សាច់ជ្រូក​កាត់បន្ថយ​នៅលើ​ទីផ្សារ​អស់ពី​៥០​ទៅ​៦០​ភាគរយ​ហើយ​

- តើ​ត្រូវ​ស្តារ​ជំនឿ​ទុកចិត្ត​អ្នក​បរិភោគ​វិញ​តាមរបៀប​ណា​?

486
ចែករម្លែក

ដោយ​: មូល​សម្បត្តិ​
​ភ្នំពេញ​:
ឥទ្ធិពល​នៃ​ជំងឺ​ជ្រូក​ប៉ុស្តិ៍​អាហ្វ្រិក​ដែល​ផ្ទះ​នៅ​កម្ពុជា បានធ្វើអោយ​ទីផ្សារ​សាច់ជ្រូក​នៅតាម​ផ្សារ​តូច ធំ​ទាំងអស់​ស្ទើរតែ​លែងមាន​សាច់ជ្រូក​លក់​។ អ្នកលក់​សាច់ជ្រូក​ភាគច្រើន​បាន​បង្វែរ​លក់​មាន់ លក់​សាច់គោ ឬ​លក់​ត្រី​វិញ​។ តូប​លក់​សាច់ជ្រូក​ខ្លះ​បង្ខំចិត្ត​បិទតូប​មួយរយៈ​សិន ទម្រាំ​ជំងឺ​នេះ​ស្ងប់ស្ងាត់​ទៅវិញ​។ ជំនឿ​នៃ​ការផ្សាយ​អំពី​ជំងឺ​នេះ បាន​ជះឥទ្ធិពល​ខ្លាំងណាស់​ដល់​ប្រជាជន​អ្នក​បរិភោគ​សាច់ជ្រូក ដោយ​បញ្ឈប់​ការហូប​មួយរយៈ ធ្វើ​ឲ្យ​ទីផ្សារ​សាច់ជ្រូក​មានការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​។ បើទោះបី​ជ្រូក​មួយចំនួនធំ​មិនមាន​កើត​ជំងឺ​នេះ​ក៏ដោយ​។​

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅថ្ងៃនេះ​ថា តើ​យើង​ត្រូវ​ស្តារ​ជុំនឿ​ប្រជាជន​ឲ្យ​គាត់​បរិភោគ​សាច់ជ្រូក​វិញ​ដោយ​របៀប​ណា​។ ពីព្រោះ​សាច់ជ្រូក​អត់​មាន​ជំងឺ​ដាក់លក់​ទីផ្សារ​ក៏​លក់​អត់​ដាច់​ដែរ​។ ការថយចុះ​សាច់ជ្រូក​នៅលើ​ទីផ្សារ​មាន​កម្រិត​ពី​៥០​ទៅ​៦០​ភាគរយ​ហើយ ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងមកនេះ​។ តាមពិត​សាច់ជ្រូក​គ្មាន​ជំងឺ​ដែល​យក​ចេញពី​កសិដ្ឋាន​ចិញ្ចឹម​ធំៗ ក៏មាន​ដាក់លក់​ដែរ តែ​ទោះជា​យ៉ាងណា​ក៏​គេ​អត់​ទិញ​ដែរ​។ នេះ​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ ថា​តើ​ត្រូវ​រួមគ្នា​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាងម៉េច​ឲ្យ​អ្នក​បរិភោគ​គេ​វិល​មក​បរិភោគ​សាច់ជ្រូក​វិញ​។​

​លោក ភី រុង មន្ត្រី​ពេទ្យសត្វ​ម្នាក់​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា សូម្បី​តែមាន​ពិធីបុណ្យ ឬ​ការកូន ចុងភៅ​ធ្វើ​ម្ហូប​គេ​លែង​ទិញ​សាច់ជ្រូក​មក​ធ្វើ​ម្ហូប​ហើយ​។ កុងស៊ី​កាប់​ជ្រូក ក៏​បន្ថយ​ចំនួន​ជ្រូក​យកមក​កាប់​បោះ​ឲ្យ​ទីផ្សារ​។ ជ្រូក​ដែល​កាប់​គ្មាន​ជំងឺ​ក៏​លក់​អត់​ដាច់​ទៅទៀត​។ ពេទ្យសត្វ​ចុះ​ប្រតិបត្តិការ​នៅតាម​ផ្សារ បានត្រឹមតែ​ស្វែងរក​សាច់ជ្រូក​មាន​ជំងឺ ខ្លាចក្រែង​មាន​លក់​នៅតាម​ផ្សារ​តែប៉ុណ្ណោះ​។ តែ​ពេទ្យសត្វ​អត់​ជួយ​ជុំរុញ ឬ​ជួយ​ផ្សព្វផ្សាយ​អំពី​សាច់ជ្រូក​ល្អៗ ឲ្យ​ប្រជាជន​ទិញ​បរិភោគ​វិញ​ទេ​។​

​លោក ពៅ នៅតែ​ព្រួយបារម្ភ​នៃ​ការរីក​រាលដាល​ជំងឺ​នេះ ឥឡូវ​ជំងឺ​នេះ​កំពុង​លិច​ឮថា កើត​មាននៅ​ខេត្តកំពង់ចាម​ទៀតហើយ បន្ទាប់ពី​ខេត្តកណ្តាល​ថ្មីៗ​នេះ​៕