សារឿន ចាន់ ចេញ​សងសឹក​ជាមួយ រ៉េ ដា ?

928
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា សារឿន ចាន់ ដែល​មួយជីវិត​របស់គេ ប្រកួត​ពុំ​ធ្លាប់​ឈ្នះ អ្នក​ប្រដា​ល់វ័យ​ចំណាស់​ថៃ រ៉េ ដា (Re Da) នោះ បានប្រកាស​សាកល្បង គ្នា​ម្ដង​ទៀតហើយ លើស​ង្វៀន TV5 នា​យប់​ថ្ងៃទី​១៥ មិថុនា ខាងមុខនេះ​។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ធ្លាប់​ជួបគ្នា​ញឹកញាប់​ណាស់ តែ​គ្រប់ការ​ប្រ​កូត សារឿន ចាន់ ចាញ់​រហូត ហើយ​មួយរយៈ​ចុងក្រោយ សារឿន ចាន់ មិនដែល​តស៊ូ​ជាមួយ រ៉េ ដា បាន​ដល់​ទឹក​ទី​៥ ឡើយ គឺ​បានតែ​ត្រឹម​ទឹក​ទី​៣ ឬ​ទឹក​ទី​៤ ប៉ុណ្ណោះ ក៏ត្រូវ​សន្លប់ ឬ​ចុះចាញ់​តែម្ដង​។ សម្រាប់​ការប្រកួត លើក​នេះ មិនដឹងថា នរណា ឈ្នះ នរណា​ចាញ់ នោះទេ ព្រោះ សារឿន ចាន់ ពេលនេះ ហាក់ដូចជា​មិនមាន ការរីកចម្រើន​ឡើយ ឯ រ៉េ ដា ក៏​មិនសូវ បង្ហាញមុខ​នៅ​ស្រុក​ខ្មែរ​ដែរ ។​

សារឿន ចាន់

​សូមបញ្ជាក់ថា ក្រៅពី សារឿន ចាន់ នោះ មាន​អ្នក​ប្រដាល់​កម្ពុជា មិនតិច​នាក់​ទេ ដែល​ដួល​ក្រោម​កលល្បិច ដ៏​អស្ចារ្យ​របស់ អ្នក​ប្រដាល់​ថៃ វ័យ​ចំណាស់​រូបនេះ ។​

​ចំពោះ​ការប្រកួត រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ខាំ កូន​ខ្លា ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡុង សុខ​លីម ក្លិប​សាល​វ័​ន្ដ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៤៥ គីឡូក្រាម ។​

​ជើង​ខ្លាំង សៀន វិបុល ក្លិប​ខេត្ត​រតនគីរី ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ពុទ្ធ សែម​សូ​យ ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម​។ អ្នក​ប្រដាល់​ទម្ងន់​ធំ ទាំង ២ រូបនេះ មិនដឹងថា អាច​តស៊ូ​ដល់​ចប់​ទឹក​ទី​៥ ឬក៏​យ៉ាងណា​ឡើយ ។ ពួកគេ​មិនសូវ​ជាមាន​ស្នៀត​អ្វី អស្ចារ្យ​នោះទេ គឺ​វ៉ៃ​ដោយ​ប្រើ​កម្លាំងបាយ​ច្រើនជាង ។ ចាំមើល នរណា ឈ្នះ​ក្នុង​ការប្រកួត​នេះ ?​។​

រ៉េ ដា

​លី តឿន ក្លិប​ម្កុដ​រាជសីហ៍ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ពួកគេ​ជា​អ្នក​ប្រដាល់​ចិត្តធំ និង វ៉ៃ​ចូលចិត្ត​ប្ដូរ​ដូចគ្នា ។ ប្រសិនបើ​គូប្រកួត ធ្វើ​ឲ្យ​គេ​ឈឺ​សាច់​នោះ ទោះបី​មួយ​ចាន​ទឹក ឬមួយ​ចាន​គោក ក៏ដោយ ក៏​គេ​ត្រូវ​តាម​វ៉ៃ​សង​វិញ​ដែរ ។ នរណា ឈ្នះ រវាង​អ្នក​ប្រដាល់​ចិត្តធំ ទាំង ២ រូបនេះ ?​។​

​វុ​ធ ឆ​វ័​ន្ដ ក្លិប​រស្មី​កុមារកំព្រា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សូត្រ វ៉ាន់ដា ក្លិប​ក្សី​ស្លាប​ដែក ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ។ អ្នក​ប្រដាល់​ទម្ងន់​ធំ ទាំង ២ រូបនេះ មិនសូវមាន​នរណា​ស្គាល់​ឡើយ ៕v

#