សារ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​ មុនពេល​ចេញដំណើរ​មក​បំ​ពេញ​ទស្សនកិច្ច​កម្ពុជា​ និង​ប្រទេស​​ពីរ​ទៀត​

875
ចែករម្លែក
  • 1.3K
    Shares

ប្រែ​សម្រួលៈ​ពិស្តា​/ ​ភ្នំពេញៈ​ នៅក្នុង​សារ​ជា​ភាសា​អង់គ្លេស​ដែលមាន​ចំនួន​បី​ទំព័រ ផ្ញើជូនបណ្តាញ​ព័ត៌មាន​អាស៊ី ឬ​ហៅ​កាត់​ថា អេ​អិន​អិន​(ANN) ដែល​កាសែត​រស្មី​កម្ពុជា​ក៏​ជា​សមាជិក​មួយ​ដែរនោះ លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង បានលើកឡើង​អំពី​ដំណើរ​ទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា និង ប្រទេស​ចំនួន​ពីរ​ផ្សេងទៀត​នៅ​តំបន់​អាស៊ី​អាគ្នេ​យ៍ គឺ ព្រុយ​ណេ និង ម៉ាឡេស៊ី ។ ខ្លឹមសារ​នៃសារ​នោះ​មាន​អត្ថន័យ​ដូចតទៅ​៖

លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​


​នៅ​សប្តាហ៍​ក្រោយ ​ខ្ញុំ​នឹងធ្វើ​ទស្សនកិច្ច​នៅ​ព្រុយ​ណេ ម៉ាឡេស៊ី និង​កម្ពុជា​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដែល​រដ្ឋ​ជា​សមាជិក​អាស៊ាន​នឹង​ក្លាយជា​ទិសដៅ​ទេសចរណ៍​ក្រៅប្រទេស​លើកដំបូង​របស់ខ្ញុំ​នៅ​ឆ្នាំនេះ​។ ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ស្មារតី​ជា​មិត្តភាព​របស់​ប្រជាពលរដ្ឋ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ចំពោះ​បណ្តា​មិត្តភក្តិ​អាស៊ាន​របស់​យើង​។​


​អាស៊ាន​តែងតែ​រំឭក​ខ្ញុំ​អំពី​សមុទ្រ​ដែល​បាន​ទំនុកបម្រុង​និង​ចិញ្ចឹម​បីបាច់​ខ្ញុំ​។ ខ្ញុំ​ធំធាត់​នៅ​ទីក្រុង​ប៊ូសាន ​ដែលជា​ទីក្រុង​កំពង់ផែ​ដ៏​ធំ​បំផុត​នៃ​សាធារណរដ្ឋ​កូរ៉េ​។ ឪពុកម្តាយ​របស់ខ្ញុំ​បាន​ផ្លាស់​ទីលំនៅ​ពី​ស្រុកកំណើត​របស់​ពួកយើង​ ហើយ​នេះ​គឺជា​ការរួមបញ្ចូល​និង​ការយល់ដឹង​ពី​អ្នក​ដែល​រស់​នៅមាន​ទំនាក់ទំនង​ជាមួយ​សមុទ្រ​នៅក្នុងគ្រួសារ​ដ៏​តូច​ទាប​មួយរបស់ខ្ញុំ​។​តាមរយៈ​ឪពុកម្តាយ​ខ្ញុំ​និង​បរិយាកាស​នោះ ខ្ញុំ​អាច​រៀន​នូវ​មេរៀន​នៃ​ភាពក្លាហាន​និង​មាន​ក្តីសង្ឃឹម​ ​មិន​ថា​ខ្យល់ព្យុះ​និង​រលក​បោកបក់​យ៉ាងណា​នោះទេ គឺ​យើង​អាចធ្វើឱ្យ​អាកាសធាតុ​របស់​ពួកយើង​មាន​ភាពល្អប្រសើរ​ប្រសិនបើ​យើង​ពង្រឹង​គោលជំហរ​និង​ភាពខ្លាំង​របស់​យើង​។​


​រដ្ឋ​ជា​សមាជិក​អាស៊ាន​ភាគច្រើន​មិន​ត្រឹម​តែមាន​ទីតាំង​ភូមិសាស្ត្រ​លាតសន្ធឹង​នៅ​សមុទ្រ​ទេ ​តែ​ថែមទាំង​មាន​ថាមពល​និង​គតិបណ្ឌិត​ដោយ​គ្មាន​ដែន​កំណត់​ដែល​ផ្តើម​ចេញពី​សមុទ្រ​។ ក្នុងចំណោម​រដ្ឋ​សមាជិក​អាស៊ាន​ទាំងនេះ​ ភាព​បើកចំហរ​និង​គោល​ជំហរ​រួម​របស់​អាស៊ាន​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​។ អាស៊ាន​ជា​បណ្តុំ​នៃ​រដ្ឋ​ដែលមាន​សាសនា​ចម្រុះ គំនិត​ច្រើន និង​អរិយធម៌​ម្បួរបែប ហើយ​រួមរស់​ជាមួយគ្នា​យ៉ាង​សុខដុម និង​គោរព​គ្នា​ទៅវិញទៅមក​។ កម្រិត​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​ប្រព័ន្ធ​នយោបាយ​ខុសគ្នា ប៉ុន្តែ​អាស៊ាន​បាន​ត្រួស​ត្រាយផ្លូវ “​វិថី​អាស៊ាន​” ដែល​ធានា​នូវ​ការចូលរួម​និង​ឱកាស​ស្មើៗ​គ្នា​នៅក្នុង​សហគមន៍​។​


​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ប្រជាជន​អាស៊ាន​ឆ្ពោះទៅរក​ឯកភាព​និង​ផលប្រយោជន៍​ទៅវិញទៅមក​ក៏បាន​សម្រេច​នូវ​ស្ថិរភាព​និង​សន្តិភាព​ក្នុង​តំបន់​ផងដែរ​។ សមិទ្ធផល​ទាំងនេះ វា​មិន​អាចមាន​ដោយ​ចៃដន្យ​នោះទេ ដែល​រដ្ឋ​ជា​សមាជិក​អាស៊ាន​បានធ្វើ​ជា​ម្ចាស់ផ្ទះ​នូវ​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​កូរ៉េខាងជើង – សហរដ្ឋ​អាម៉េរិក​ជា​បន្តបន្ទាប់ ដោយ​សំដៅ​លុបបំបាត់​ការប្រកួតប្រជែង​សង្គ្រាមត្រជាក់​ដែល​នៅសល់​ចុងក្រោយ​បង្អស់​របស់​ពិភពលោក​។ អាស៊ាន​កំពុងស្ថិត​នៅក្នុង​ជួរមុខ​នៃ​ការខិតខំ​ប្រឹងប្រែង​នាំមុខ​ក្នុង​សម័យកាល​អាស៊ី​ដែល​ត្រូវបាន​សម្គាល់​ដោយ​សន្តិភាព​និង​ការរួមរស់​ជាមួយគ្នា​។​
​នៅក្នុង​ដំណើរការ​ស្វែងរក​កំណើន​ដោយមាន​ប្រជាជន​ជា​គោល អាស៊ាន​ឥឡូវនេះ​បាន​រីកចម្រើន​ ហើយ​បានក្លាយ​ទៅជា​សហគមន៍​ដែល​ក្មេង​បំផុត​និង​មាន​ថាមពល​ខ្លាំង​បំផុត​លើ​ពិភពលោក​។ ក្នុងនាម​ជាទី​ផ្សារ​ដ៏​ធំ​មួយ​ដែលមាន​ប្រជាជន​សរុប​ចំនួន ៦៤០ លាន​នាក់​និង​អត្រាផលិតផល​ក្នុងស្រុក​សរុប​ចំនួន ២,៧ ទ្រី​លាន​ដុល្លារ​អាម៉េរិក អាស៊ាន​ទទួលបាន​អត្រាកំណើន​ប្រចាំឆ្នាំ​ដ៏​មាន​សក្តានុពល​គឺ​៥​ភាគរយ​នៅក្នុង​រង្វង់​រយៈពេល​ជា​មធ្យម​ប្រហែលជា ៣០ ឆ្នាំ​មកនេះ​។ ខណៈដែល​កំណើនសេដ្ឋកិច្ច​បែបនេះ គេ​កំពុងតែ​សម្លឹង​រក​នៅលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ អាស៊ាន​កំពុង​ក្លាយជា​ឧទាហរណ៍​មួយ​ដែលថា​សន្តិភាព​នឹង​នាំទៅរក​ភាពរុងរឿង​ខាង​សេដ្ឋកិច្ច​ដោយផ្ទាល់​។ ខ្ញុំ​សូម​ផ្ញើ​ការគោរព​របស់ខ្ញុំ​ដល់​មិត្តភក្តិ​អាស៊ាន​របស់​យើង​។​


​ស្ថិតនៅ​ហ៊ុមព័ទ្ធ​ដោយ​សមុទ្រ​នៅ​បី​ទិស កូរ៉េ​ក៏មាន​ភាព​បើកចំហទស្សនៈ​នៃ​ការរួប​រួម​គ្នា​និង​ការច្នៃប្រឌិត​ក្នុង​ឌី​អិន​អេ (DNA)​ដែរ​។ ខ្ញុំ​ជឿជាក់ថា​អាស៊ាន​និង​កូរ៉េខាងត្បូង​ដែលមាន​ភាពដូចគ្នា​ជាច្រើន​គឺជា​ដៃគូ​ដ៏​ល្អប្រសើរ​បំផុត​ដែល​អាច​បន្ត​រីករាយ​ជាមួយ​ភាពខ្លាំង​របស់​គ្នា​ទៅវិញទៅមក​។ យើង​នឹង​បង្កើត​នូវ​អ្វីដែល​ខ្វះខាត​ ហើយ​បង្កើន​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​។​


​យើង​បាន​ចែករំលែក​ចំណងមិត្តភាព​ដ៏​យូរអង្វែង​រួចទៅហើយ​។ ដោយ​ដឹង​អំពី​វិធី​ដែល​ត្រូវ​ប្រឈម​ អាស៊ាន​ត្រូវការ​ស្វែងរក​មធ្យោបាយ​ដើម្បី​រស់នៅ​ក្នុងចំណោម​មហាអំណាច​ពិភពលោក​។ យើង​ជា​ប្រជាជាតិ​មួយ​នៅក្នុង​ចំណោម​ប្រជាជាតិ​ដំបូង​ដែល​បាន​ស្ម័គ្រ​ចិត្ត​​ក្នុងការ​ផ្តល់ជំនួយ​ដល់​បណ្តា​ប្រទេស​ដែលមាន​វិបត្តិ​។ នៅពេលដែល​សង្គ្រាម​កូរ៉េ​បាន​ផ្ទុះឡើង​ ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​បញ្ជូន​កងទ័ព​ដើម្បី​ប្រយុទ្ធ​ជាមួយ​យើង​ដើម្បី​សេរីភាព​និង​សន្តិភាព ហើយ​នៅពេលដែល​អាស៊ី​ទាំងមូល​កំពុង​ងាក​ចេញពី​វិបត្តិ​ហិរញ្ញវត្ថុ ឆ្នាំ ១៩៩៧ ប្រទេស​ក្នុង​តំបន់​ក៏បាន​រួបរួម​កម្លាំង​ ហើយ​បានរួម​បញ្ចូល​គ្នាដើម្បី​ប្រឈម​នឹង​វិបត្តិ​នេះ ។​


​នៅក្នុងនាម​ជា​មិត្តភក្ដិ​ដែលមាន​ការយល់​ចិត្ត​យល់​ថ្លើម​គ្នា​ អាស៊ាន​និង​កូរ៉េ​មាន​អារម្មណ៍​ថា​ពួកយើង​មាន​ភាពស្និទ្ធស្នាល​ជាមួយគ្នា​ទៅវិញទៅមក ហើយ​ជួយ​គ្នា​ទៅវិញទៅមក​។ ជនជាតិ​កូរ៉េ​ជាច្រើន​ចូលចិត្ត​ម្ហូប​អាស៊ីអាគ្នេយ៍ ​ហើយ​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​ក៏​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ការសម្រាកលំហែ​តាមបែប​គ្រួសារ​។​នៅ​ខែកញ្ញា​ឆ្នាំ ២០១៧ និវេសនដ្ឋាន​វប្បធម៌​អាស៊ាន​លើកដំបូង​សម្រាប់​ដៃគូ​សន្ទនា​មួយ​របស់​អាស៊ាន​ទាំង ១០ បាន​បើកទ្វារ​នៅក្នុង​ទីក្រុង​ប៊ូសាន​ ដែលជា​ស្រុកកំណើត​របស់ខ្ញុំ​។​ប្រជាពលរដ្ឋ​កូរ៉េ​ជា​ញឹកញាប់​ធ្វើដំណើរ​ទៅ​ទីនោះ ហើយ​ទស្សនា​តាម​ផ្ទះ​នីមួយៗ​នៅ​ទីនោះ​ដើម្បី​ឈ្វេងយល់ឱ្យបាន​ច្បាស់​អំពី​អាស៊ាន​។ ក្រៅពីនោះ ដំណឹង​ដ៏​គូរ​ឲ្យ​ស្វាគមន៍​​យ៉ាងពិត​ប្រាកដ​មួយ ដែល K-pop របស់​កូរ៉េ​ត្រូវ​បានទទួល​ការគាំទ្រ​យ៉ាង​ច្រើន​ពី​មនុស្សនៅក្នុង​តំបន់​អាស៊ាន​ ហើយ​តម្រូវការ​សម្រាប់​ទំនិញ​អេ​ឡិច​ត្រូ​និ​ក​និង​គ្រឿងសម្អាង​របស់​កូរ៉េ​ក៏មាន​ខ្ពស់​ដែរ​នៅ​ទីនោះ​។​


​យើង​សង្ឃឹមថា យើង​អាច​នាំមក​នូវ​អនាគត​ដ៏​រុងរឿង​និង​សន្តិភាព​។ មេដឹកនាំ​អាស៊ាន​និង​ខ្ញុំ​បាន​ចែករំលែក​នូវ​ចក្ខុវិស័យ​នាពេល​អនាគត​ដែល​បាន​គ្របដណ្ដប់​ដោយ​ពាក្យ​គន្លឹះ​ដូចជា​មនុស្ស វឌ្ឍនភាព​និង​សន្តិភាព​។ ខ្ញុំ​បានប្រកាស​គោលនយោបាយ​ថ្មី​ខាងត្បូង ” New Southern Policy “​ដែល​រួមបញ្ចូល​នូវ​វិធានការ​ផ្សេងៗ​សម្រាប់​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​នៅក្នុង​គោលបំណង​ដើម្បី​នាំយក​ទស្សនាទាន​របស់​យើង​ ហើយ​យើង​ក៏បាន​បង្កើត​នូវ​គណៈកម្មាធិការ​ប្រធានាធិបតី​ស្តីពី​គោលនយោបាយ​ខាងត្បូង​ថ្មី​ដែល​បង្កើតឡើង​ដោយ​ក្រសួង​និង​ទីភ្នាក់ងារ​ជាច្រើន​របស់​រដ្ឋាភិបាល​។​


​នាពេល​ថ្មីៗ​នេះ​លទ្ធផល​ជាក់ស្តែង​នៃ​កិច្ចសហប្រតិបត្តិការ​កំ​ពុង​លេចចេញ​ជា​រូបរាង​ឡើង​។​កាលពី​ឆ្នាំមុន​ចំនួន​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​រវាង​ប្រទេស​អាស៊ាន​និង​កូរ៉េ​បាន​កើន​លើស ១០ លាន​នាក់​ជា​លើកដំបូង​ ហើយ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​ដល់ ១៦០ ពាន់​លាន​ដុល្លារ​។ កិច្ចសហប្រតិបត្តិការ​របស់​យើង​នឹង​ពង្រីក​បន្ថែមទៀត​ទៅក្នុង​វិស័យ​ផ្សេងទៀត​ដែល​កំពុង​ឆ្ពោះទៅមុខ​រួមទាំង​លើ​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ជឿនលឿន​, បច្ចេកវិទ្យា​ព័ត៌មាន គមនាគមន៍​, ថាមពល​, និង​ឧស្សាហកម្ម​ការពារជាតិ​។ កិច្ចសហប្រតិបត្តិការ​របស់​យើង​ក៏​នឹង​រួមចំណែក​ស្ថាបនា​ផងដែរ​ដើម្បី​ពង្រឹង​ការតភ្ជាប់​នៅក្នុង​តំបន់​ដែលជា​គោលដៅ​ដែល​បាន​បន្ត​ដោយ​អាស៊ាន​។​
​នេះ​គឺជា​ឆ្នាំ​ដ៏​មាន​អត្ថន័យ​មួយ​ដែល​វា​ជា​ខួប​លើក​ទី ៣០ នៃ​ការបង្កើត​ទំនាក់ទំនង​និង​ភាពជា​ដៃគូ​រវាង​អាស៊ាន​និង​កូរ៉េ​។ ដើម្បី​អបអរសាទរ​ខួប​ជា​ប្រវត្តិសាស្ត្រ​នេះ កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន – សាធារណរដ្ឋ​កូរ៉េ​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ប្រទេស​កូរ៉េ​នៅ​ចុង​ឆ្នាំនេះ​។​ខ្ញុំ​សង្ឃឹមថា​វា​ជា​ឱកាស​មួយ​ដើម្បី​នាំយក​នូវ​ចក្ខុវិស័យ​នាពេល​អនាគត​ក្នុងការ​បង្កើត​សហគមន៍​សន្តិភាព​និង​វិបុលភាព​ផ្តោតលើ​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​និងឆាប់​ទៅដល់​គោលដៅ ។ ខ្ញុំ​ជឿជាក់ថា​នៅពេល​អាស៊ាន​និង​សាធារណរដ្ឋ​កូរ៉េ​រួម​កម្លាំង​គ្នា​យើង​នឹង​អាច​ទទួល​ភាព​រីករាយ​, សុភមង្គល​, ភាព​ចម្រុងចម្រើន​, និង​សន្តិភាព​ដែល​យើង​មិន​ធ្លាប់មាន​ពីមុនមក​។​


​ជា​ចុងក្រោយ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រជាជន​អាស៊ាន​ទាំងអស់​ដែល​បាន​ជួយ​នាំមក​នូវ​បរិយាកាស​សន្តិភាព​និង​សុខដុមរមនា​មក​ឧបទ្វីប​កូរ៉េ​។ ប្រជាជន​កូរ៉េ​ដែល​បាន​ប្រាថ្នា​ចង់បាន​សន្តិភាព​យូរ​មកហើយ​នឹងមិន​ភ្លេច​នូវ​មិត្តភាព​ជាមួយ​អាស៊ាន​ដែល​បានបង្ហាញ​ដល់​យើង​ទេ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​ដែល​នាំឱ្យមាន​សន្តិភាព​និង​វិបុលភាពគ្រប់​ប្រទេស​នៅ​អាស៊ី​។​


​គួររំលឹកថា​តាម​ការគ្រោងទុក លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី ១៦ ខែមីនា ។ ដំណើរ​ទស្សនកិច្ច​នេះ តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។


​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាសថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោកប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​ចូលគាល់​ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង ហើយ​នឺង​ជួប​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ លោក​ប្រធានាធិបតី និង​សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្រី្ត ហ៊ុន សែន នឹង​ពិភាក្សា​អំពី​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត ហើយក៏​ផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​កង្វល់ និង​ផលប្រយោជន៍​រួម​។​បន្ទាប់ពី​បញ្ចប់​ជំនួប ថ្នាក់ដឹកនាំ​ទាំងពីរ​នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន និង​ធ្វើ​សេច​កី្ត​ប្រកាស​ព័ត៌មាន​រួមគ្នា​។​

​ ​លោក​ប្រធានាធិបតី និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​រំពឹងថា​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ ការផ្លាស់ប្តូរ​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង រវាង​ប្រទេស​ទាំងពីរ​។​

​ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា​របស់លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​គឺជា​ព្រឹ​តិ្ត​ការណ៍ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយនឹង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ​៕សរន/Ha