សារី សយ ត្រូវ​ចាប់ខ្លួន​បន្ទាប់ពី​ជម្លោះ​រវាង ប៉ុល ពត និង តា​ម៉ុក នៅ​ឆ្នាំ​១៩៩៧

1583
ចែករម្លែក
  • 470
    Shares
សារី សយ នៅ​សាលាស្រុក​ត្រពាំង​ប្រាសាទ ខេ​ត​ឧ​ត្ត​រ​មានជ័យ

ដោយ​: សុខ វណ្ណៈ អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត / ភ្នំពេញ​: សារី សយ អាយុ​៦៦​ឆ្នាំ ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក ត្រពាំង​ប្រាសាទ បាន​រៀបរាប់ថា បន្ទាប់ពី​ជម្លោះ​រវាង​ក្រុម ប៉ុល ពត និង តា​ម៉ុក បានបញ្ចប់​នៅ​ឆ្នាំ​១៩៩៧ មេបញ្ជាការ​ជាន់ខ្ពស់ នៅ​តំបន់​ត្រពាំង​ប្រាសាទ​ដែល​ស្មោះត្រង់​ជាមួយ ប៉ុល ពត ដូចជា សូរ សារឿន (០៥), មៀ​ច សាន (០៦) និង​បក្ខពួក​មួយចំនួន ទៀត ត្រូវបាន តា​ម៉ុក ចាប់ខ្លួន និង​សម្លាប់ចោល​។ ចំណែកឯ​មេ បញ្ជាការ​បន្ទាប់​មួយចំនួនទៀត ដូចជា ជុំ ជាតិ​, ជា កែវ​, ប៊ុន ពិន និង រ៉ា​យ ត្រូវបាន តា​ម៉ុក ចាប់ខ្លួន និង​ឃុំឃាំង​នៅ​មន្ទីរ​១៩ នៅ​ដើម ឆ្នាំ​១៩៩៨​។ មន្ទីរ​១៩ មាន​ទីតាំងនៅ​អន្លង់វែង ដែលមាន ខឹម ង៉ុ​ន ជា​ប្រធាន​មន្ទីរ​។

​សព្វថ្ងៃ សារី សយ រស់នៅ​ភូមិ​ទួល​តាសេក ឃុំ​ត្រពាំង ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ សយ មាន ប្រពន្ធ​ឈ្មោះ អ៊ុន សព្វថ្ងៃ​មានកូន​ចំនួន​៧​នាក់​ក្នុងនោះ​មាន​ស្រី ម្នាក់​។ សយ មាន​ឪពុក​ឈ្មោះ រស់ ស៊ុម ម្តាយ​ឈ្មោះ ជាម ចែម​។ សយ មាន​បងប្អូន​៨ នាក់​ប្រុស​៦​ស្រី​២ និង​មាន​ស្រុកកំណើត​នៅ ភូមិ​តា​អោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។ សយ ជា​កូន​ទី ពីរ ធ្លាប់បាន​រៀនសូត្រ​នៅ​សាលាបឋមសិក្សា​វត្ត​អង្គ​ជុំ​ត្រឹម​ថ្នាក់​ទី ១០ “​ចាស់​”​។ សយ ឈប់រៀន​ដោយសារ​មាន​ជីវភាព​ខ្វះខាត​មក ជួយ​ធ្វើស្រែ​ចម្ការ​ឪពុកម្តាយ​។

ផ្លូវ​ឡើងទៅ​ច្រក​ជប់​រុន ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៧០ សយ បាន​ស្ម័គ្រចិត្ត​ចូល​បដិវត្តន៍ តាម​ការ​អំពាវ​អំ​នាវ​របស់​សម្តេច សីហនុ ឱ្យ​កូនចៅ​ចូល​ព្រៃម៉ាគី ដើម្បី​រំដោះជាតិ ព្រោះ​លោក​សេនាប្រមុខ លន់ នល់ បាន​ក្បត់ ព្រះអង្គ ហើយ​បាន​ងាក​ចូលទៅរ​កលោក​សេរី​សហរដ្ឋអាមេរិក​។ សយ យល់ឃើញថា មិន​ចង់ឱ្យ ប្រទេសជាតិ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​បរទេស​ដូច​ជំនាន់​បារាំង​ក៏បាន​ស​ម្រ​ច​ចិត្ត​ចាកចេញ ពី​ផ្ទះ រួមទាំង​មិត្តភក្តិ​នៅក្នុង​ភូមិ​ជាច្រើន​ទៀត​។ ចាក​ចេញពីផ្ទះ​ដំបូង សយ ចូល​ព្រៃ​បារាំង ខេត្តកំពង់ស្ពឺ​។ ពេលនោះ សយ មិនទាន់​ចូល ជា​យោធា​ភ្លាម​ទេ ធ្វើជា​ឈ្លប​ភូមិ​ឃុំ​សិន និង​បាន​ដើរ​ចលនា​យុវជន យុវនារី​ឱ្យចូល​បម្រើ​បដិវត្តន៍​។

​នៅ​ឆ្នាំ​១៩៧១ សយ បាន​ចូល​យោធា​តំបន់​១៥ ដឹកនាំ ដោយ​ឈ្មោះ ចេង អន មាន​ទីតាំងនៅ​វត្ត​អង្គ​ព្រលឹង ម្តុំ​ពងទឹក​ហាត់ ក្បួន​យោធា និង​ចូល​សមរភូមិ​វាយ​ជាមួយ​ទាហាន លន់ នល់​។ មុនដំបូង​ខាង​ខ្មែរក្រហម​គ្មាន​អាវុធ​គ្រប់គ្រាន់​ទេ ត្រូវធ្វើ​សង្គ្រាម​ជា របៀប​វាយ​ឈ្លប វាយ​ចល័ត​ម្តង​ត្រង់នេះ​ម្តង់​ត្រង់នោះ មិនទាន់ មាន​ទ្រង់ទ្រាយ​ធំ​ទេ ដូចជា​វាយ​នៅ​ម្តុំ​បាសិត​ជាដើម​។

ទីតាំង​កងអនុសេនាធំ​ការពារ​ព្រំដែន​លេខ​៤ នៅ​ច្រក​ជប់​រុន ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ

​នៅ​ឆ្នាំ​១៩៧៣ សយ បាន​ចូល​ប្រយុទ្ធ​នៅក្នុង​សមរភូមិ ដែលមាន​ប្រធាន​កងពល​ឈ្មោះ​សូរ សារឿន​។ កាលនោះ សយ នៅក្នុង​យោធា​ភូមិភាគ​ពិសេស​វរ​សេនា​តូច​២១៤ ដឹកនាំ​ដោយ ឈ្មោះ អ៊ី អង់អាច វាយ​ប្រយុទ្ធ​គ្នា​ជាមួយ​ទាហាន លន់ នល់ នៅ ម្តុំ​អង្គស្នួល កប់​ស្រូវ ពោធិ៍ចិនតុង​សំដៅ​ចូល​ទីក្រុង​ភ្នំពេញ​។ កម្លាំង ខ្មែរក្រហម​ជាច្រើន​កងពល​បាន​វាយ​ចូល​ទីក្រុង​ភ្នំពេញ នៅ​ម៉ោង ៩​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ សយ និង​កម្លាំង​ភូមិ ភាគ​ពិសេស​បាន​ចូលដល់ ភ្នំពេញ ឃើញ​ប្រជាជន​ខ្លះ​នាំគ្នា​ចេញដំណើរ​ជា​បណ្តើរៗ ប៉ុន្តែ​មាន​អ្នកខ្លះ​នៅ​អង្គុយ​ហូប​គុយទាវ​ធម្មតា និង​នៅមាន​អ្នកខ្លះ​នៅ​លក់ដូរ​នៅឡើយ​។ លុះដល់​ថ្ងៃត្រង់​បន្តិច អ្នករស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មានការ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយសារ​អង្គការ​បង្ខំ​ឱ្យ​ចេញពី​ទីក្រុង​។ ពេលនោះ​មាន​ច្រើន​កងពល ដែល​ចូល មក ហើយ​បាន​ដើរ​ប្រាប់​ឱ្យ​ប្រជាជន​ចាក​ចេញពីផ្ទះ សម្បែង​តាម​បញ្ជា​របស់​ថ្នាក់លើ​ប្រាប់​ឱ្យ​ប្រជាជន ចេញ​ក្នុង​រយៈពេល​ខ្លី ដើម្បី​បោសសម្អាត​ទីក្រុង​ក្រែង​មាន​ខ្មាំង​លាក់ខ្លួន​។ សយ មាន​ឋានន្តរស័ក្តិ​ជា អនុ​វរ​សេនា​ធំ​គ្រប់គ្រង​យោធា​១២០​នាក់​។

​នៅ​ឆ្នាំ​១៩៧៦ សយ ត្រូវ​អង្គការ​ចាត់តាំង​ឱ្យទៅ​ក្នុងស្រុក វឺ​ន​សៃ ខេត្តរតនគិរី​។ កាលនោះ មាន​យោធា​ចំនួន​៥.០០០​នាក់ ការពារ​ព្រំដែន ដែលមាន​ប្រធាន​កងពល​ឈ្មោះ​សូរ សារឿន ឈ្មោះ អ៊ុង រ៉ែ​ន ឈ្មោះ សុន ចេញដំណើរ​ចេញពី​ភ្នំពេញ​កាត់​តាម ខេត្តក្រចេះ​។ ពេលទៅដល់​ដំបូង យោធា​ខ្មែរក្រហម​ជាច្រើន​បាន ស្លាប់​ដោយសារតែ​ជំងឺគ្រុនចាញ់​។ កងពល​៨០១ មាន​បែងចែក ជា​អង្គភាព​តូចៗ​បន្តទៀត ដូចជា អង្គភាព​៨០៤ ជា​នារី​សុទ្ធ ចំនួន​៤០០​នាក់ អង្គភាព​៨០៥ ជា អង្គភាព​ពេទ្យ ប្រធាន​ឈ្មោះ ឡាយ សារី​ម អង្គភាព​៨០៦ អង្គភាព​ដឹកជញ្ជូន ប្រធាន​ឈ្មោះ ម៉ុ​ន​។ សយ នៅ​អង្គភាព​៨០៣ ខាង​កាំភ្លើង​ធំ​។ សយ មាន​នាទី​ជា អនុ​សេនា​ធំ​។ នៅ​ឆ្នាំ​១៩៧៧-៧៨ គណៈ​ភូមិភាគ​ឦសាន​ត្រូវ អង្គការ​ចាប់ខ្លួន​។ ពេលនោះ​ឈ្មោះ សូរ សារឿន ឡើងជា​គណៈ ភូមិភាគ គ្រប់គ្រង​ប្រជាជន​ផង និង​គ្រប់គ្រង​យោធា​ផង​។

​នៅ​ឆ្នាំ​១៩៧៩ ពេល​កងទ័ព​វៀតណាម​បាន​វាយ​ចូល ប្រទេស​កម្ពុជា កងពល​៨០១​នៅតាម ព្រំដែន​មិនបាន​រត់ទៅរក​ស្រុកកំណើត​វិញ​ទេ នាំគ្នា​ធ្វើដំណើរ​កាត់​ព្រៃ​រហូតដល់​ព្រំដែន​ថៃ​។ ក្រោយ ឆ្នាំ​១៩៧៩ សង្គ្រាម​បាន​ចាប់​ផ្ទុះឡើង​ជាថ្មី​ម្តងទៀត ដើម្បី​ប្រឆាំង​និង​វត្តមាន​កងទ័ព​វៀតណាម​និង ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ភ្នំពេញ​។​

​នៅ​ឆ្នាំ​១៩៨០ សយ បាន​ឡើង​មកលើ​ភ្នំ​ច្រក​១០០១ គ្រប់គ្រង​ដោយ សុន សេន កាល នោះ​កងពល​៨០១ សូរ សារឿន គ្រប់គ្រង​ដដែល​។ ចំណែក​កងពល​៤១៧ ប្រធាន​កងពល​ឈ្មោះ កែ ពក​។ សយ ប្រធាន​វរ​សេនា​ធំ​ដឹកនាំ​កម្លាំងយោធា​មក​ខាង​ខេត្ត ព្រះវិហារ ខេត្តកំពង់ធំ ចល័ត ដល់​ព្រែ​ក្តាម​។ កាលនោះ​មាន​ជំនួយ​អាវុធ​ពី​ប្រទេស​ចិន និង​សម្ភារ​ជាច្រើន​ទៀត​។ កម្លាំងយោធា​ខ្មែរ ក្រហម​បាន​ចុះ​មកដល់​ព្រែក​ក្តាម ពញាឮ​ជិត​ភ្នំពេញ ចំណែក កាំភ្លើង​បាន​យកមក​ពីលើ​ភ្នំ ហើយ ស្បៀងអាហារ​ទាក់ទង​ទិញ​ជាមួយ​ប្រជាជន​នៅតាម​ភូមិដ្ឋាន និង​មានឱកាស​អូសទាញ​ប្រជាជន​ថែម ទៀត​។

​នៅ​ឆ្នាំ​១៩៨៨ សយ ដើរ​ជាន់មីន​ដាច់​ជើង​ម្ខាង​។ ក្រោយ មក តា​ម៉ុក ចាត់តាំង សយ ឱ្យនៅ​សមរភូមិ​ក្រោយ​ដឹកនាំ​ប្រជាជន នៅ​ច្រក​ជាំ​ស្លា ជប់​រុន មាន​ទីតាំង​នៅក្នុង​ទឹកដី​ថៃ​។ ប្រជាជន នៅ​សមរភូមិ​ក្រោយ​ត្រូវបាន​ថ្នាក់លើ​ចាត់​ឱ្យជួយ​បិត​ចម្រូង​ដើម្បី​ទុក ដាក់​ការពារ​កុំឱ្យ​កម្លាំង​ខាង​រដ្ឋា ភិ​បាល​ចូលមក​។ ចម្រូង​ភាគច្រើន យក​ដើម​ឫស្សី​មក​ពុះ ហើយ​កាត់​ជា​កង់ៗ​ប្រវែង​បី​តឹក​បិត​ចុង​ឱ្យ ស្រួច និង​បិត​កណ្តាល​ឱ្យមាន​គន្លាក់​ដើម្បី​ដោត​ចុះទៅ​ក្នុង​ដី ពេល​កងទ័ព​ខាង​រដ្ឋាភិបាល​ដើរ​ចូលមក​មុត ស្លាប់​ជួនកាល​ដើរទៅ​មុខ លែងរួច​។

​នៅ​ឆ្នាំ​១៩៨៩ នៅពេល​កងទ័ព​វៀតណាម​ដកចេញ​ពី​ប្រទេស​កម្ពុជា សង្គ្រាម​ហាក់​ធុ​រ​ស្បើយ បន្តិច​។ នៅ​ឆ្នាំ​១៩៩០ តា​ម៉ុក បាន​ហៅ​យោធា​ស្ទើរតែ​ទាំងអស់​ឱ្យមក​រស់នៅ​ជុំគ្នា​នៅលើ ភ្នំ​ដងរែក វិញ ហើយ តា​ម៉ុក បានធ្វើ​ផ្លូវ​ចុះមក​ក្រោយ​តាម​ច្រក​ជាំ ដើម្បី​នាំ​ប្រជាជន​ពី​ជំរំ​ទឹកដី​ថៃ ឱ្យមក​រស់ នៅ​ខាងក្រោម តាម​ជើង ភ្នំ និង​កន្លែង​ផ្សេងៗ​ក្នុងស្រុក​អន្លង់វែង​នេះ​។ នៅក្នុង​ឆ្នាំ​១៩៩០ នេះដែរ ប្រទេស​ចិន​បាន​ផ្តាច់ជំនួយ​ឱ្យ​ខាង​យោធា​ខ្មែរក្រហម​ស្ទើរ តែ​ទាំងស្រុង នៅ​ទីបញ្ចប់ តា​ម៉ុក សម្រេចចិត្ត​ធ្វើ​រោង​អា​ឈើ និង​កាប់​ឈើ​យក​ដើម​ណា​ធំៗ​ទៅ​លក់​ឱ្យ​ប្រទេស​ថៃ​ដើម្បី​យកលុយ ចិញ្ចឹម កងទ័ព និង​ប្រជាជន​។​

​នៅ​ឆ្នាំ​១៩៩៣ មានការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ អង្គការសហប្រជាជាតិ “​ហៅ​កាត់​ថា អ៊ុនតាក់​” ប៉ុន្តែ​កម្លាំង​ខ្មែរ ក្រហម​មិនបាន​ចូលរួម​បោះឆ្នោត​ទេ ដោយសារ​មិនមាន​ការទុកចិត្ត​ពី​ខាង រដ្ឋាភិបាល​។ ក្រោយពី​បោះឆ្នោត​ចប់សព្វគ្រប់​នៅ​ឆ្នាំ​១៩៩៥ កម្លាំងយោធា​ខាង​រដ្ឋាភិបាល​បាន សហការ ជាមួយ​កម្លាំង​កងទ័ព​ខាង​គណៈបក្ស​ហ្វ៊ុនស៊ីនប៉ិច​មក​វាយ​ប្រយុទ្ធ​ជាមួយ​យោធា ខ្មែរក្រហម ដឹកនាំ​ដោយ តា​ម៉ុក រត់ឡើង​ភ្នំ​ទាំង​ប្រជាជន​ទាំង​យោធា ហើយ​ខាង​យោធា​ខ្មែរក្រហម​មុន​និង​រត់ បាន ដុត​ឈើ​ធំៗ​ដែលមាន តម្លៃ​រាប់សែន​រាប់លាន​ដុល្លា​ចោល​ទាំងអស់​។ បន្ទាប់មកទៀត កម្លាំងយោធា ខ្មែរក្រហម និង​ប្រជាជន​ចុះមក​រស់នៅ​តាម​តំបន់​ជើងភ្នំ និង​បែក​ចែក​ភូមិ​ជាច្រើន​កន្លែង​ក្រោម​ការ គ្រប់គ្រង​របស់ តា​ម៉ុក​។ នៅពេល​ប្រជាជន​ចុះមក​ពីលើ​ភ្នំ​ចេះ​ប្រកបមុខរបរ​រកស៊ី ធ្វើស្រែ​ចម្ការ​ដោយ ខ្លួនឯង និង​ខ្វះខាត​ខ្លះ តា​ម៉ុក ជួយ​។

​នៅ​ឆ្នាំ​១៩៩៧ ក្រុមខ្មែរក្រហម​នៅ​ស្រុក​អន្លង់វែង លែង​ទុក្ខ​ចិត្ត​គ្នា ហើយ​មានទំនាស់​ផ្ទៃក្នុង ជា​បន្តបន្ទាប់​រហូតដល់ ប៉ុល ពត ចេញ​បញ្ជា​ឱ្យ​ប្រធាន​កងពល​ឈ្មោះ សូរ សារឿន ទៅ​សម្លាប់ គ្រួសារ សុន សេន ទាំង​គ្រួសារ​។ បន្ទាប់មកទៀត តា​ម៉ុក បាន​ចាប់ សូរ សារឿន ចាប់ តា​សាន និង​បក្ខពួក​មួយចំនួនទៀត​យកទៅ សម្លាប់ចោល​។ ក្រោយមកទៀត តា​ម៉ុក បាន​ចាប់ ប៉ុល ពត កាត់ទោស ដោយ​ហៅ​ប្រជាជន​មួយចំនួនធំ​ឱ្យមក​មើល​ការកាត់ទោស និង​បាន​បកអាក្រាត​រឿងរ៉ាវ ដែល​ស្លាប់​ប្រជាជន​នៅក្នុង ជំនាន់​ខ្មែរក្រហម​។

​នៅ​ឆ្នាំ​១៩៩៨ តា​ម៉ុក មិន​ទុកចិត្ត​ថ្នាក់ដឹកនាំ​មួយចំនួន​ដែល បាន​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ខាង ក្នុង​មានឈ្មោះ ជុំ ជាតិ ឈ្មោះ សយ ឈ្មោះ រ៉ា​យ ពី​ន ឈ្មោះ​កែវ ជាដើម​។ តា​ម៉ុក បាន​ហៅ​អ្នក ទាំងអស់នេះ​មក​រៀនសូត្រ​ផ្នែក​នយោបាយ​នៅ​មន្ទីរ​១៩ ប្រធាន​មន្ទីរ​ឈ្មោះ ខឹម ង៉ុ​ន ដោយសារតែ​ប្រធាន​មន្ទីរ​ជា​ខ្មែរក្រហម​ដូចគ្នា ធ្លាប់​ចូលរួម​ចលនា​ដើម្បី​ប្រទេសជាតិ​ដូចគ្នា ធ្វើឱ្យ ប្រធាន​កងពល ទាំងនោះ​មាន​ភាពកក់ក្តៅ​បាន​មួយកម្រិត​។

​មាន​ថ្ងៃមួយ ខឹម ង៉ុ​ន បាន​ប្រើ ជុំ ជាតិ​, កែវ​, សយ​, ពី​ន ឱ្យទៅ​ច្រូតស្បូវ​ដើម្បី​យកមក ទុក​ប្រក់​រោង ឆ្លៀត​ពេលនោះ​អ្នក​ទាំង​បួន​នាំគ្នា​ពិចារណា​ថា បើ​យើង​មិន​រត់​នៅពេលនេះ​ទេ យើង​ពិត ជា​ត្រូវ តា​ម៉ុក សម្លាប់​ក្នុង​ថ្ងៃ​ណាមួយ​មិន​ខាន ដូចនេះ​មិន​បង្អង់ យូរ​ទាំងអស់គ្នា​បាន​ទៅរក​ប្រពន្ធ​កូន និង​ប្រជាជន​មួយចំនួន​នៅផ្ទះ ជិតគ្នា​រត់​ចេញពី​តំបន់​ខ្មែរក្រហម​ទៅ​ស្កាត់​ជួប​អភិបាលរង​ខេត្តព្រះវិហារ ឈ្មោះ ឃួ​យ ឃុន​ហួរ​។ លោក​អភិបាល​បាន​យកចិត្តទុកដាក់ ហើយ សយ និង​អ្នក​ផ្សេងទៀត ក៏​សប្បាយចិត្ត​ណាស់ដែរ​។ លុះ ស្អែក​ឡើង​មាន​យន្តហោះ​មកពី​ភ្នំពេញ មក​ទទួល​អ្នក​ទាំង​បួន​ឱ្យទៅ ភ្នំពេញ​។ ពេលទៅដល់​ភ្នំពេញ សយ បាន​ជួប​ជាមួយ​លោក​ឧ​ត្ត​ម សេនីយ៍ ដុំ ហាក់ លោក ឧ​ត្ត​ម​សេនីយ៍ ម៉ុ​ល រឿ​ម កាលនោះ​សម្រាក នៅផ្ទះ សំណាក់ ហេង ឡាយ និង​បាន​ដើរលេង សប្បាយ​ជាច្រើន​ថ្ងៃ​។

ទីតាំង​កងអនុសេនាធំ​ការពារ​ព្រំដែន​លេខ​៤

​ក្រោយមក ខាង​រដ្ឋាភិបាល​មានគំនិត​ចង់​បញ្ចប់សង្គ្រាម មិន​ចង់ឱ្យ​ខ្មែរ​បង្ហូរឈាម​គ្នា​បន្តទៀត ក៏​ចាត់តាំង​ឱ្យ​អ្នក​ទាំង​បួន​នាក់ សរសេរ​ពាក្យ​មួយចំនួន​ក្នុងន័យ​ថា បើ​បងប្អូន​ចុះចូល​ជាមួយ​រដ្ឋាភិបាល ខាង​រដ្ឋាភិបាល​មិន​យកទោស​ពៃរ៍​ទេ អូសទាញ​ប្រជាជន នៅ​តំបន់​ខ្មែរក្រហម​ឱ្យ​ចូលមក​រស់នៅ​ជាមួយ រដ្ឋាភិបាល ពេលនោះ​អ្នក​ទាំង​បួន​នាក់ បាន​ជិះ​យន្តហោះ​ទៅ​បោះ​ត្រាក់​ក្នុង​តំបន់​ខ្មែរក្រហម​រស់នៅ​។
​ ​
​នៅក្នុង​ឆ្នាំ​១៩៩៨ ខាង​ស្រុក​ត្រពាំង​ប្រាសាទ​មានគំនិត ធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ រដ្ឋាភិបាល​មុន​ខាង​ស្រុក​អន្លង់វែង​។ តែ​ខាង​ស្រុក​អន្លង់វែង មាន យឹម ផាន់​ណា​, យឹម ពឹ​ម​, យឹម សាន ក៏បាន​ធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ដែរ​។ នៅ​ឆ្នាំ​១៩៩៨-៩៩ តំបន់​ចុង ក្រោយ​ខ្មែរក្រហម​នៅ​ស្រុក​អន្លង់វែង នៅ​ស្រុក​ត្រពាំង​ប្រាសាទ បានធ្វើ​សម​ហ​រណកម្ម​ចុះចូល​ជា មួយ​រដ្ឋាភិបាល ទើប​ប្រទេសជាតិ​លែងមាន​សង្គ្រាម​មកដល់​សព្វថ្ងៃនេះ​។ សព្វថ្ងៃនេះ​ប្រជាជន​រស់ នៅ​ស្រុក​អន្លង់វែង ស្រុក​ត្រពាំង ប្រាសាទ​បាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី លែង​ភ័យព្រួយ​ពី​រឿង​សង្គ្រាម អ្នកណា​ចង់​ទៅណា​ក៏បាន ទៅរក​ស៊ី​កន្លែង​ណា​ក៏បាន​អត់​មាន​ពី​ណា​មក​ហាមឃាត់​។​

​ស្រុក​អន្លង់វែង សព្វថ្ងៃ មាន​ស្ពាន ថ្នល់ មាន សាលារៀន​គ្រប់កន្លែង មាន​មន្ទីរពេទ្យ មាន​ផ្សារ មាន​សណ្ឋាគារ មាន​កន្លែង​ទេសចរណ៍​ជាច្រើន​កន្លែង​កំពុងតែធ្វើការ​អភិវឌ្ឍ​ន៍​ជា​បណ្តើរៗ​៕L