សារជាតិ​ចម្រាញ់​ពី​តែ​អ៊ូ​ឡុង អាច​ប្រឆាំង​ជំងឺមហារីក​សុដន់​

528
ចែករម្លែក

ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ បាន​បង្ហាញថា សារជាតិ​ចម្រាញ់​ពី​តែ​អ៊ូ​ឡុង មាន​សក្តានុពល​យ៉ាង​ធំ ក្នុងការ​ទប់ស្កាត់​ជំងឺមហារីក​សុដន់ ។​

​បណ្តា​ការពិសោធន៍​សុទ្ធតែ​បង្ហាញថា តែ​នេះ​អាច​ទប់ស្កាត់​ការរីកចម្រើន​របស់​កោសិកា​មហារីក​សុដន់ ។​

​ពួក​អ្នកស្រាវជ្រាវ​បាន​រកឃើញ​សារជាតិ​មួយ អាច​ប្រឆាំង​កោសិកា​មហារីក​ក្នុង​តែ​អ៊ូ​ឡុង ហើយ​វា​ក៏មាន​ក្នុង​តែ​បៃតង​, ប៉ុន្តែ តែ​ខ្មៅ​មាន​ឥទ្ធិពល​តិចជាង​ចំពោះ​កោសិកា​មហារីក ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​មកពី​សកល​វិទ្យាល័យ សាំង ល្វី​ស នៅ​រដ្ឋ មី​ស៊ូ​រី សហរដ្ឋអាមេរិក ក៏បាន​ធ្វើការ​វិភាគ​អត្រា​មហារីក​សុដន និង​ស្លាប់​ដោយសារ​ជំងឺ​នេះ នៅ​ពាសពេញ​ប្រទេស​ចិន ។ លទ្ធផល​បង្ហាញថា តំបន់​មាន​កម្រិត​ប្រើប្រាស់​តែ​អ៊ូ​ឡុង​ខ្ពស់ គឺជា​តំបន់​មាន​អត្រា​អ្នក​កើត​ជំងឺ​នេះ​ទាប ។​

​ក្រុម​ស្រាវជ្រាវ​បាន​ដំណើរការ​ត្រួតពិនិត្យ​ប្រសិទ្ធភាព​របស់​សារជាតិ​ចម្រាញ់​ពី​តែ​អ៊ូ​ឡុង ចំពោះ​កោសិកា​មហារីក​សុដន់ ៦ ប្រភេទ ។ លទ្ធផល​បង្ហាញថា កោសិកា​មហារីក​ទាំង​៦​ប្រភេទ ពេល​ប៉ះ​ជាមួយ​សារជាតិ​ចម្រាញ់​ពី​តែ​អ៊ូ​ឡុង និង​តែ​បៃតង សុទ្ធតែ​ត្រូវ​រារាំង និង​មិនអាច រីកចម្រើន​, តែ​ពេល​ប៉ះ​តែ​ខ្មៅ នោះ​គ្មាន​ប្រសិទ្ធភាព​ដូច្នេះ​ឡើយ ។​

​ពី​លទ្ធផល​នេះ ពួក​អ្នកស្រាវជ្រាវ​សន្និដ្ឋានថា តែ​អ៊ូ​ឡុង ក៏​ដូច​តែ​បៃតង​ដើរតួនាទី​ដ៏​ធំ ក្នុងការ​ទប់ស្កាត់​ការរីកចម្រើន​របស់​កោសិកា​មហារីក​សុដន់​, បន្ថយ​ការរីកចម្រើន​របស់​ដុំ​សាច់​មហារីក ៕ ប្រែ​សម្រួល​: រតនៈ​