សាធារណជន​នឹង​បាត់​ជំនឿ​នៅពេល​ថ្នាក់ដឹកនាំ​ណា​ម្នាក់​ផ្តល់ព័ត៌មានមិន​ពិត​

3593

(​កំពត​)៖ គ្រប់​អ្នកដឹកនាំ​មន្ទីរ អង្គភាព​រដ្ឋ​ត្រូវ​ផ្តល់ព័ត៌មាន​ពិត ទើប​សាធារណជន​មាន​ជំនឿ​ជឿជាក់ និង​បញ្ចៀស​បាន​ពី​ការយល់ច្រឡំ​។ នេះ​ជា​ប្រសាសន៍​របស់​ថា្នក់​ដឹកនាំ​ខេត្តកំពត ថ្លែង​ក្នុង​អង្គសិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ជំនាញ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រព័ន្ធ​ផ្ស​ព្ស​ផ្សាយ និង​ការនិយាយ​ជា​សាធារណៈ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​។​

​នៅ​ចំពោះមុខ​សិក្ខា​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​រដ្ឋ​ទូទាំង​ខេត្ត លោក ស៊ឹម វុ​ទ្ធា អភិបាលរង​ខេត្តកំពត បាន​មានប្រសាសន៍ថា អស់លោក លោកស្រី​នឹង​បាត់បង់​ការជឿជាក់​សម្រាប់​សាធារណជន ខណៈដែល​ក្នុង​នាមខ្លួន​ជា​អ្នកដឹកនាំ​បែរជា​ផ្តល់ ឬ​លាក់​ព័ត៌មាន​ចំពោះ​អ្នកសារព័ត៌មាន​ដែលនាំឱ្យ​មានការ​យល់ច្រឡំ​ក្រោយពេល​ផ្សព្វផ្សាយ​នោះ​។ ការបើកចំហ​រង់ចាំ​ទទួលយក​ពាក្យរិះគន់​តា​មរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​អ្នកដឹកនាំ​ប្រកបដោយ​ក្រមសីលធម៌ ព្រោះ​អស់លោក លោកស្រី​ជា​មន្ត្រីរាជការ​ដែល​ត្រូវ​បម្រើ​សាធារណជន​។

​លោក​អភិបាលរង​បាន​មានប្រសាសន៍​បន្តថា លើសពីនោះ វាគ្មិន​ត្រូវ​បញ្ចៀស​ឱ្យបាន​នូវ​រាល់​ពាក្យសម្តី​អសុរោះ ក្នុងការ​ផ្តល់ព័ត៌មាន ព្រោះ​អ្នក​សារព័ត៌​អាច​នឹង​ស្រង់​សម្តី​ផ្ទាល់​យកទៅ​ផ្សព្វផ្សាយ ដែល​នឹង​ធ្វើឱ្យ​ខ្លួន​ក្លាយជា​មន្ត្រី​ម្នាក់​ត្រូវបាន​គេ​ផ្តល់​តម្លៃ ក្នុង​កម្រិត​ណាមួយ​។ លោក​ស៊ឹម វុ​ទ្ធា បាន​បញ្ជាក់ថា ភាពជា​អ្នកដឹកនាំ​ត្រូវមាន​ជំនាញ​ច្បាស់លាស់ រាល់​ការនិយាយស្តី ពិសេស​បញ្ហា​ក្រមសីលធម៌​តែម្តង​។​

​សូមបញ្ជាក់ថា ក្រោម​កិច្ច​ឧបត្ថម្ភ​គាំទ្រ​ពី​គម្រោង​ជំនួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា របស់​ប្រទេស​អូស្ត្រាលី មន្ទីរ​ព័ត៌មាន​ខេត្តកំពត បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ នៃ​ការនិយាយ​ដល់​ថ្នាក់ដឹកនាំ គ្រប់​មន្ទីរ​អង្គភាព​រដ្ឋ​ក្នុង​ខេត្តកំពត ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៩ ខែវិច្ឆិកា និង​បញ្ចប់​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខនេះ​៕L ដោយ​៖ បូកគោ​