សាច់ជ្រូក​ដែល​ចេញពី​សត្តឃាត​ខេត្តសៀមរាប គឺមាន​សុវត្ថិភាព​ទាំងអស់

408
ចែករម្លែក
  • 48
    Shares

ដោយ:​បាយ័ន​/​ខេត្តសៀមរាប ​៖ ក្រោយពី​មានការ​ផ្ទុះ​នៅ​ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ប្រទេស​វៀតណាម​មក បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ខ្លាចរអា​ក្នុង​ការទិញ​សាច់ជ្រូក​យកមក​បរិភោគ ប៉ុន្តែ​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប អះអាងថា សាច់ជ្រូក​ដែល​នាំ​ចេញពី​សត្តឃាតដ្ឋាន​ក្នុង​ខេត្តសៀមរាប​យកទៅដាក់​លក់​នៅលើ​ទីផ្សារ គឺមាន​សុវត្ថិភាព​ទាំងអស់​។​

​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា បន្ទាប់ពី​មានការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ប្រទេស​វៀតណាម នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ប្រជាពលរដ្ឋ​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ​ក្នុង​ការបរិភោគ​សាច់ជ្រូក ដោយ​អ្នកខ្លះ​មិន​ហ៊ាន​ទទួលទាន​សាច់ជ្រូក​ផងដែរ ប៉ុន្តែ​សាច់ជ្រូក​ដែល​នាំ​ចេញពី​សត្តឃាតដ្ឋាន​យកទៅដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប គឺ​គ្មាន​មេរោគ​ឆ្លង​ទេ ដូច្នេះ​ប្រជាពលរដ្ឋ​អាច​បរិភោគបាន​ដោយមាន​សុវត្ថិភាព ។​

លោក ព្រំ វិច បានបញ្ជាក់​ទៀតថា រាល់​សត្វ​ជ្រូក​ទាំងអស់ ដែល​ដឹក​ចូល​សត្តឃាតដ្ឋាន​មុននឹង​ពិឃាត​យក​សាច់ជ្រូក​ទាំង​អស់ ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ ដូចជា មុន​ពិឃាត​ពេល​ល្ងាច​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ទៅលើ​សុខភាព​ជ្រូក បើ​ឃើញថា សត្វ​នោះ​មាន​សុខ​ភាពល្អ​ទើប​អនុញ្ញាតឱ្យ​ពិឃាត​។​

​បន្ទាប់ពី​ពិឃាត​បាន​សាច់​ហើយ​មន្ត្រី​ជំនាញ​យក​សាច់ជ្រូក​នោះ ពិនិត្យមើល​មេរោគ​សិន បើ​ឃើញថា គ្មាន​មេរោគ​ទេ ទើប​បោះត្រា​នៅលើ​សាច់ជ្រូក​នោះ​អាចឱ្យ​នាំទៅ​លក់​នៅលើ​ទីផ្សារ​បាន ហើយ​ចំពោះ​ការផ្សាយ​របស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា នៅ​ខេត្តសៀមរាប​មាន​ផ្ទុះ​ជំងឺ​ជ្រូក​ត្រចៀក​ខៀវ​នោះ លោក​សូម​បដិសេធថា បច្ចុប្បន្ននេះ គ្មាន​ជំងឺ​នេះ​កើតឡើង​នៅក្នុង​ខេត្តសៀមរាប​ឡើយ ប៉ុន្តែ​ចំពោះ​សាច់ជ្រូក​ដែល​ប្រជាពលរដ្ឋ​ចិញ្ចឹម​លក្ខណៈ​គ្រួសារ ហើយ​ពិឃាត​យក​សាច់​ហូប​នោះ លោក​មិន​ហ៊ាន​ធានា​ទេ ព្រោះ​សត្វ​នោះ​មិនបាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ដោយសារតែ​ខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​កម្ពុជា បច្ចុប្បន្ននេះ មន្ត្រី​ជំនាញ​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ត្រួតពិនិត្យ​គុណភាព​សាច់​ដែល​ដាក់លក់​នៅលើ​ទីផ្សារ ព្រោះថា បើ​មាន​បញ្ហា​ណាមួយ​កើតឡើង វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ដែលជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

ក្នុងឱកាស​នោះ លោក ទា គឹម​សុទ្ធ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ឬ​អ្នក​សា​ព័ត៌មាន​ប្រសិនបើ​ទទួលបាន​ដំណឹង​សង្ស័យថា មាន​សត្វ​ជ្រូក ឬ​សត្វ​ផ្សេងៗ​ទៀត មានការ​ឆ្លង​ជំងឺ​សូម​រាយការណ៍​មក​មន្ទីរ ដើម្បី​មន្ត្រី​ជំនាញ​របស់​យើង​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​​ទាន់ពេលវេលា ។​

សូមបញ្ជាក់ថា នៅក្នុង​មួយថ្ងៃ នៅក្នុង​ខេត្តសៀមរាប​ត្រូវការ​សាច់ជ្រូក​ប្រមាណ​ជាង​១៣​តោន សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ ហើយ​សត្វ​ជ្រូក​ភាគច្រើន គឺជា​ជ្រូក​ក្នុងស្រុក និង​មានការ​នាំចូល​ពី​ប្រទេស​ថៃ​តិចតួច ប៉ុន្តែ​គ្មាន​ការនាំ​ចូល​ពី​ប្រទេស​វៀតណាម​ឡើយ៕B/