សាច់ជ្រូក​វៀតណាម​ត្រូវបាន​ហាមឃាត់​នៅក្នុង​ប្រទេស​មួយចំនួន​ដោយសារ​ការភ័យខ្លាច​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​

591
ចែករម្លែក
  • 20
    Shares

​ប្រទេស​ជាច្រើន​កំពុង​ហាមឃាត់​ការនាំ​ចូល​សាច់ជ្រូក​ពី​វៀតណាម​បន្ទាប់ពី​មាន​ការ​ផ្ទុះឡើង​នៃ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​(​ប៉េស​ជ្រូក​អាហ្វ្រិក​) កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​នេះ​។​​អ្នករំលោភ​បម្រាម​នេះ ប្រឈម​នឹង​ការផាកពិន័យ​និង​ថែម​ទាំង​ដាក់​គុក​ទៀតផង​។​

​ក្រសួងការបរទេ​សវៀ​ត​ណា​ម​បាន​និយាយថា​កោះតៃវ៉ាន់​បានប្រកាសថា​ប្រជាជន​វៀតណាម​ដែល​មក ជាប់​ជាមួយ​នឹង​ផលិត​សាច់ជ្រូក នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ប្រហែល​៦.៥០០​ដុល្លារ​។​​ការផាកពិន័យ​នឹង​ឡើងដល់​៣៣.០០០​ដុល្លារ​ប្រសិនបើ​អ្នកដំណើរ​ត្រូវបាន​ចាប់ខ្លួន​ជា​លើក​ទី​២​និង​ហាមឃាត់​ការចូល ប្រសិន​បើ​ពួកគេ​មិន​បាន​បង់​ប្រាក់​ពិន័យ​។​

​សូមបញ្ជាក់​ថា ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន​៦.៥០០​ដុល្លារ​ចំពោះ​ការនាំយក​នំអន្សមជ្រូក​ចូលទៅ​ក្នុង​ព្រលានយន្តហោះ​Taichung នៅ​តៃវ៉ាន់​​កាលពី​ថ្ងៃទី​២៧​ខែ​កុម្ភៈ​។​តែ​ស្ត្រី​នេះ​បាន​ត្រឡប់​ទៅ​វៀតណាម​វិញ​ដោយសារ​មិន​អាច​បង់​ប្រាក់​ពិន័យ​ថ្លៃ​រាប់ពាន់​ដុល្លារ​ដោយសារ​តែ​នំ​អន្សម​២​។​

​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ក៏​បាន​ព្រមាន​អ្នកដំណើរ​កុំ​អោយ​នាំ​យក​គ្រឿង​អាហារ​សាច់ជ្រូក​ចូល​ប្រទេស​ជប៉ុន​និង​អូស្ត្រាលី​។​

​អ្នកដំណើរ​ដែល​នាំយក​ម្ហូបអាហារ​ឆៅ​ឬ​អាហារ​សាច់​កែច្នៃ​ទៅ​ប្រទេស​ជប៉ុន​ពី​ប្រទេស​វៀតណាម​ត្រូវតែ​មាន​លិខិត​សុវត្ថិភាព​ចំណីអាហារ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ត្រូវ​ប្រឈម​​នឹង​ការជាប់គុក​៣​ឆ្នាំ​ឬ​ពិន័យ​ជា​ប្រាក់​៨.៩០០​ដុល្លារ​។​

​នៅ​ប្រទេស​អូស្ត្រាលី អ្នកដំណើរ​ត្រូវតែ​ប្រកាស​ចំណីអាហារ​ទាំងអស់​ដែល​ផលិត​ពី​គ្រឿងផ្សំ​ពី​រុក្ខជាតិ​ឬ​គ្រឿងផ្សំ​ពី​សត្វ បើ​មិន​ដូច្នេះ​ទេ ប្រឈម​នឹង​ការផាកពិន័យ​នឹង​២៩៨.០៣២​ដុល្លារ​។​នៅ​ទីក្រុង​ឌុយ​បៃ អង់គ្លេស និង​សហរដ្ឋអាមេរិក​ក៏​ហាមឃាត់​ផលិតផល​សាច់ជ្រូក​ពី​វៀតណាម​ផងដែរ​។​

​បន្ទាប់​ពី​ប្រទេស​ចិន​និង​ម៉ុង​ហ្គោលី​នោះ​វៀតណាម​បាន​ក្លាយទៅជា ប្រទេស​អាស៊ី​ទី​៣​ដែល​ទទួលរង​នូវ​ជំងឺ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​ដែល​មិន​អាច​ព្យាបាល​បាន ដែល​ត្រូវបាន​រកឃើញ​​នៅ​ទីក្រុង​Hanoi ទីក្រុង​Hai Phong​និង​ខេត្ត​ចំនួន​៤​គឺ​ខេត្ត Thai Binh ខេត្ត​Hung Yen ខេត្ត​Ha Nam ខេត្ត​Thanh Hoa ខេត្ត Hai Duong​។​

​ជំងឺ​គ្រុនផ្តាសាយ​នេះ​ជា​ជំងឺ​បង្កឡើង​ដោយ​វីរុស្ស​ដែល​ចម្លង​ដល់​សត្វ​ជ្រូក​ទាំងអស់​តាមរយៈ​សារធាតុចិញ្ចឹម​រាងកាយ ដូចជា ឈាម​និង​ស្លេស​។ វា​បណ្តាល​ឱ្យ​គ្រុនក្តៅ​ដែល​មាន​អត្រា​​ស្លាប់​១០០​ភាគរយ ។​ទោះជា​យ៉ាងណា​មនុស្ស​មិន​ត្រូវបាន​ឆ្លង​ដោយ​ជំងឺ​នេះ​ទេ​៕​ដោយ​៖សុខា​/sn