សារព័ត៌មាន​រដ្ឋ​៖ ចិន​នឹង​ប្រើ​សង្គ្រាម​ពាណិជ្ជកម្ម​ដើម្បី​ជំនួស​ទំនិញ​នាំចូល​ពី​អាមេរិក​

555
ចែករម្លែក

ចិនមិនញញើតនឹង”វិធានការខ្លាំងក្លា”ដែលសហរដ្ឋអាមេរិកកំពុងប្រកាន់យកនៅក្នុងសង្រ្គាមពាណិជ្ជកម្មរបស់ខ្លួនជាមួយចិនឡើយ ហើយចិននឹងប្រើប្រាស់ឱកាសនេះដើម្បីផ្លាស់ប្តូរជំនួសទំនិញនាំចូល ជំរុញការប្រើប្រាស់ក៏ដូចជាការផលិតទំនិញក្នុងស្រុកនិងពន្លឿនការអភិវឌ្ឍផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់,នេះបើតាមការប្រកាសក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនមួយ ក្រោយពីអាមេរិកប្រកាសវាយពន្ធលើទំនិញចិនតំលៃ២០០ពាន់លានដុល្លារបន្ថែម។

កាសែត The People’s Daily របស់បក្សកុំម្មុយនីស្តចិន បានចុះផ្សាយដូច្នេះនៅក្នុងទំព័រមុខរបស់ខ្លួនកាលពីថ្ងៃពុធទី១៩កញ្ញា។

សូមបញ្ជាក់ថា ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី២លើកលោកនេះ បានធ្លាក់ចូលក្នុងសង្រ្គាមពាណិជ្ជកម្មកាន់តែជ្រៅឡើងជាមួយអាមេរិក ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃអង្គារបានបន្ថែមការយកពន្ធលើទំនិញអាមេរិកតំលៃ៦០ពាន់លានដុល្លារទៀត ជាការសងសឹកនឹងការយកពន្ធលើទំនិញចិន២០០ពាន់លានដុល្លារ ដែលលោកត្រាំបានប្រកាសកាលពីថ្ងៃចន្ទ។

កាសែតបាននិយាយថា” ដើម្បីដោះស្រាយជាមួយសង្រ្គាមពាណិជ្ជកម្មនេះ អ្វីដែលចិនគួរធ្វើអ្វីពិតប្រាកដគឺផ្តោតលើការធ្វើរបស់ខ្លួនឯងអោយបានល្អ។ចិនមិនបារម្ភថាវិធានការពាណិជ្ជកម្មតបនឹងអាមេរិកនេះនឹងនាំអោយទំនិញក្នុងស្រុកឡើងថ្លៃទេ តែផ្ទុយទៅវិញវានឹងជាឱកាសមួយដើម្បីជំនួសទំនិញនាំចូល ជំរុញការប្រើនិងផលិតក្នុងស្រុក ឬអភិវឌ្ឍឧស្សាហកម្មជឿនលឿនសម្រាប់ការនាំចេញ”។

ចំណែកសារព័ត៌មានThe Global Timesរបស់រដ្ឋចិន បាននិយាយថា សង្រ្គាមពាណិជ្ជកម្មនេះគឺជាឱកាសមួយដើម្បីជំរុញអោយមានការទទួលស្គាល់កាន់តែខ្លាំងឡើងទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន។

សហរដ្ឋអាមេរិកតាំងពីមុនមកបានយកពន្ធលើទំនិញចិនតំលៃ៥០ពាន់លានដុល្លារ ដើម្បីគាបអោយចិនធ្វើការផ្លាស់ប្តូរទូទៅចំពោះគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួ​ន ការផ្ទេរបច្ចេកវិទ្យា និងគោលនយោបាយឧបត្ថម្ភឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់។ពន្ធគយថ្មី នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃ២៤កញ្ញាទៅក្នុងកំរិតពន្ធ១៥ភាគរយ ហើយនឹងត្រូវដំឡើងដល់២៥ភាគរយនៅចុងឆ្នាំ២០១៨តទៅ។

រដ្ឋាភិបាលចិនបានសងសឹកក្នុងវិធីដូចគ្នា តែអ្នកវិភាគនិងស្ថាប័នជំនួញអាមេរិកខ្លះមានការព្រួយបារម្ភថា ចិនអាចសម្លឹងរកវិធានការផ្សេងទៀត ដូចជាដាក់ការគាបសង្កត់លើបណ្តាក្រុមហ៊ុនអាមេរិកដែលធ្វើការរកស៊ីនៅចិន។

កាសែតចិនមួយទៀត China Dailyក៏បាននិយាយនៅក្នុងបទវិចារណកថារបស់ខ្លួននៅថ្ងៃពុធនេះថា តាក់ទិកអាមេរិកនឹងស្តែងអោយឃើញថាវាគ្មានប្រសិទ្ធភាព។”ចិនតែងតែអាចរកដំណោះស្រាយសមស្របដើម្បីដាក់សេដ្ឋកិច្ចរបស់ខ្លួនវិលមកផ្លូវត្រឹមត្រូវវិញ។ជម្លោះពាណិជ្ជកម្មនេះនឹងមិនបង្ខំអោយចិនចុះញ៉មសម្ពាធរបស់អាមេរិកឡើយ។ផ្ទុយទៅវិញ ចិននឹងជម្នះ ដោះស្រាយការប្រឈម ស្វែងរកដំណោះស្រាយត្រឹមត្រូវ និងកាន់តែរឹងមាំខ្លាំងក្លាជាងមុន”៕ដោយ៖វាសនា