សាងសង់​ផ្លូវភ្លោះ​ក្រុង​ព្រះវិហារ​នៅ​ផ្លូវ​ម្លូរ​ព្រៃ​ប្រវែង​ជាង​២០០០​ម៉ែត្រ​,​ដោយ​រៀប​សួន​ពុះ​ទ្រូងផ្លូវ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​

573
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ព្រះវិហារ​៖​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ចាប់ផ្ដើម​សាងសង់​ផ្លូវភ្លោះ​ក្រុង​ព្រះវិហារ​នៅ​ផ្លូវ​ម្លូរ​ព្រៃ​ប្រវែង​ជាង​២០០០​ម៉ែត្រ​,​ដោយ​រៀប​សួន​ពុះ​ទ្រូងផ្លូវ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ដោយបាន​បង្កើតឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន ពិសេស​គឺ​ផ្លូវ​ត​ភ្ជាប់ ទៅកាន់​ខេត្ត​មួយ​នេះ​មាន​លក្ខណៈ​ល្អប្រសើរ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។​គួរ​បញ្ជាក់ថា​៖​ដើមឡើយ​ខេត្តព្រះវិហារ​គឺជា​ខេត្ត​មួយ​នៅ​តំបន់​ដាច់ស្រយាល តែ​សម្រាប់​ពេលបច្ចុប្បន្ន​នេះ ខេត្តព្រះវិហារ មិនមែនជា​ខេត្ត​នៅ​តំបន់​ដាច់ស្រយាល​ទៀត​នោះទេ ។
មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​ក្រៅពីនេះ នៅក្នុង​ទី​រួម​ខេត្តព្រះវិហារ​ក៏បាន​រៀបចំ​ឱ្យមាន​សោ​ភណ្ឌ​ភាព​គួរ​ជាទី​ទាក់ទាញ​ផងដែរ ដូចជា​ការស្ថាបនា​ឱ្យមាន ជា​សួនច្បារ រង្វង់​មូល និង​សួន​កុមារ​ដែល​បំពាក់​ដោយ​ឧបករណ៍​សម្រាប់​ឱ្យ​កូនក្មេង​លេង​ជាដើម​។ ប៉ុន្តែ ប៉ុណ្ណេះ នៅ​មិន​គ្រប់គ្រាន់​ទេ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ដឹកនាំ​ដោយ​លោក​សំ លាង​ទ្រី ជា​ប្រធាន តាម​ការចង្អុល​ណែនាំ​ពី​លោក​អ៊ុន ចាន់​ដា អភិបាល​ព្រះវិហារ បាននិងកំពុង​ធ្វើ​សកម្មភាព​សាងសង់​ផ្លូវភ្លោះ​ឬ​ផ្លូវ​oneway ក្នុង​ក្រុង​ព្រះវិហារ​មួយ​ខ្សែ​ថែមទៀត ដោយ​រៀបចំ​ឱ្យទៅជា​សួន​ពុះ​ទ្រូងផ្លូវ រូ​ម​ទាំង​ការដាំ​ដើមឈើ ដាំ​ស្មៅ និង​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នៅលើ​សួន​កណ្តាល​ទ្រូង​នេះ​ថែមទៀត​។​
​ពាក់ព័ន្ធ​ការងារ​នេះ​កាលពី​ថ្ងៃទី​៦​វិច្ឆិកា​នេះ​លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា ការដ្ឋាន សាងសង់​ផ្លូវភ្លោះ​ក្នុង​ក្រុង​ព្រះវិហារ​នេះ មាន​ប្រវែង ២១៧០​ម៉ែត្រ ទ​ទឺង​សួន​ពុះ​ចែក​ទ្រូងផ្លូវ​នេះ​មាន​ទំហំ​១​ម៉ែត្រ​៤​តឹក មាន​ដាំ​ដើមឈើ ដាំ​ស្មៅ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​LED និង​មាន​ផ្លូវ​សងខាង​១៨​ម៉ែត្រ រួមទាំង​ដាក់​ខឿន​សងខាង នៃ​ចិញ្ចើមផ្លូវ​ផងដែរ​។​លោក​ប្រធាន​មន្ទីរ​រូបនេះ​កំពុង​កែប្រែ​គំនិត​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ព្រះវិហារ​ឱ្យ​ចេះ​ប្រើប្រាស់​ផ្លូវ​oneway​ឬ​ផ្លូវ​ទៅមួយ​មក​មួយ​ដោយ​គ្រាន់តែ​ពុះ​ផ្លូវ​ដែលមាន​ស្រាប់​មួយ​ខ្សែ​ឱ្យទៅជា​២​ខ្សែ​គឺ​ទៅមួយ​មក​មួយ​។​
​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ផងដែរ​ថា​៖ នៅ​ខេត្តព្រះវិហារ មាន​រថយន្ត​តូច​ដែល​បាន​ចុះបញ្ជី​រួច​មាន​ចំនួន​៥០០​គ្រឿង​។ អញ្ចឹងទេ កំណាត់​ផ្លូវ​នេះ បើទោះបីជា​ទៅមុខ​១០​ឆ្នាំ​ទៀត​ក៏​មិនមាន​ការកកស្ទះ​ចរាចរណ៍​ដែរ​។​ក្រោយ​ការស្ថាបនា​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​នេះ​រួច ក្រុង​ព្រះវិហារ​នឹង​បង្អួត​សម្រាស់​មួយកម្រិត​ទៀតហើយ​៕