សាធារណរដ្ឋ​កូរ៉េ ពេញចិត្ត​ចំពោះ​ការអនុវត្ត​គម្រោង​សាកល្បង​ភូមិ​គំរូ​នៅ​កម្ពុជា ក្រោម​ជំនួយឥតសំណង​ជិត​៩​លាន​ដុល្លារ​

535
ចែករម្លែក

​ដោយ : ​គូលែន​/​សៀមរាប ៖ សាធារណរដ្ឋ​កូរ៉េ ពេញចិត្ត​ចំពោះ​ការអនុវត្ត​គម្រោង​សាកល្បង​ភូមិ​គំរូ​នៅ​កម្ពុជា ក្រោម​ជំនួយឥតសំណង​ជិត​៩​លាន​ដុល្លារ ខណៈ​មន្ត្រី​កម្ពុជា​អះអាងថា ក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​ទទួល​មើល​ការខុសត្រូវ​លើ​គម្រោង និង បន្ត​ភាពជា​ម្ចាស់​នៃ​សហគមន៍​។​នេះ​គឺជា​ការបញ្ជាក់​របស់លោក អឿន ធា​រិ​ទ្ធិ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ។​

លោក អឿន ធា​រិ​ទ្ធិ មានប្រសាសន៍​យ៉ាងនេះ នៅក្នុង​អង្គសិក្ខាសាលា ស្តីពី​ការចែករំលែក​បទពិសោធ​ន៍ និង ភាពជោគជ័យ​របស់​ភូមិ​គំរូ​សាកល្បង នៃ​គម្រោង​អភិវឌ្ឍ​ជនបទ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ ចលនា​ភូមិ​ថ្មី ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សហគមន៍​និង​កសិករ​ឆ្នើម​ប្រមាណ​ជា ២០០​នាក់ មកពី​ភូមិ​គំរូ​ចំនួន​៣០ នៃ​ខេត្ត​គោលដៅ​ចំនួន​៣ រួមមាន​ខេត្តកំពង់ស្ពឺ , ខេត្តតាកែវ និង​ខេត្ត​ត្បូងឃ្មុំ ។​

​លោក អឿន ធា​រិ​ទ្ធិ បាន​បញ្ជាក់ថា ក្រោម​ជំនួយឥតសំណង​ជា​ថវិកា​ជិត​៩​លាន​ដុល្លារ​អាម៉េរិក​របស់​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​កូរ៉េ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដែល​ហៅ​កាត់​ជា​ភាសាបរទេស​ថា KOICA សម្រាប់​រៀបចំ​ផែនការមេ ស្តីពី​ការអភិវឌ្ឍ​ជនបទ​នៅ​កម្ពុជា​រយៈពេល​៥​ឆ្នាំ និង​ការអនុវត្ត​គម្រោង​ភូមិ​គំរូ​សាកល្បង​ចំនួន​៣០ ដោយ​ប្រើ​វិធីសាស្ត្រ​គម្រោង​អភិវឌ្ឍ ចលនា​ភូមិ​ថ្មី មាន​រយៈពេល​៣​ឆ្នាំ លើ​គោលដៅ​នៃ​ខេត្ត​ចំនួន​៣ រួមមាន ខេត្តកំពង់ស្ពឺ , ខេត្តតាកែវ និង ខេត្ត​ត្បូងឃ្មុំ និង ការបង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជនបទ កម្ពុជា​-​កូរ៉េ នៅ​ខេត្តកំពង់ស្ពឺ ខណៈដែល​គម្រោង​នេះ ត្រូវបាន​បញ្ចប់ និង ត្រូវប្រគល់​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា នា​ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ ។​

​លោក​បាន​បញ្ជាក់ទៀតថា យោងតាម​ការបញ្ចប់​គ​ម្រោ​ង​នេះ ក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​ទទួល​មើល​ការខុសត្រូវ​លើ​គម្រោង និង បន្ត​ភាពជា​ម្ចាស់​នៃ​សហគមន៍ ហើយ​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ឆន្ទៈ​ក្នុងការ​គាំទ្រ ជា​ជំនួយ​បច្ចេកទេស​ដល់​អ្នកភូមិ សម្រាប់​ការអនុវត្ត និង​បន្ត​និរន្តរភាព​គម្រោង​នាពេល​អនាគត ។​
លោកស្រី គីម ម្យុ​ង​ជិន នាយករង KOICA ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​នូវ​ភាពកក់ក្តៅ​និង​មាន​មោទនភាព ចំពោះ​ការខិតខំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង សហគមន៍ ដែលមាន​កិច្ច​សហការគ្នា​បានល្អ​ប្រសើរ ជាមួយនឹង​លទ្ធផល​ដែល​ទទួលបាន​កន្លងមក​នេះ លើ​ការអនុវត្ត​គម្រោង​សាកល្បង​ភូមិ​គំរូ​ចំនួន​៣០ នៅ​ខេត្ត​គោលដៅ​ចំនួន​៣ ។​

​លោកស្រី គីម ម្យុ​ង​ជិន មានប្រសាសន៍​ទៀតថា ជាក់ស្តែង​ឥឡូវនេះ យើង​ពុំមាន​កម្មវិធី​ពង្រីក ឬ បន្ត​ជំ​ហ៊ាន​ថ្មី​នោះទេ ប៉ុន្តែ​យើង​ចាត់ទុកថា គម្រោង​នឹងត្រូវ​បញ្ចប់​នេះ គឺជា​ជំ​ហ៊ាន​ទី​១ ហើយ​យើង​កំពុង​សិក្សា​គម្រោង​ថ្មី​មួយ ដែល​អាច​និយាយបានថា ជា​ជំ​ហ៊ាន​ទី​២ ខណៈ​ជំ​ហ៊ាន​ទី​១ គឺ​យើង​ផ្តោតលើ​ផលិតកម្ម ។ ចំណែក​ការសិក្សា​​​សម្រាប់​ជំ​ហ៊ាន​ទី​២ គឺ​ផ្តោតលើ​ទីផ្សារ ដូច្នេះ​ប្រសិនបើ​គម្រោង​ទី​២ សិក្សា​ទៅ​ទទួលបាន​ជោគជ័យ យើង​នឹង​ផ្សារភ្ជាប់​គម្រោង​ទី​១​និង​ទី​២​ជាមួយគ្នា នៅពេលនោះ យើង​នឹងមាន​គម្រោង​ផលិតកម្ម​និង​ទីផ្សារ ៕B