សាច់ញាតិថាមកពីកូនឆ្កែខាំ ទើប​​ជន​រងគ្រោះព្រុសលូ ដូចសត្វឆ្កែ

355
ចែករម្លែក

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ ហេតុការភ្ញាក់ផ្អើលមួយបានកើតឡើងលើបុរស​វ័យ៣៥ឆ្នាំម្នាក់ ពេលជនរងគ្រោះកើតអាការៈប្រកាច់ ព្រុស លូ បែកពពុះ មានសណ្ឋានដូចឆ្កែឆ្គួត ហើយហេតុការគឺបានកើតឡើងកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩កន្លងទៅនាភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

សេចក្តីរាយការចុងក្រោយនៅថ្ងៃទី១៧ខែធ្នូនេះ ជនរងគ្រោះត្រូវបញ្ជួនដល់មន្ទីរពេទ្យទីក្រុងភ្នំពេញហើយ តែលទ្ធផលនៃស្ថានភាពអ្នកជំងឺនៅពុំទាន់មានការបញ្ជាក់នៅឡើយ។

តាមការផ្តល់បទសម្ភាសពីសាច់ញាតិអ្នកជំងឺបានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ថា មុនអ្នកជំងឺមានសភាពស្រែកលូដូចសត្វឆ្កែ កាលពីបីបួនថ្ងៃមុន អ្នកជំងឺធ្លាប់ត្រូវកូនឆ្កែខាំកាល​ពី៣,៤ថ្ងៃមុន តែមិនដឹងថា ខាំត្រូវកន្លែងណានោះទេ។

ហើយកាលពីម្សិលមិញ(ថ្ងៃទី១៦)គាត់បានផឹកស្រាក្លែមជាមួយសាច់ឆ្កែរួមទាំងមិត្តភ័ក្ក ស្រាប់តែកើតមានអាការប្រកាច់ភ្លាមៗតែម្តង។

ប្រភពបានបន្តថា ដោយឃើញពីស្ថានភាពរបស់អ្នកជំងឺកាន់តែធ្ងន់ធ្ងរ សាច់ញាតិបានបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ប៉ុន្តែដោយសភាពអ្នកជំងឺពិបាកក្នុងការសង្គ្រោះ គ្រូពេទ្យបានឲ្យបញ្ជូនទៅភ្នំពេញ។តែជាការសោកស្តាយពេទ្យថា រថយន្តរបស់មន្ទីរពេទ្យអត់នៅកន្លែង ជាប់រវល់អស់ហើយ។ដូច្នេះសាច់ញាតិរបស់អ្នកជំងឺក៏បានស្វែងរកការជួយសង្គ្រោះពីមន្ទីររម្រាកព្យាបាលឯកជន សុខបញ្ញា ពេទ្យក៏បានប្រាប់ថា អត់មានតៃកុងទេ…អ៊ីចឹងហើយក៏បង្ហួសទៅពេទ្យមួយកន្លែងទៀតនៅជិតរង្វង់មូលគោព្រៃឈ្មោះ មន្ទីរសម្រាកព្យាបាលមណ្ឌលគិរី ពេលទៅដល់ភ្លាមគេពិនិត្យអាការហើយថា មានតែយកទៅភ្នំពេញទេ…ដោយយកតម្លៃឈ្នួលរថយន្ត៣៥០ដុល្លា គ្រាន់ឮតម្លៃភ្លាមសាច់ញាតិអ្នកជំងឺបានសុំឲ្យបញ្ចុះថ្លៃបន្តិច ប៉ុន្តែក្រុមពេទ្យឯកជននោះបដិសេដដោយអះអាងថា នេះជាគោលការណ៏មេគេដាក់មកចឹង…ក្រោយពីសុំតម្លៃមិនព្រមចុះ ក្រុមគ្រួសារអ្នកជំងឺក៏យល់ព្រមត្រឹមតម្លៃ៣៥០ដុល្លាតាមការទាមទាររបស់មន្ទីរពេទ្យនោះ ប៉ុន្តែជាការហួសចិត្ត ស្រាប់តែគេតបវិញថា តៃកុងរថយន្តមិនទំនេរ ទោះក្រុមគ្រួសារអ្នកជំងឺហ៊ានឡើងថ្លៃដល់៤០០ដុល្លាក៏ដោយ។

គិតត្រឹមព្រឹកថ្ងៃទី១៧ ធ្នូ អ្នកជំងឺខាងលើត្រូវបាននាំយកទៅដល់លំនៅឋាននាខេត្តត្បូងឃ្មុំវិញតាមរយៈរថយន្តឈ្នួល ដោយមិនបានបញ្ជូនទៅពេទ្យនៅភ្នំពេញទេ ។ចំណែកស្ថានភាពអ្នកជំងឺត្រូវបានគ្រួសារឲ្យដឹងថា ម្តងធ្វើទុក្ខខ្លាំង ម្តងខ្សោយ បន្ទាប់ពីបាន​ផឹក​ថ្នាំខ្មែរ។អ្នកជំងឺមានឈ្មោះ យាន យ៉ុន អាយុ៣៥ឆ្នាំ មានប្រពន្ឋនិងកូនរស់នៅខេត្តត្បូងឃ្មុំ បានទៅធ្វើការជាជាងដែកនៅស្រុកអូររាំងតែម្នាក់ឯងអស់រយៈពេល២ខែមកហើយមុនកើតមានជំងឺនេះ។

ទោះជាយ៉ាងណាមិនមានព័ត៌មានលំអិតណាមួយពីក្រុមគ្រូពេទ្យនៅខេត្តមណ្ឌលគិរីអំពីស្ថានភាពអ្នកជំងឺខាងលើឡើយ។ដោយលោក ប៊ុន សួ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរីបានឆ្លើយថា លោកបានដឹងពីមន្ត្រីរាយការណ៏មកថា អ្នកជំងឺត្រូវបានបញ្ជូនទៅភ្នំពេញហើយ។ ចំណែកលោក ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកសែនមនោរម្យ ខេត្តមណ្ឌលគិរី ក៏បានត្រឹមឆ្លើយស្ទាក់ស្ទើរថា ពិតជាមានករណីអ្នកជំងឺត្រូវឆ្កែខាំមែន តែចាំលោកសួរទៅអនុប្រធានសិន ព្រោះលោកកំពុងនៅឆ្ងាយ៕B/