​ប្រា​ជា​កង់ៗ ហើយ​ចាក់​ធារ​នៅលើ​ស៊ីម៉ង់ត៍​ដោយបាន​ជះ​ទឹកអំបិល​ពីលើ និង​ដាក់​ល័​ក្ខ​ឡើង​ឲ្យ​ពណ៌​ក្រហម ហើយ​គេ​បាន​ប្រើ​នូវ​សារធាតុ​អ្វី​ម្យ៉ាង ដើម្បី​ឲ្យ​សាច់​ត្រី​រឹង ទើប​ចាក់​អង្ករលីង​ចូល​ហើយ​យក​ប៉ែល​ចូក​ច្របល់​ឲ្យ​ចូលគ្នា ដោយមាន​ការ​កៀរ​និង​ទាត់ ដោយ​ស្បែកជើង​ផងដែរ​។​

​ទាំងនេះ​គឺជា​សកម្មភាព នៃ​ការផលិត​ផ្អក​ត្រី​ប្រា​របស់​អាជីវករ​ផ្សារ​ប្រហុក​បាត់ដំបង មិនថាតែ​ផ្អក​នោះទេ ឲ្យ​តែ​របស់​ផ្អាប់​ដូចជា​ប្រហុក ម៉ាំ ត្រីប្រឡាក់​ជាដើម គឺ​គ្មាន​អនាម័យ​ទាល់តែសោះ ដែល​ទាំងនេះ​វា​ជា​បញ្ហា​សម្រាប់​អ្នក​ដែល​ទិញ​យកទៅ​បរិភោគ​ប្រចាំថ្ងៃ ព្រោះ​បើតាម​អ្នកចេះដឹង​មួយចំនួន​បាន​លើកឡើងថា វា​អាច​បង្កអោយមាន​ជំងឺមហារីក និង​បូស​ជាដើម​។

​ជុំវិញ​សកម្មភាព​ខាងលើនេះ ក៏​មានមតិ​ជាច្រើន​បាន​សំណូមពរ ដល់​អង្គភាព​ពាក់ព័ន្ធ​មេត្តា​ពិនិត្យឡើងវិញ ព្រោះ​សកម្មភាព​នេះ ភាគច្រើន​គេ​ធ្វើ​នៅពេល​យប់ ដែល​អាច​មានការ​កំបាំង​ភ្នែក​អ្នកដំណើរ ដោយសារតែ​ភាព​កង្វះខាត​ខាង​អនាម័យ​នេះឯង​៕ ដោយ​៖ គ្រញូង​