សារមន្ទីរ​សិល្បៈ​បារាំង នឹង​បញ្ជូន​អ្នកជំនាញ មក​បង្រៀន​មន្ត្រី​កម្ពុជា ពី​ការ​ចងក្រង​ពាក្យ​សិល្បៈ និង​បេតិកភណ្ឌ​

1318
ចែករម្លែក

​ភ្នំពេញ​៖ អ្នកជំនាញ​បារាំង នៅ​សារមន្ទីរ​សិល្បៈ​អាស៊ី​ហ្គី​មេ របស់​ប្រទេស​បារាំង នឹង​មក​បណ្តុះបណ្តាល​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៨ តទៅ​។ នេះ​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​។​

​អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាសថា អ្នកជំនាញ​បារាំង នឹង​បណ្តុះបណ្តាល​អ្នកជំនាញរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា លើ​ការស្វែងយល់​អំពី​អត្តសញ្ញាណ​នៃ​រចនាបទ​សិល្បៈ​ខ្មែរ និង​ចងក្រង​វាក្យសព្ទ​នៃ​សិល្បៈ និង​បេតិកភណ្ឌ​ខ្មែរ​។ ឯកសារ​នេះ នឹង​រៀបរៀង​ជា ៣​ភាសា មាន​ខ្មែរ បារាំង និង​អង់គ្លេស​។​

​អាជ្ញាធរ​ជាតិ​អប្សរា និង​សារមន្ទីរ​សិល្បៈ​អាស៊ី​ហ្គី​មេ ប្រទេស​បារាំង បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា កាលពីពេល​ថ្មីៗ​នេះ ដែល​ចុះហត្ថលេខា​ដោយ​លោក ហង់ ពៅ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​លោកស្រី Sophie Makariou ប្រធាន​សារមន្ទីរ​សិល្បៈ​អាស៊ី ហ្គី​មេ កាលពីពេល​ថ្មីៗ​នេះ​។​

​សារមន្ទីរ សិល្បៈ​អាស៊ី ហ្គី​មេ របស់​ប្រទេស​បារាំង បាន​តម្កល់​វត្ថុ​សិល្បៈ​ខ្មែរ​ច្រើនជាងគេ​លើ​ពិភពលោក​។

​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា នេះ​មិនមែនជា​កិច្ចសហប្រតិបត្តិការ​លើក​ដំបូង​រវាង​ស្ថាប័ន​ទាំងពីរ​ឡើយ ពោល​សារមន្ទីរ​ហ្គី​មេ បាន​បណ្តុះបណ្តាល​មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន ០២​រូប អំពី​ការគ្រប់គ្រង​ទូទៅ​នៃ​សារមន្ទី ការអភិរក្ស​វាយ​ន​ភណ្ឌ និង​ចំណេះដឹង​បែប​វិទ្យាសាស្ត្រ​ស្តីពី​ការដាក់​តាំង​បង្ហាញ​ស​មុច្ច​យ​៕ ដោយ៖ ម៉េងឆៃ