សារព័ត៌មានអន្តរជាតិមួយក្រុម​ មក​​ស្រាវជ្រាវពីសក្តានុពលទេស​​ចរណ៍កម្ពុជា យកទៅផ្សព្វផ្សាយបន្ត​ដល់ពិភពលោក

114
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ប្រតិភូសារព័ត៌មានល្បីៗ កម្រិតពិភពលោកមកពីសហគមន៍អឺរ៉ុបចំនួន ៨នាក់ បានមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវ ពីសក្ដានុពលវិស័យទេសចរណ៍កម្ពុជា ក្នុងគោលបំណងដើម្បីយកទៅផ្សព្វផ្សាយបន្ត ប្រាប់ដល់ពិភពលោក និងភ្ញៀវទេសចរឱ្យបានដឹងបានឃើញ ខណៈដែលកម្ពុជាកំពុងរងនូវវិបត្តិធ្លាក់ភ្ញៀវទេសចរយ៉ាងខ្លាំងដោយសារជម្ងឺកូរ៉ណាផ្ទុះនៅចិននិងត្រូវការដៃគូផ្សព្វផ្សាយបន្ថែមទៀត។

លោកសូ វិសុទ្ធីអនុរដ្ឋលេខាក្រសួងទេសចរណ៍ប្រាប់អោយដឹងថា÷
ក្រុមអ្នកសារព័ត៌មានទាំងនោះ មានអ្នកខ្លះជាអ្នកសរសេរ Blog របស់សារព័ត៌មាន Canberra Time និងតំណាងសមាគមបោះពុម្ភផ្សាយព័ត៌មានដទៃទៀតមកពីប្រទេសអូស្ត្រាលី។ អ្នកខ្លះជាអ្នកសារព័ត៌មាន TAZ។ សារព័ត៌មាន NZZ ។វិទ្យុ XY ប្រចាំទីក្រុងប៊ែកឡាំង និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតមកពីប្រទេសអាល្លឺម៉ង់។ អ្នកខ្លះទៀតតំណាងមកពីទស្សនាវដ្តី Volkskrant.nl-Daily មកពីប្រទេសហូឡង់ និងមកពីប្រទេសប៊ែលហ្សិក ទស្សនាវដ្តី The Telegraph។ ទស្សនាវដ្តីឯករាជ្យ (Independent) ។ទស្សនាវដ្តីភូមិសាស្ត្រ (RGS) ។សារព័ត៌មាន BBC។ សារព័ត៌មាន Metro។ សារព័ត៌មាន Guardian។ សារព័ត៌មាន Wanderlust។ ទស្សនាវដ្តីអាហារ និងទេសចរណ៍ ដែលសុទ្ធតែមកពីចក្រភពអង់គ្លេស។

ទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃទី១៦-២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមគោលដៅតំបន់ទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្ដសៀមរាប ខេត្ដព្រះសីហនុ ខេត្ដកំពត ខេត្ដកែប និងរាជធានីភ្នំពេញ។

ប្រតិភូសារព័ត៌មានខាងលើនេះ បានមកដល់កម្ពុជាតាមអាកាសយានដ្ឋានអន្ដរជាតិសៀមរាប និងមានការជជែកពាក់ព័ន្ធពីការវិវត្ដថ្មីៗ និងលើកិច្ចការងារជួសជុលថែរក្សាប្រាង្គប្រាសាទ រួមជាមួយផែនការអភិវឌ្ឍន៍បន្ដទៅអនាគតរបស់ខេត្ដសៀមរាបជាមួយភាគីកម្ពុជាផងដែរ។

នៅថ្ងៃបន្ដបន្ទាប់ ក្រុមប្រតិភូសារព័ត៌មានបានចាប់ផ្ដើមដំណើរទស្សនកិច្ចតាមចូលក្នុងព្រៃ ដើម្បីសិក្សាស្វែងយល់ និងថតយករូបភាពតាមប្រាង្គប្រាសាទមួយចំនួននៅតំបន់អង្គរ និងបានទៅទស្សនាដំរីនៅព្រៃគូលែន។

ក្រុមប្រតិភូបានទៅទស្សនាមជ្ឈមណ្ឌលពិព័រណ៍ផ្សេងៗ និងរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលមានទីតាំងក្នុងខេត្តសៀមរាបផងដែរ ដើម្បីសិក្សាស្វែងយល់ពីសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មានក៏បានទៅសិក្សាស្វែងយល់ពីមុខម្ហូបខ្មែរ ដែលមានការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ពាក់ព័ន្ធឈ្មោះមុខម្ហូបខ្មែរ និងរបៀបនៃការចម្អិនឲ្យមានរស់ជាតិឆ្ងាញ់នៅតាមភោជនីយដ្ឋានល្បីៗក្នុងខេត្ដសៀមរាប។

នាថ្ងៃទី១៩ ខែកុម្ភៈ ក្រុមអ្នកសារព័ត៌មានបានចាកចេញទៅកាន់ខេត្ដព្រះសីហនុ ដែលជាតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងគោលបំណងទៅថតយករូបភាពឆ្នេរសមុទ្រកម្ពុជាដ៏ស្រស់ស្អាត និងរមណីយដ្ឋានធំៗល្បីថ្នាក់ផ្កាយ ៥ កម្រិតពិភពលោក ក៏ដូចជាទទួលយកបទពិសោធន៍ស្នាក់នៅលើកោះមួយចំនួនរបស់កម្ពុជា។

ក្រុមប្រតិភូខាងលើបានបន្ដដំណើរទៅទស្សនារមណីដ្ឋានមួយចំនួន ដែលល្បីៗរបស់ខេត្ដកំពត និងបានទៅសិក្សាស្វែងយល់ពីតំបន់ចម្ការម្រេចកំពត ដែលល្បីល្បាញពាសពេញពិភពលោកផង។

រាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងជាបេះដូងនៃកម្ពុជា គឺជាគោលដៅចុងក្រោយនៃដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូសារព័ត៌មាន ដោយបានទៅថតយករូបភាពស្អាតៗតាមកន្លែងគោលដៅទេសចរណ៍ល្បីៗ និងធ្វើការសិក្សាស្វែងយល់ពីការរស់នៅប្រចាំថ្ងៃរបស់អាជីវករលក់ដូរតាមផ្សារមួយចំនួន ក៏ដូចជាទៅទស្សនាតាមទីតាំងគោលដៅកម្សាន្ដនានា ដែលបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតរំលេចដោយភ្លើងពណ៌បំភ្លឺលម្អទីក្រុងភ្នំពេញពេលរាត្រី។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចខាងលើ ក្រុមប្រតិភូអ្នកសារព័ត៌មានល្បីៗបានចូលជួបសម្ដែងការគួរសមជាមួយលោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ថោង រដ្ឋស័ក្កិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្ដិការអន្ដរជាតិ នៅទីស្ដីការក្រសួងទេសចរណ៍ និងបានជជែករៀបរាប់ពីបទពិសោធន៍នៃដំណើរទស្សនកិច្ចខាងលើ និងបានសាកសួរព័ត៌មានខ្លះៗបន្ថែមទៀត ពាក់ព័ន្ធកិច្ចការជំរុញផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា និងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការវិត្ដថ្មីៗនៃវិស័យទេសចរណ៍ពិភពលោកផង។

ជាការឆ្លើយតប ថ្នាក់ដឹកនាំក្រសួងបានបកស្រាយជូនក្រុមប្រតិភូសារព័ត៌មានខាងលើយ៉ាងក្បោះក្បាយ ក៏ដូចជាបានសន្យាបន្ដកិច្ចសហប្រតិបត្ដិការល្អជាមួយគ្នាបន្ដទៅទៀត ដើម្បីជំរុញផ្សព្វផ្សាយពីគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ទៅកាន់ពិភពលោកឲ្យបានស្គាល់ពីកម្ពុជាកាន់តែច្បាស់ ក៏ដូចជាជំរុញលើកទឹកចិត្ដឲ្យភ្ញៀវទេសចរជុំវិញពិភពលោកធ្វើដំណើរមកកម្ពុជា តាមរយៈអត្ថបទ រូបភាព វីដេអូ ដែលបានបង្ហោះលើបណ្ដាសារព័ត៌មាននានា ប្រព័ន្ធផ្សព្វផ្សាយសង្គម និងទំនាក់ទំងសង្គមផ្សេងៗរបស់ក្រុមប្រតិភូសារព័តមានល្បីៗខាងលើកាន់តែច្រើនថែមទៀត៕/B