សារ​ផ្តាំផ្ញើ​ពី​តារាចម្រៀង ខេមរៈ សិរីមន្ត រំលឹក​ដល់​សុខភាព​ប្រជាពលរដ្ឋ​

270
ចែករម្លែក

​ភ្នំពេញ​៖ បើទោះបីជា​រឿងរ៉ាវ ការបាត់​បង់ជីវិត របស់​អតីត​តារាចម្រៀង នាង ខេមរៈ ស្រី​ពៅ បាន​រសាត់​បន្តិច​ម្តងៗ ពី​អារម្មណ៍​របស់​ទស្សនិកជន​ក្តី ប៉ុន្តែ​សារ​ដាស់តឿន របស់​តារាចម្រៀង ខេមរៈ សិរីមន្ត នៅតែ​ដក់​ក្នុង​ចិត្ត របស់​ប្រិយមិត្ត​អ្នកអាន​ជានិច្ច ដើម្បី​ធ្វើយ៉ាងណា ឱ្យ​សារ​មួយ​នេះ ជា​សេចក្តី​បង្ការ ដើម្បី​កុំឱ្យ​កើតមាន អាការ​ដូច​ប្អូនស្រី​របស់លោក​។

​លោក​បាន​រំលឹកថា កាលពីពេល​កន្លងទៅ ប្អូនស្រី​របស់លោក បាន​ហាត់​ច្រៀង​រាំ​ក្នុង​សភាព សុខ​ភាពល្អ​បរិបូរណ៍ ប៉ុន្តែ​ខណៈពេល​មួយ មានការ​ភ្លាត់ស្នៀត បានធ្វើឱ្យ​នាង​គ្រិចជើង និង​មាន​ស្នាក​ស្នាម កន្ទួល​ក្រហម​តាម​ជើង​របស់​នាង ប៉ុន្តែ​អាការ​របស់​នាង បាន​បាត់​ម្តង​ជា​ពីរ តាម​ការ​ផ្សំ​ថ្នាំ​។ បន្ទាប់មកទៀត លោកគ្រូ​ពេទ្យ មួយ​នៅ​ម្តុំ​ផ្សារ​តាប៉ាង ដោយ​ធ្វើការ​វិនិច្ឆ័យ​រោគ តាម​ការពិនិត្យ​ឈាម ប៉ុន្តែ​លទ្ធផល គឺ​គ្មាន​ជំងឺ​សន្លាក់​អ្វី​ទេ​។

​ទោះបីជា​មានការ​ពិនិត្យ​ឈាម ហើយ​លទ្ធផល​អវិជ្ជមាន ក៏​លោកគ្រូ​ពេទ្យ​នោះ បាន​សន្និដ្ឋានថា ជំងឺ​របស់ ខេមរៈ ស្រី​ពៅ ជា​ជំងឺ​រលាក​សន្លាក់ លើកដំបូង ដោយមាន​ផ្សំ​ថ្នាំ សម្រាប់​ព្យាបាល រយៈពេល​មួយ​សប្តាហ៍ និង​ប្រាប់ថា ឱ្យ​នាង​ប្រឹងប្រែង​លេបថ្នាំ ដើម្បី​បាន​ធូរស្បើយ​។

​ការសម្រេចចិត្ត​លេបថ្នាំ បាន​រយៈពេល​ពីរ​ថ្ងៃ អាការ​របស់ អតីត​តារាចម្រៀង ខេមរៈ ស្រី​ពៅ បាន​ឈានដល់​ដំណាក់កាល គាំងបេះដូង ដែល​ធ្វើឱ្យ​ក្រុមគ្រួសារ ដឹក​នាង​បញ្ជូនទៅ​មន្ទីរពេទ្យ កាល់ម៉ែត​។ ក្រោយ​ធ្វើការ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ស្រី​ពៅ ត្រូវបាន​លទ្ធផល​ថា នាង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ផ្នែក​គ្រឿងក្នុង​។

​សរុប​ជា​លទ្ធផល លោក ខេមរៈ សិរីមន្ត និង​ក្រុមគ្រួសារ បាន​បញ្ជូន​នាង ទៅ​មន្ទីរពេទ្យ​ថៃ បាន​ផ្លាស់ប្តូរ​ពេទ្យ ពីរដង នៅ​មន្ទីរពេទ្យ ប៉ា​រ៉ា​ម​កៅ ដែលមាន​ជំនាញ ផ្នែក​ព្យាបាល​ក្រលៀន និង​ធ្វើឱ្យ​សុខភាព​របស់​នាង មាន​កម្រិត​ល្អប្រសើរ ប្រហែល​ជាង ៧០ ភាគរយ​ទើប​ស​ម្រ​ច បញ្ជូនបន្ត ទៅ​មន្ទីរពេទ្យ ប្រទេស​ឥណ្ឌា ដើម្បី​ផ្លាស់ប្តូរ​ក្រលៀន ជា​អកុសល​នាង​បានធ្វើ​ទុក្ខ ផ្នែក​សួត​ធ្ងន់ធ្ងរ ពេលទៅដល់​ប្រទេស​ឥណ្ឌា ដែល​ធ្វើឱ្យ​ការ​ដំណើរការ ដូរ​ក្រលៀន​ត្រូវបាន​ផ្អាក ពេលវេលា រហូតដល់​ថ្ងៃ​នាង ទទួលមរណភាព​។

​រឿងនេះ ត្រូវបាន​ចែកចាយ ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយក៏​ជា​សារ​មួយ របស់លោក ខេមរៈ សិរីមន្ត ដែលមាន​សារៈសំខាន់ សម្រាប់​បងប្អូន​ជនរួមជាតិ ក្នុង​ការថែទាំ​រក្សាសុខ​ភាព និង​សំដៅ​ទៅលើ​ការពិនិត្យ​សុខភាព ដោយ​យកចិត្តទុកដាក់ និង​ត្រូវ​ទៅរក​គ្រូពេទ្យ ឱ្យចំ​គោលដៅ និង​មាន​ជំនាញ​ច្បាស់លាស់ ការវិនិច្ឆ័យ​រោគ ច្បាស់លាស់ ទៅតាម​ប្រភេទ​ជំងឺ និង​ជំនាញ របស់​ពេទ្យ​៕ ដោយ​: បញ្ញា​សាស្ត្រ​