សារ​របស់លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ុ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​ប្រជាជន​កម្ពុជា នាឱកាស​បញ្ចប់​បេសកម្ម​របស់លោក​នៅ​កម្ពុជា​

175
ចែករម្លែក
លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា A

ដោយៈ​ស្ថានទូត​/​ភ្នំពេញៈ​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​បន្តិច ដែល​ជម្រាបជូន​ថា នេះ​ជា​សារ​ចុងក្រោយ​របស់ខ្ញុំ​ក្នុងឋានៈ​ជា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​
​ពេលវេលា​ពិតជា​ដើរ​លឿន​។ ប្រមាណ​៣​ឆ្នាំ​កន្លងផុតទៅ ក្រោយពេល​ខ្ញុំ និង​ភរិយា​បាន​មកដល់​រាជធានី​ភ្នំពេញ នា​ឆ្នាំ​២០១៦​។ ៣​ឆ្នាំនេះ គឺជា​ពេលវេលា​ដ៏​វិសេសវិសាល​សម្រាប់​យើងខ្ញុំ​ទាំងពីរ​។ ប្រទេស​កម្ពុជា​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ ៧​ភាគរយ​ជា​រៀងរាល់ឆ្នាំ ហើយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន និង​កម្ពុជា ក៏មាន​សន្ទុះ​ឈានទៅ​មុខ​យ៉ាងខ្លាំង​ផងដែរ​។ ទាំង​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ​ផ្ទាល់ និង​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នានា ក៏មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ ទន្ទឹមនឹងនេះ ខ្ញុំ​ក៏បាន​ចូលរួម​ពិធី​សម្ពោធ​ផ្សេងៗ នៃ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​របស់ រដ្ឋាភិបាល​ជប៉ុន ដែលជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ប្រទេស​យើង​ទាំងពីរ ដូចជា​ការជួសជុល​ស្ពាន​ជ្រោយចង្វារ​ជាដើម​។​


​ចំណែក​ទំនាក់ទំនង​ក្នុង​វិស័យ​នយោបាយ​វិញ ខ្ញុំ​មានភ័ព្វ​សំណាង​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ជប៉ុន​-​កម្ពុជា​រវាង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​អា​បេ និង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​៣​លើក​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លងទៅនេះ​។ ខ្ញុំ​មាន​សេចក្តី​សប្បាយរីករាយ ដែល​សម្តេច​តេ​ជោ​បាន​សម្រេចចិត្ត​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​ជា​រៀងរាល់ឆ្នាំ​។ ប្រទេស​ជប៉ុន​បាននិងកំពុង​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ យើងខ្ញុំ​បាន​បន្ត​ផ្តល់ជំនួយ​ដល់​កំណែទម្រង់​ការបោះឆ្នោត ហើយ​បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំមុន យើង​បានចាប់ផ្តើម​កម្មវិធី​ដើម្បី​អញ្ជើញ​យុវជន​កម្ពុជា ដែលមាន​ចំណាប់អារម្មណ៍​ផ្នែក​នយោបាយ មកពី ស្ថាប័ន​នានា ទៅ​ស្វែងយល់​​ពីបទ​ពិសោធន៍​នៅ​ប្រទេស​ជប៉ុន​។​

​ម្យ៉ាងវិញទៀត ខ្ញុំ​ផ្ទាល់​ក៏​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាងខ្លាំង​ក្លា​ដែរ តាមរយៈ​បណ្តាញ​​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា​។ ជាក់ស្តែង ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​ជប៉ុន បានទទួល​ការគាំទ្រ និង​មតិយោបល់​ល្អៗ​ជាច្រើន​។​
​ខ្ញុំ និង​ភរិយា នឹង​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​សប្តាហ៍​ក្រោយនេះ ក៏ប៉ុន្តែ​សម្រស់​នៃ​ប្រទេស​កម្ពុជា​បានផ្តល់​ក្តី​ស្រមៃ​ដល់​យើងខ្ញុំ​ថា​នឹង​ត្រលប់​មកកាន់​ទឹកដី​ដ៏​អស្ចារ្យ​នេះ​ជាថ្មី​នា​ថ្ងៃ​អនាគត​។ រាជធានី​ភ្នំពេញ នឹង​ប្រែ​មុខមាត់​ថ្មី​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ជាមួយនឹង​ព្រលានយន្តហោះ​ថ្មី អាគារ​ខ្ពស់ៗ​ជាច្រើន ព្រមទាំង​ប្រព័ន្ធ​ដឹកជញ្ជូន សាធារណៈ​ថ្មី​។ ខ្ញុំ​ក៏​អាច​នឹង​មានឱកាស​សាជាថ្មី​ដើម្បី​និយាយ​ភាសា​ខ្មែរ​។​
​ជា​ចុងក្រោយ ខ្ញុំ​សូម​ជូនពរ ប្រជាជន​កម្ពុជា​ទាំងអស់ សូម​មាន​សុខ​ភាពល្អ សុភមង្គល និង​សូម​ឲ្យ​ទំនាក់ទំនង​ជប៉ុន និង​កម្ពុជា​កាន់តែ​រីកចម្រើន​៕​សរន​

#