សារមន្ទីរ​មាន​ប្រយោជន៍​សំខាន់​សម្រាប់​ភ្ញៀវ​ទស្សនា​និង​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ

140
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ សារមន្ទីរ​ជា​កន្លែង​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ដើម្បី​ឈ្វេងយល់​នូវ​ភាពជាក់លាក់​នៃ​ហេតុការណ៍​ដែល​បាន​កើតឡើង​ផ្អែកលើ​វត្ថុតាង​បន្សល់ទុក​ដោយ​មាន​ប្រភព និង​អំណះអំណាង​ត្រឹមត្រូវ​។ ព្រោះតែ​ជា​មូលដ្ឋាន​សិក្សា​រក​ឫសគល់​នូវ​រាល់​បុព្វហេតុ និង​អាថ៌កំបាំង​ដ៏​យូរលង់​មក​នោះ សារមន្ទីរ​ក៏​ជាទី​តាំង​ដែល​អាច​នាំ​អារម្មណ៍​ភ្ញៀវ​វិល​ទៅកាន់​យុគសម័យ​រាប់រយឆ្នាំ​កន្លងមក​តា​មរយៈ​ការ​ទស្សនា​រូបភាព ឬ​ចម្លាក់​ផ្សេងៗ​។​

កញ្ញា​ស៊ុន ដា​នី អ្នកទទួល​ភ្ញៀវ​នៅ​សារមន្ទីរ​ខេត្តកំពត​បាន​រៀបរាប់ថា​ជាធម្មតា សារមន្ទីរ​ខេត្តកំពត​បើកទ្វារ​ទទួលភ្ញៀវ​ជា​រៀងរាល់ថ្ងៃ ដោយពេល​ព្រឹក​ចាប់ពី​ម៉ោង​៨​រហូតដល់​ម៉ោង​១១ និង​៣០​នាទី និង​ពេល​រសៀល​ពី​ម៉ោង​២​ដល់​ម៉ោង​៥ និង​៣០​នាទី​។

អ្ន​កទទួលភ្ញៀវ​រូបនេះ​បាន​បញ្ជាក់ថា បើជា​ជនជាតិខ្មែរ ការចូល​ទស្សនា​មិន​ត្រូ​បាន​គិតលុយ​ទេ​។ ប៉ុន្តែ​ភ្ញៀវ​បរទេស​តម្រូវឱ្យ​ទិញ​សំបុត្រ​ក្នុង​ម្នាក់ៗ​ពីរ​ដុល្លារ​សម្រាប់​ការចូល​មួយ​លើក​។ តាម​ការកត់សម្គាល់ ភ្ញៀវ​ចូល​ទស្សនា​កម្សាន្ត​ភាគច្រើន​ជា​ទេសចរ​បរទេស ឯ​ជនជាតិខ្មែរ​មានតែ​អ្នកសិក្សា​ស្រាវជ្រាវ​ប៉ុណ្ណោះ​ដែល​ចាប់អារម្មណ៍​មកកាន់​ទីនេះ​។

ជា​អ្នក​រង់ចាំ​បដិសណ្ឋារកិច្ច និង​ណែនាំ​ភ្ញៀវ កញ្ញា ឡេង ស្រី​ពេជ្រ​បាន​បញ្ជាក់ថា​សារមន្ទីរ​ខេត្ត​មាន​សារសំខាន់​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ ពិសេស​ដើមកំណើត​ខេត្តកំពត​តាំង​ពី​បរម​បុរាណ​មក ហើយក៏​ជាទី​ពេញនិយម​ចំពោះ​ទេសចរ​បរទេស​ផងដែរ​។ ក្នុង​សារមន្ទីរ​មាន​រូបភាព​ឯកសារ​ប្រវត្តិសាស្ត្រ និង​ចម្លាក់​សម័យ​បុរាណ​ជាច្រើន​ប្រភេទ​។ មគ្គុទេសក៍​ដដែល​បាន​បន្តថា សារមន្ទីរ​ខេត្តកំពត​មាន​ប្រយោជន៍​សម្រាប់​សិស្ស​សិក្សា និង​ជ្រើស​រើសយក​រឿងរ៉ាវ​ណាមួយ​ដើម្បី​ធ្វើជា​ប្រធានបទ​ស្រាវជ្រាវ និង​ចងក្រង​ជា​សៀវភៅ​។ រីឯ​ភ្ញៀវ​បរទេស​ពេល​ចូលមក​ទស្សនា​ការតាំង​បង្ហាញ​ក្នុង​សារមន្ទីរ​នឹង​បានដឹង​អំពី​ប្រវត្តិ​នៃ​អគារ​បុរាណ​នានា ក៏ដូចជា​យល់​ជ្រាបថា​ខេត្តកំពត​មាន​អ្វី​សំខាន់​ខ្លះ​។

លោក​គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពត​បាន​រៀបរាប់ថា​សារមន្ទីរ​ជាឃ្លាំង​សម្រាប់​ផ្ទុក​នូវ​អរិយធម៌ វប្បធម៌ ទំនាមទម្លាប់​ប្រពៃណី​ខ្មែរ​នា​យុគ​សម័យមុនៗ​។ ជាក់ស្តែង​សារមន្ទីរ​ខេត្ត​នាពេល​បច្ចុប្បន្ន​បាន និង​កំពុង​បម្រើ​ប្រយោជន៍​ដល់​អ្នកស្រាវជ្រាវ​ផង និង​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​ផងដែរ​។​

សូមបញ្ជាក់ថា ​សារមន្ទីរ​ខេត្តកំពត​មាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​សាលាខេត្ត​ជា​ប្រភេទ​សំណង់​អគារ​បែប​បុរាណ​ដែល​មួយខែៗ ​អាច​ទទួលភ្ញៀវ​បាន​ពី​ជាង​១០០​នាក់​ទៅ​៣០០​នាក់​៕​B/