សារសំខាន់ នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា តាមរយៈ​ការ​ទស្សនា​ខ្សែភាពយន្ត​ឯកសារ “​កុំ​ស្មាន​បង​ភ្លេច​”

3017
ចែករម្លែក
  • 154
    Shares

ដោយ​៖ ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ និស្សិត​ផ្នែក​នីតិសាស្ត្រ និង​ផ្នែក​រដ្ឋបាល​ឆ្នាំ​ទី​១ ប្រមាណ​១០០​នាក់ មកពី​សាកលវិទ្យាល័យ​ភូមិ​ន្ទ្រ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ចាប់អារម្មណ៍​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​សាល​សិល្បៈ​សហ​សម័យ​នៃ​វិទ្យាស្ថាន​ស្លឹករឹត ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​អប់រំ​។

​ការ​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នេះ គឺ​មក​ក្នុង​គោលបំណង​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ ដែលមាន​ចំណងជើង​ថា «​កុំ​ស្មាន​បង​ភ្លេច​»​។ ជា​ខ្សែភាពយន្ត​និយាយ​អំពី​សិល្បៈ​ក្នុងអំឡុង​ទស្សវត្សរ៍​៦០ និង​ដើម​ទស្សវត្សរ៍​៧០ និង​អំពី​តន្ត្រី រ៉ក អេ​ន រ៉ូ​ល ដែល​ខ្មែរ​បាន​បាត់បង់​ក្នុងអំឡុងពេល​ប្រទេស​កើតសង្គ្រាម​។ តន្ត្រី​មួយ​នេះ បាន​ចម្លង​ចេញពី​បស្ចិមប្រទេស ដោយ​រួមបញ្ចូល​ឬ​សគល់​នៃ​តន្ត្រី​ដើម​របស់​ខ្មែរ ហើយ​បង្កើត​តន្ត្រី​មួយបែប​ថ្មី ខុសពី​តន្ត្រី​ដទៃទៀត​។ តន្ត្រីករ​ខ្មែរ បាន​បង្កើត​តន្ត្រី​មួយបែប​នេះ ចេញពី​ក្បួនខ្នាត​ដ៏​សំខាន់​នៃ​តន្ត្រី​រ៉ក​ផ្សេងៗ​របស់ អាមេរិក អង់គ្លេស និង​បារាំង ដោយ​ដាក់បញ្ចូល​សំឡេង និង​ចង្វាក់​តន្ត្រី​ប្រពៃណី​ខ្មែរ​តែមួយគត់​របស់ខ្លួន​។ សំឡេង​ដ៏​ពិ​រោះ​របស់​អ្នកចម្រៀង​ស្ត្រី​ដ៏​ល្បីឈ្មោះ បាន​ក្លាយជា​ចំណុច​ទាក់ទាញ ហើយ​ធ្វើ​ឲ្យ​តន្ត្រី​ច្នៃប្រឌិត​មួយ​នេះ ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​សាធារណជន​។ ប៉ុន្តែ​នៅពេលដែល​សង្គម​ខ្មែរ ជាពិសេស​តន្ត្រី​វ័យក្មេង ដែល​ទទួលយក​វប្បធម៌​ប​ស្ចឹ​ម​ប្រទេស ហើយ​បាន​វិវឌ្ឍន៍​ខ្លួន​ក្រោម​ឥទ្ធិពល​នៃ​វប្បធម៌​នេះ ប្រទេស​កម្ពុជា​បាន​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​យ៉ាង​ឆាប់រហ័ស​។

«​កុំ​ស្មាន​បង​ភ្លេច​» ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក បាន​ជីក​កកាយ​នូវ​លក្ខណៈ​ធាតុ​ផ្សំ​របស់​តន្ត្រី​ខ្មែរ​ដែល​បានប្រែក្លាយ​ទៅជា​តន្ត្រី រ៉ក អេ​ន រ៉ូ​ល ហើយ​បាន​រីកចម្រើន​ឆ្ពោះទៅមុខ ប៉ុន្តែ​ស្ទើរ​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង​នៅក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។ ខ្សែភាពយន្ត​ឯកសារ​នេះ បានផ្តល់​គំហើញ​ថ្មី​ស្តីពី​ប្រទេសមួយ​ដែល​ធ្លាប់តែ​ឮ​ពី​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​។ ខ្សែភាពយន្ត​នេះ នឹង​នាំ​យើង​ជា​អ្នកទស្សនា​បាន​យល់ដឹង​អំពី​សិល្បៈ​តន្ត្រី​ពី​សង្គម​អតីតកាល និង​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។​

​សាស្ត្រាចារ្យ​បណ្ឌិត ជា សៀវ​ម៉ី បង្រៀន​ផ្នែក​នីតិសាស្ត្រ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​បាន​ដឹកនាំ​និស្សិត​មក​ធ្វើ​ទស្សនកិច្ច​សិក្សា និង​ទស្សនា​ខ្សែភាពយន្ត​ឯកសារ “​កុំ​ស្មាន​បង​ភ្លេច​” បាន​មានប្រសាសន៍ថា ទស្សនកិច្ច​សិក្សា​នេះ គឺជា​ផ្នែក​មួយ​ដ៏​មាន​សារសំខាន់​ក្នុងការ​ផ្តល់​ជា​ចំណេះដឹង​មួយផ្នែក​ទៀត សម្រាប់​និស្សិត​ដែល​បាន​ចូលរួម​។ សាស្ត្រាចារ្យ​បណ្ឌិត ជា សៀវ​ម៉ី បន្តថា សម្រាប់​សិស្សានុសិស្ស ឬ​និស្សិត​នាពេល​បច្ចុប្បន្ន ក្រៅពី​ការអាន​សៀវភៅ មានតែ​ការធ្វើ​ទស្សនកិច្ច​សិក្សា និង​ទស្សនា​ខ្សែភាពយន្ត​ឯកសារ ទើប​ធ្វើ​ឲ្យ​ពួកគាត់​ទទួលបាន​ចំណេះដឹង​បន្ថែមទៀត​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ខ្សែភាពយន្ត​ឯកសារ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ខ្សែភាពយន្ត​នេះ ក៏មាន​បទ​ភ្លេង​ចម្រៀង​ពិ​រោះៗ ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​មិនមាន​អារម្មណ៍​ជិនណាយ​។​

​បន្ទាប់ពី​ទស្សនា​ខ្សែភាពយន្ត​ឯកសារ «​កុំ​ស្មាន​បង​ភ្លេច​» រួចមក និស្សិត ទៀង មករា ភេទ​ស្រី រៀន​ផ្នែក​រដ្ឋបាល​ឆ្នាំ​ទី​១ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន បញ្ចេញយោបល់​ថា «​ខ្សែភាពយន្ត​ឯកសារ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​បរិបទ​សង្គម​កម្ពុជា សិល្បៈ និង​ការផ្លាស់ប្តូរ​របប​នយោបាយ​យ៉ាង​ឆាប់រហ័ស បណ្តាល​ឲ្យ​ប្រជាជន​ខ្មែរ​ពិបាក​ក្នុងការ​សម្រប​ខ្លួន​»​។

​ដំណើរ​ទស្សនកិច្ច​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មក​ធ្វើ​បទ​បង្ហាញ​ស្តីពី​ប្រវត្តិ​នៃ​ការបង្កើត​ខ្សែភាពយន្ត​ឯកសារ​នេះ​ឡើង និង​បានបង្ហាញ​ពី​សារសំខាន់​នៃ​ការសិក្សា​អំពី​សិល្បៈ​ជំនាន់​ដើម ក៏ដូចជា​ខ្សែភាពយន្ត​ឯកសារ​នេះ​។ លោក ឆាំង យុ បន្ថែមថា ខ្សែភាពយន្ត​ឯកសារ​នេះ បានដាក់​បញ្ចូល​បទ​ច​ម្រៀ​ង​សម័យ​ដើម​ចំនួន​៧២​បទ ព្រោះ​វា​អាចជួយ​ពន្យល់​ប្រវត្តិសាស្ត្រ​កាន់​តែមាន​ភាពងាយស្រួល​ដល់​សាធារណជន ក៏ដូចជា​អ្នកសិក្សា​ស្រាវជ្រាវ​ធ្វើការ​សិក្សា​ស្វែងយល់​បន្ថែម​៕

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ធ្វើ​បទ​បង្ហាញ​ស្តីពី​ប្រវត្តិ​នៃ​ការបង្កើត​ខ្សែភាពយន្ត​ឯកសារ​ “​កុំ​ស្មាន​បង​ភ្លេច​” និង​បានបង្ហាញ​ពី​សារសំខាន់​នៃ​ការសិក្សា​អំពី​សិល្បៈ​ជំនាន់​ដើម (រូបភាព៖ មជ្ឈមណ្ឌលឯកសារកម្ពុជា)